ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 23

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​ប៉ូល សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ ខ្ញុំបានរស់នៅនៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់រហូត​មក​ទល់​ថ្ងៃ​នេះ មនសិកា​ត្រឹម​ត្រូវ​ទាំង​អស់»។
2លោក​មហា​បូជាចារ្យអណាណាសបង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។
3លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជាចារ្យ​ថា៖ «ព្រះជាម្ចាស់​នឹង​វាយកំពែង​ទ្រុឌទ្រោម​លាប​ពណ៌​ស​​ជា​មិន​ខាន។ តើលោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យគេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យវិន័យ​ទៅ​វិញមែនទេ?»។
4ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជាចារ្យ​របស់​ព្រះជាម្ចាស់​ផង​ឬ?»។
5លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហា​បូជាចារ្យ​ទេ។ ដ្បិត ​មាន​សេចក្តីចែង​ទុក​មកថា៖ «អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជាជាតិ​របស់​អ្នក​ឡើយ»។
6លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈសាឌូស៊ី និង​មួយ​ផ្នែក​ទៀត​ខាង​គណៈផារីស៊ី លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈផារីស៊ី ហើយ​​ខ្ញុំ​ក៏​ជាកូនរបស់​អ្នក​ខាង​គណៈផារីស៊ី​ដែរ ដោយព្រោះ​ខ្ញុំសង្ឃឹមចង់បាន​ការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលខ្ញុំកំពុងទទួលបានវិនិច្ឆ័យទោសនេះ»។
7លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈផារីស៊ី និង​ពួក​ខាង​គណៈសាឌូស៊ី ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បែកខ្ញែក​អង្គ​ប្រជុំ។
8ពួក​ខាង​គណៈសាឌូស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា​មាន​ទេវតា ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈផារីស៊ី​វិញ​គេ​ជឿ​ថា​មាន​ទាំង​អស់។
9ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡូឡា ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតាណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ ​មើល​ទៅ?»។
10ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ​បញ្ជា​ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែកហួរ​សម្លាប់​លោក។
11នៅ​យប់​បន្ទាប់ ព្រះអម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះបន្ទូល​ថា៖ «កុំខ្លាចអ្វីឡើយ! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំនៅ​ក្រុង​យេរូសាឡឹម​នេះ​ដែរ»។
12នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា ហើយ​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។
13អស់​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែសិប​នាក់។
14គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថស្បែ​ថា ​នឹង​មិន​ប៉ះពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​។
15ដូច្នេះ ឥឡូវនេះសូម​ចុះ​សម្រុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ហើយ​សុំ​ឲ្យលោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក ​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។
16ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កលល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។
17លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ​ទៅ ដ្បិត ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។
18ដូច្នេះ នាយ​ទាហាន​ក៏នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ រួចជម្រាបថា៖ «អ្នក​ទោស​ឈ្មោះ ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាបប្រាប់លោក»។
19លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។
20យុវជន​នោះ​ជម្រាប​ថា៖ «ជន​ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោកឲ្យបញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។
21សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែសិប​នាក់​ ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។
22លោក​មេ​បញ្ជា​ការ​បាន​ប្រាប់​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែផ្ដាំ​មិនឲ្យ​និយាយ​ប្រាប់​នរណា​ថា ​ខ្លួន​បាន​ជម្រាបគាត់​អំពី​រឿង​នេះ​ឡើយ។
23បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោកពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិតសិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា។ អ្នកនឹងចេញដំណើរ នៅ​វេលា​ម៉ោង​បីយប់»។
24សុំ​រៀបចំ​សេះជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសាភិបាល​ភេលិចដោយ​សុខសាន្ត»។
25លោក​មេ​បញ្ជា​ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖
26«ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯកឧត្ដម​ភេលិច ជា​ទេសាភិបាល សូម​ទាន​ជ្រាប។
27ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន​ជាតិ​រ៉ូម ​ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរាគមន៍​រំដោះ​គាត់​មក។
28​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ដូច្នេះខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់របស់​ពួក​គេ។
29ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំឃាំង​ឡើយ។
30បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​សម្លាប់​គាត់ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯកឧត្ដម​តែ​ម្ដង»។
31ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់តាម​បញ្ជា​ដែល​គេ​បាន​ទទួល។
32នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។
33លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសាភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។
34ពេលលោក​ទេសាភិបាល​អាន​សំបុត្រ​រួច​ហើយ គាត់ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលីគា
35​ហើយលោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ ក្នុង​វិមាន​របស់​ព្រះបាទ​ហេរ៉ូដ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។