1ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ហើយធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។
2នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាភរិយា អ្នកទាំងពីរទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាស បានចេញបញ្ជាអោយជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលបានទៅជួបអ្នកទាំងពីរ
3ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សសម្រាប់បោះជំរំ។
4ដូច្នេះ រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ។ លោកណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។
5កាលលោកស៊ីឡាស និងលោកធីម៉ូថេធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ។
6ពេលសាសន៍យូដាបានប្រឆាំង និងជេរប្រមាថលោក លោកក៏រលាស់ធូលីដីពីអាវរបស់លោកទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ។ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។
7ដូច្នេះ លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូសជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់។ ផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ។
8លោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូលហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផងដែរ។
9យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ។
10ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។
11លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
12នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី
13ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។
14ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។
15តែបើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ។ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។
16លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។
17ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែនជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
18បន្ទាប់ពីលោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន រូចចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់មុនពេលលោកចាកចេញ នៅកំពង់ផែកេងគ្រា។
19លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
20ពួកគេបានអង្វរសុំឲ្យលោកប៉ូលស្នាក់នៅទីនោះមួយរយៈទៀត តែលោកមិនព្រមទេ។
21លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូ។
22កាលធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំយេរូសាឡឹម ហើយលោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
23ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិចមក លោកក៏ចេញដំណើរបន្តទៀត ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ហើយបានលើកទឹកចិត្តពួកសិស្សនៅទីនោះផង។
24ឥឡូវមានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស មានកំណើតជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូ។ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។
25គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់។ គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់ អំពីព្រះយេស៊ូដោយចិត្តឧស្សាហ៍មោះមុត ប៉ុន្តែគាត់ដឹងត្រឹមតែពិធីជ្រមុជទឹករបស់លោកយ៉ូហានប៉ុណ្ណោះ។
26គាត់បានបង្រៀនគេក្នុងសាលាប្រជុំដោយចិត្តអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។
27ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់អោយទៅ ថែមទាំងសរសេរសំបុត្រទៅជំរាបពួកសិស្សនៅស្រុកនោះអោយទទួលស្វាគមន៍គាត់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។
28ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដមែន។