1សូមជម្រាបមកលោកថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយដែលខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះយេស៊ូបានធ្វើ ហើយបានបង្រៀនកន្លងមក
2រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានបរមសុខ បន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំដល់ក្រុមសាវ័ក ដែលព្រះអង្គបានជ្រើសរើសតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។
3ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មរស់ពិតមែន។ ព្រះអង្គឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។
4ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺពួកគេត្រូវរង់ចាំតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ហើយព្រះអង្គក៏មានបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយ
5ថាលោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹក ប៉ុន្តែនៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
6ពួកគេទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់ តើព្រះអង្គនឹងស្តាររាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។
7ព្រះអង្គមានព្រះបន្ទូលតបថា៖ «ត្រង់ឯពេលវេលា ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
8ប៉ុន្តែអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
9ពេលព្រះអម្ចាស់ព្រះយេស៊ូមានព្រះបន្ទូលរួចហើយ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ ក្នុងពេលពួកសាវ័កកំពុងតែសម្លឹងមើលព្រះអង្គ។
10កាលពួកគេកំពុងតែសម្លឹងមើលទៅស្ថានបរមសុខ ពេលដែលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សចូលមកជិតគេ
11ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅស្ថានបរមសុខដូច្នេះ? ព្រះយេស៊ូនោះហើយដែលព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញតាមរបៀប ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដូច្នេះដែរ»។
12បន្ទាប់មកពួកសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ជាដំណើរថ្ងៃសប្ប័ទ។
13លុះបានមកដល់ផ្ទះ ពួកគេឡើងទៅបន្ទប់ខាងលើជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ ក្នុងចំណោមពួកគេ មានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។
14ពួកគេរួមចិត្តគំនិតគ្នាព្យាយាមអធិស្ឋាន ក្នុងនោះក៏មានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គផងដែរ។
15លោកពេត្រុសក្រោកឈរឡើង នៅកណ្ដាលចំណោមបងប្អូនប្រមាណមួយរយម្ភៃនាក់ហើយនិយាយថា៖
16«បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលអត្ថបទគម្ពីរនឹងពេញលេញ ដូចព្រះវិញ្ញាណបានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌអំពីយូដាសជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។
17យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។
18(ឥឡូវបុរសម្នាក់នេះបានទិញដីចំការមួយកន្លែងដោយប្រើប្រាក់ដែលគាត់បានមកពីអំពើទុច្ចរិតរបស់គាត់ ក្រោយមក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។
19អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ដូច្នេះបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា «ចម្ការរឈាម»)។
20ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖ «ចូរឲ្យចម្ការរបស់អ្នកនោះក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ។ និង«ត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់»។
21ហេតុនេះ ជាការសំខាន់ណាស់ ព្រះអង្គនោះហើយដែលបានគង់នៅជាមួួយយើងគ្រប់ពេល គឺជាព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង
22ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ នេះជាបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអង្គ»។
23គេបាននាំសិស្សពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាស យូស្ទូស និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
24ពួកគេក៏នាំគ្នាអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា
25ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
26សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវកដប់មួយរូបទៀត។