ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីចលាចលនោះបានបញ្ចប់ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជំរាប​លាពួក​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។
2លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក។​
3លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប​ឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេដូន។
4អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ាត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរីស្ដាក និង​លោក​សេគុនដុស ជា​អ្នក​ស្រុក​ថេស្សាឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃីកុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។
5បង​ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន​ហើយ​រង់ចាំ​យើង​នៅ​ក្រុង​ត្រូអាស។
6ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅតាម​សំពៅ ហើយប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ជួបជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។
7នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ​យើង​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ។ ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។
8ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។
9ពេល​លោក​ប៉ូល កំពុង​តែ​មាន​ប្រសាសន៍ យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់លក់ ក៏​ដាច់ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​មកក្រោម។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់បាន​​ទៅ​ហើយ។
10លោក​ប៉ូល​ក៏ចុះ​ទៅ​ខាងក្រោម ឱន​ពី​លើ​អ៊ើទីកុស ត្រកង​គាត់​លើក​ឡើង​ទាំង​ពោល​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។
11ពេលលោក​ឡើង​ទៅ​ខាងលើ​វិញ ​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។
12ពួកគេ​បាន​នាំយក​យុវជន​ដែល​នៅរស់មាន​ជីវិត​នោះ​ត្រឡប់ទៅ​វិញ ហើយ​ពួក​គេ​ធូរបាន​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។
13រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន​ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។
14កាល​លោក​បាន​មក​ជួបជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូឡែន។
15យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី​យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។
16លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូសាឡឹម ដើម្បីឲ្យទាន់​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។
17លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូ​។
18លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយតាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ីអំពីពេលវេលាដែលខ្ញុំមានជាមួយអ្នក។
19ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាកដោយសារជន​ជាតិ​យូដាបាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ។
20ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ​ឡើយ
21ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ផង។
22ឥឡូវ​នេះ ព្រះវិញ្ញាណ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​ហេតុការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ
23គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។
24ប៉ុន្តែខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និងសម្រេច​កិច្ចការ​ដែល​ព្រះអម្ចាស់យេស៊ូ​បាន​ប្រទាន​ឲ្យខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់។
25ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ថាខ្ញុំស្ថិតនៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា ​ទាំង​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ប៉ុន្តែ បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។
26ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ។
27ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូនអំពីគម្រោងការ​ទាំង​មូល​ របស់​ព្រះជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ។
28ដូច្នេះ សូម​បង​ប្អូន​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​ឲ្យ​បង​ប្អូន ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។
29ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ
30ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោតដើម្បី​ទាក់ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។
31ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់​តឿន​បង​ប្អូន​គ្រប់ៗ​រូប ​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។
32ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​ព្រះជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុមជំនុំ ព្រម​ទាំង​ឲ្យបង​ប្អូន​ទទួល​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ។
33ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀកបំពាក់​អ្វី​ពី​នរណា​ឡើយ។
34បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។
35ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​អោយ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់យេស៊ូ​ថា៖ «បើ​ឲ្យ នោះ​នឹង​បាន​ពរ​ច្រើន​ជាង​ទទួល»។
36បន្ទាប់ពី លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។
37ពួក​ព្រឹទ្ធាចារ្យ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង។
38ជា​ពិសេស ពួកគេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា ពួកគេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក ពួកគេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។