1លោកប៉ូល និងលោកស៊ីឡាសធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក ដែលជាក្រុងមួយមានសាលាប្រជុំរបស់សាសន៍យូដា។
2លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទក្នុងអំឡុងបីសប្ដាហ៍។
3លោកបានបើកអត្ថបទគម្ពីរ ហើយបរិយាយពន្យល់ប្រាប់គេថា ជាការសំខាន់ណាស់ដែលព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះយេស៊ូនេះហើយ ដែលខ្ញុំបានជម្រាបប្រាប់បងប្អូនថាជាព្រះគ្រិស្ត»។
4ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស មានទាំងជនជាតិក្រិក ដែលគោរពកោតខ្លាចព្រះជាម្ចាស់ជាច្រើនអ្នក និងមានស្ត្រីៗជាច្រើនក្នងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
5រីឯជនជាតិយូដាដែលមិនទាន់ជឿ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវមកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស។
6តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កការជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
7យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់ ហើយអ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជសេសារ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។
8ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។
9គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។
10នៅយប់នោះ ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាសឲ្យចេញដំណើរទៅក្រុងបេរាភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។
11សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក ដ្បិតគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
12ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
13ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
14ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
15ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន។ នៅពេលពួកគេត្រឡប់ទៅវិញ គេនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបបលោកស៊ីឡាស និងលោកធីម៉ូថេឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
16ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំង ដោយឃើញមានរូបសំណាក់ពាសពេញក្នុងក្រុងនេះ។
17ដូច្នេះលោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីសាធារណៈក្នុងក្រុងនោះ។
18មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានជួបលោកដែរ។ អ្នកខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយអំពីរឿងអ្វី?» ខ្លះទៀតពោលថា៖ «គាត់មើលទៅដូចជាអ្នកដែលប្រកាសប្រាប់មនុស្សពីព្រះចម្លែក»។ គេពោលដូច្នេះ មកពីឮលោកប៉ូលប្រកាសអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។
19គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់យើងឲ្យដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានទេ?
20ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ ដូច្នេះយើងពិតជាចង់ដឹងអត្ថន័យណាស់។
21អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗ។
22ដូច្នេះលោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញអ្នកថា អស់លោកជាអ្នកកាន់សាសនាខ្ជាប់ខ្ជួនណាស់។
23ពេលខ្ញុំដើរក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មាន ដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា៖ «សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់»។ ខ្ញុំចង់ប្រកាសប្រាប់ថា អស់លោកថ្វាយបង្គំព្រះដែលអស់លោកពុំស្គាល់។
24ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ។
25ព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វសារពើដល់មនុស្ស។
26ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល ទាំងកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ
27ហេតុដូច្នេះបានជាគេគួរស្វែងរកព្រះជាម្ចាស់ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ។
28ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្សក្នុងព្រះអង្គ ដូចអ្នកកវីម្នាក់របស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។
29ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាក់ ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាតាមការនឹកឃើញរបស់មនុស្សនោះឡើយ។
30ដូច្នេះ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ដែលប្រព្រឹត្តអំពើមិនគប្បីនោះឡើយ តែឥឡូវនេះ ព្រះអង្គបង្គាប់ឲ្យមនុស្សទាំងអស់រស់នៅគ្រប់ទីកន្លែង បានកែប្រែចិត្ត។
31ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
32កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកអោយលោកប៉ូល អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
33បន្ទាប់មក លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។
34ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ រូមទាំងលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។