1លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក។
2គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។
3លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយលោក ដូច្នេះលោកក៏យកគាត់មកធ្វើពិធីកាត់ស្បែកឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
4ពេលពួកលោកធ្វើដំណើរតាមក្រុងនានា លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីការណែនាំរបស់ក្រុមសាវក និងក្រុមព្រឹទ្ធាចារ្យដែលបានសរសេរនៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។
5ដូច្នេះហើយបានជាក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
6ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រាមលោកប៉ូល និងគ្នារបស់លោក មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។
7ពេលទៅដល់ជិតស្រុកមីស៊ា ពួកគេមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។
8ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ា ទៅដល់ក្រុងត្រូអាស។
9នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ឈរនៅទីនោះហៅលោក ហើយពោលថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។
10ពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
11នៅក្រុងត្រូអាស យើងបានចុះសំពៅធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាស។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល។
12បន្ទាប់មក យើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីពជាក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលស្ថិតនៅក្នុងចក្រភពរ៉ូម៉ាំង រូចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ យើងគិតថាកន្លែងនោះ យើងអាចអធិស្ឋាននៅទីនោះបាន។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រី ដែលមកជួបជុំគ្នានៅទីនោះ។
14មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។
15បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹក ជាមួយក្រុមគ្រួសារនៅផ្ទះរបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់នាងខ្ញុំទៅ»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
16មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីបម្រើម្នាក់មកជួបយើង។ នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន ពីការទាយ។
17នាងដើរតាមក្រោយលោកប៉ូល និងតាមយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះ មកប្រាប់អ្នករាល់គ្នា»។
18នាងតែងតែធ្វើដូច្នេះជាយូរថ្ងៃហើយ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំងនឹងនាង ក៏ងាកទៅក្រោយបញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។
19កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថា លែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅទីសាធារណៈ។
20ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចល នៅក្នុងក្រុងយើង។
21គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ដែលមិនស្របច្បាប់សម្រាប់ជនជាតិរ៉ូម៉ាំង ក្នុងការទទួល ឬអនុវត្តតាមបានឡើយ»។
22បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។
23ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់រួចហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមកាមយ៉ាងម៉ឺងម៉ាត់ផង។
24បន្ទាប់ពីឆ្មាំគុកបានឮបញ្ជានេះ គេក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង។
25ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាសនាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់ រូចអ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរដែរ។
26រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះនៅទីឃុំឃាំង រំពេចនោះ ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
27ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង ហើយបានឃើញទ្វារគុករបើក គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។
28ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនឯងអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ!»។
29ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយគាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាសទាំងញាប់ញ័រ
30គាត់នាំលោកទាំងពីរចេញមកក្រៅ ពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។
31លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។
32លោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ រួមជាមួយអ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។
33ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។
34គាត់បាននាំលោកប៉ូល និងលោកស៊ីឡាសឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន រួចគាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរយ៉ាងខ្លាំង ដោយបានជឿលើព្រះជាម្ចាស់។
35លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។
36ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះសូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។
37ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត។ តើពួកគេចង់ដោះលែងយើងដោយស្ងាត់ៗឬ? ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។
38ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថា លោកប៉ូល និងលោកស៊ីឡាសមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។
39ពួកអាជ្ញាធរសុំទោសលោកទាំងពីរ រួចដោះលែងលោក និងអង្វរឲ្យលោកចាកចេញពីក្រុងនោះផង។
40លោកប៉ូល និងលោកស៊ីឡាសចេញពីទីឃុំឃាំងចូលទៅផ្ទះរបស់នាងលីឌា។ នៅពេលប៉ូល និងស៊ីឡាសបានជួបពួកបងប្អូន ពួកលោកក៏លើកទឹកចិត្តគេ រួចលោកទាំងពីរនាំគ្នាធ្វើដំណើរចេញទៅ។