ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 21

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយ​ពី​បាន​លា​ពួក​គេហើយ យើង​បានចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​ទីក្រុងកោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។
2នៅពេលយើងឃើញមាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​បន្តដំណើរទៀត។
3ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី និង​បាន​ចូល​ចត​កំពង់ផែ​ក្រុង​ទីរ៉ុសដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។
4យើង​បាន​ជួប​ពួក​សិស្សនៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេអស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ដោយ​ព្រះវិញ្ញាណ​សម្តែងឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។
5លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយបង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេជូន​ដំណើរ​យើងរហូត​ដល់​​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។
6បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ។​ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។
7ពេលយើង​បាន​ចាកចេញពី​ក្រុង​ទីរ៉ុស​មក យើងក៏មកដល់​ក្រុង​ផ្ទោឡេម៉ៃស៍។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។
8នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹងល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំពីរ​រូប​ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។
9លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។
10យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ រួចពេល​នោះមាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកាប៊ូសបានធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។
11គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា នៅ​ក្រុង​យេរូសាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។
12កាល​បាន​ឮ​ពាក្យ​នេះហើយ ទាំង​យើង ទាំង​បង​ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។
13ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូសាឡឹម ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ​ទៀត​ផង»។
14ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យបាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ចុះ»។
15ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូសាឡឹម។
16ពួក​សិស្ស​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង។ ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក។
17ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម ពួក​បង​ប្អូន​បាន​ទទួល​យើងដោយរីករាយ។
18នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បានធ្វើដំណើរជា​មួយ​យើង​ទៅ​ផ្ទះ​លោក​យ៉ាកុប ​ហើយពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់ក៏​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។
19លោក​បាន​ជម្រាប​សួរ​ពួក​បង​ប្អូន​​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​កិច្ចការ ​ដែល​ព្រះអម្ចាស់​បាន​ធ្វើក្នុង​ចំណោម​សាសន៍​ដទៃតាម​រយៈ​ព័ន្ធកិច្ច​របស់​លោក។
20ពេល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ! បង​ឃើញ​ទេ មាន​ជន​ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ។ ​បង​ប្អូន​ទាំង​នោះរក្សា​ក្រឹត្យវិន័យ​ខ្លាំង​ណាស់។
21ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់ ​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេទេ គឺ​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀមទម្លាប់​ចាស់ឡើយ។
22តើយើង​ត្រូវ​ធ្វើ​ដូច​ម្ដេចវិញ? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។
23សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់។
24សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​វិសុទ្ធ​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យគេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ ​បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ដែរ។
25រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក់ កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀបការ​»។
26នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយឲ្យ​បានវិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។
27លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះវិហារ ក៏​បះបោរ​បណ្ដាជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។
28ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀនប្រដៅ​មនុស្សម្នា ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ គឺ​បង្អាប់បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ​នេះ»។
29គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូរ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​ដែរ។
30ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជាជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិសទី ហើយពួកគេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះវិហារ រួច​បិទ​ទ្វារ​ភ្លាម។
31នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូសាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម។
32ភ្លាមនោះ គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដាជន​។ កាល​ប្រជាជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។
33បន្ទាប់មក មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា ហើយបាន​ធ្វើ​អ្វីខ្លះ។
34ក្នុង​ចំណោម​បណ្ដាជន​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺងកង​ពេក លោក​មេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។
35ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដាជន​ចង់វាយលោក។
36បណ្តាជនមក​តាម​ទាំង​កម្រោល និង​ស្រែក​ថា៖ «សម្លាប់​គាត់ចោល​ទៅ!»។
37នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ​បញ្ជា​ការ​ពោល​មក​លោក​ថា៖ «តើអ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរមែនទេ?
38ដូច្នេះ អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ ដែល​បាននាំការ​បះបោរ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់ ចូល​ព្រៃ​នោះ​ទេ​ឬ?»។
39លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​គីលីគា​! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។
40លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាតឲ្យ រូចលោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន។ នៅពេលនោះបណ្តាជនក៏ស្ងប់ស្ងាត់ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។