ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 22

Read Scripture freely. Divine Threads study for this chapter is coming later.

1«បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះសា​របស់​ខ្ញុំ​សិន!»។
2កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖
3«ខ្ញុំ​ជា​ជន​ជាតិ​យូដាម្នាក់កើត​នៅ​ក្រុង​តើសុសក្នុង​ស្រុក​គីលីគា ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូសាឡឹម​នេះ​តាំង​ពី​កុមារ ខ្ញុំ​បាន​ទទួល​ការ​អប់រំតាម​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​លោក​កាម៉ាលាល។ ខ្ញុំ​បាន​ខ្នះខ្នែង​បម្រើ​ព្រះជាម្ចាស់ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។
4ខ្ញុំ​ធ្លាប់​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំឃាំង​ទៀត​ផង
5ដូច​មាន​​មហា​បូជាចារ្យ និង​ក្រុម​ព្រឹទ្ធាចារ្យជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត ខ្ញុំ​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡឹម។
6ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​ខ្ញុំ។
7ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ «សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»។
8ខ្ញុំ​បាន​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា៖ «ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសារ៉ែត ដែល​អ្នក​កំពុង​តែ​បៀតបៀន»។
9រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។
10ខ្ញុំ​ក៏​សួរ​ថា៖ «ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បង្គាប់​អោយ​អ្នក​ធ្វើ»។
11ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង​រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។
12នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ ហើយ​ជន​ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។
13គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា៖ «បង​សូល​អើយ! សូម​ឲ្យបង​មើល​ឃើញ​វិញ​ចុះ!»។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។
14គាត់​មាន​ប្រសាសន៍​ថា «ព្រះ​នៃ​បុព្វបុរស​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​ឲ្យ​បង​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង។
15​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គនៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុការណ៍​ដែល​បង​បាន​ឃើញ និងសេចក្ដី​ដែល​បង​បាន​ឮ។
16ឥឡូវនេះ តើ​បង​នៅ​បង្អែបង្អង់​ដល់​កាល​ណា​ទៀត? សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយហៅរក​ព្រះនាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប​ឲ្យ»។
17ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូសាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះវិហារ ខ្ញុំ​លង់​ស្មារតីឃើញ​និមិត្តមួយ។
18ខ្ញុំឃើញព្រះអង្គម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ភ្លាម​ទៅ ដ្បិត​ អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ»។
19ខ្ញុំ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំនានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​យក​ទៅ​ឃុំឃាំង និង​វាយដំ​ទៀត​ផង។
20នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន ​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀកបំពាក់​របស់​ពួក​អ្នក ​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ»។
21ពេល​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទៅ​ចុះ ដ្បិត​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។
22បណ្ដាជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យនៅ​រស់​ឡើយ!»។
23នៅពេលគេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផងនោះ
24លោក​មេ​បញ្ជា​ការ​បង្គាប់​ឲ្យគេ​នាំ​លោក​ប៉ូល​ ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យគេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដាជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។
25នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។
26នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាបលោក​មេ​បញ្ជា​ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន​ជាតិ​រ៉ូមទេ​តើ»។
27លោក​មេ​បញ្ជា​ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូមមែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន»។
28លោក​មេ​បញ្ជា​ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យបាន​សញ្ជាតិ​រ៉ូម»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម តាំង​ពី​កំណើត​មក​ម៉្លេះ»។
29ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិតភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។
30នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួបជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។