1ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ហើយធ្វើដំណើរមកដល់ក្រុងអេភេសូ លោកបានជួបសិស្សខ្លះ
2ហើយសួរថា៖ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង»។
3លោកប៉ូលសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។
4លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។
5ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
6លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចំឡែកអស្ចារ្យ និងថ្លែងព្រះបន្ទូលផង។
7អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
8លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្តអង់អាចអស់ពេលបីខែ ទាំងសន្ទនាជាមួយពួកគេ និងខិតខំណែនាំពួកគេឲ្យជឿលើព្រះរាជ្យរបស់ព្រះជាម្ចាស់។
9ប៉ុន្តែ ដោយសាសន៍យូដាខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផង។ ដូច្នេះលោកប៉ូលក៏ចាកចេញពីពួកគេ រូចនាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស។
10លោកបានបង្រៀនគេអស់ពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
11ព្រះជាម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល
12ហើយសូម្បីតែគេយកក្រណាត់ ឬកន្សែងដែលបានប៉ះលោកប៉ូលមកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។
13មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ ពួកគេចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្សដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ»។
14កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ាដែលជានាយកបូជាចារ្យរបស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
15វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់លោកប៉ូលដែរ ចុះឯងរាល់គ្នាវិញជានរណា?»។
16អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
17មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយខ្លាចគ្រប់ៗគ្នា ដូច្នេះគេនាំគ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់យេស៊ូ។
18មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈនូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ត។
19អស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង។
20ដូច្នេះព្រះបន្ទូលរីកចំរើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
21ក្រោយលោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកហើយ ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសំរេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
22លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុសឲ្យទៅស្រុកម៉ាសេដូនមុន។ ប៉ុន្តែលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
23នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
24មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។
25គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខជំនួញដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរកកំរៃបានច្រើនក៏ដោយសារតែមុខជំនួញនេះ។
26បងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង។ លោកពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
27វាមិនត្រឹមតែជាគ្រោះថ្នាក់នោះទេ តែវានឹងធ្វើឲ្យមុខជំនួញរបស់យើងគ្មានគេត្រូវការ ថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអាន គ្មានតម្លៃទៀតទេ។ បន្ទាប់មក កិត្តិនាមរបស់ព្រះនាងដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាអន់ថយទៀត»។
28កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
29ទីក្រុងទាំងមូលកើតវឹកវរ ហើយគេនាំគ្នាស្រូតដើរតម្រង់ទៅលានមហោស្រព។ ពួកគេអូសទាញអ្នកមកជាមួួយលោកប៉ូល គឺលោកកៃយុស និងលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនឲ្យទៅជាមួយដែរ។
30លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែពួកសិស្សបានឃាត់លោកមិនឲ្យទៅ។
31សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។
32អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនដឹងថា គេមកប្រជុំគ្នារឿងអ្វីផង។
33ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយនៅមុខប្រជាជន។
34ប៉ុន្តែកាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងដោយសម្លេងតែមួយព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
35នៅពេលលោកលេខាធិការក្រុងបានឃាត់បណ្ដាជន ឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូជាក្រុងរបស់ព្រះនាងឌីអានជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាក់ធ្លាក់ចុះពីស្ថានសួគ៌មកនោះ?
36ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។
37បងប្អូនបាននាំអ្នកទាំងនេះមកទីនេះ ដែលពួកគេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។
38ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ។
39ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។
40បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ។ គ្មានមូលហេតុណាសម្រាប់ការប្រជុំនេះទេ ហើយយើងក៏មិនអាចពន្យល់បាន»។
41គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបញ្ចប់។