ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដានាំ​គ្នា​ប្រៀនប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេ​ទេ នោះបង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។
2ដោយហេតុនេះ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់ និង​ជជែក​វែកញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល លោក​បារណាបាស និងបងប្អូនខ្លះទៀត​ឲ្យទៅ​ក្រុង​យេរូសាឡឹម ដើម្បី​​ទៅជម្រាបពួកសាវក និង​ក្រុម​ព្រឹទ្ធាចារ្យអំពី​រឿង​នេះ។
3ដូច្នេះ ក្រុមជំនុំ​បានបញ្ចូន​លោកទាំងពីរធ្វើដំណើរ​​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​ប្រកាសប្រាប់ពួកបងប្អូនថា​ សាសន៍​ដទៃ​បាន​បែរ​ចិត្ត​ មក​រក​ព្រះជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​ មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
4កាល​មក​ដល់​ក្រុង​យេរូសាឡឹម​ហើយ ក្រុមជំនុំ ក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក ហើយពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។
5ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ខាង​គណៈផារីស៊ី ​ដែល​ជឿ​ព្រះអម្ចាស់ក្រោក​ឈរ​ឡើង​ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យសាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យរបស់​លោក​ម៉ូសេ​ដែរ។
6ដូច្នេះក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យក៏​ប្រជុំ​គ្នាដើម្បី​ពិចារណា​សំណុំ​រឿង​នេះ។
7បន្ទាប់ពីមានការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង ​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ! បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹងល្អដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​។
8ព្រះជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​​មនុស្ស ព្រះអង្គជាបន្ទាល់សម្រាប់ពួកគេ ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។
9ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះអង្គបានសម្អាត​ចិត្ត​គេឲ្យ​បាន​បរិសុទ្ធដោយ​ជំនឿ។
10ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ល្បងលនឹងព្រះជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់មិន​អាច​ទ្រាំទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​នឹមមក​ដាក់​លើ​ពួក​សិស្ស​?
11ផ្ទុយទៅវិញ ​យើង​ជឿ​ថា ​ទាំង​សាសន៍​យើងទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ»។
12ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណាបាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដែល​ព្រះជាម្ចាស់​បាន​សម្តែងនៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។
13លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ «បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។
14លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះជាម្ចាស់​បានជួយសាសន៍ដទៃដោយសារព្រះគុណ ដើម្បីញែកពួកគេពីចំណោមមនុស្ស ឲ្យក្លាយ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។
15រីឯ​ព្រះបន្ទូល​ដែល​ពួក​ព្យាការីបាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖
16«បន្ទាប់ពីជាតិសាសន៍នានាបានឮដំណឹងល្អហើយ យើង​នឹង​វិល​ត្រឡប់មក​វិញ យើង​នឹង​សង់​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេចខ្ទី​ឡើង​វិញ
17ពេល​នោះ មនុស្សម្នា​ដែល​នៅ​សល់នឹង​ស្វែង​រក​ព្រះអម្ចាស់ រូមទាំង​ជាតិ​សាសន៍​នានា​ផង។
18នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដែលបានសម្តែងឲ្យ​មនុស្ស​លោក​ស្គាល់តាំង​ពី​ដើមមក។
19ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះជាម្ចាស់​វិញ​នោះ​ឡើយ។
20ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក់ កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នាដោយ​ឥតបាន​រៀបការ​ កុំឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម។
21ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យរបស់​លោក​ម៉ូសេដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទនៅ​ក្នុង​សាលា​ប្រជុំ»។
22ពេល​នោះ ក្រុម​សាវក ក្រុម​ព្រឹទ្ធាចារ្យ និង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើសយកយូដាស ហៅបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយចាត់​ឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស។
23ក្រុមជំនុំ​បាន​សរសេរសំបុត្រ​មួយ ​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖​ «យើង​ខ្ញុំជា​សាវក ជា​ព្រឹទ្ធាចារ្យ និង​ជា​បង​ប្អូន សូម​ជម្រាប​សួរ​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា!។
24យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​អ្នក​ខ្លះ​បានចេញពីយើង ដោយមិនបានប្រាប់យើងឲ្យដឹង និងបានរំខានដល់ការបង្រៀន ពួកគេបានធ្វើឲ្យអ្នកព្រួយចិត្ត។
25យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ដោយចាត់​ឲ្យមក​ជួប​បង​ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង
26ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន បម្រើ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។
27ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង​ប្អូន​ដោយផ្ទាល់។
28ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ​ណា​ផ្សេង​ទៀត​ ដែល​មិន​ចាំបាច់មក​បង្ខំ​បង​ប្អូន​ឲ្យប្រតិបត្តិ​តាមក្រៅពីនេះឡើយ យើង​គ្រាន់​តែ​សុំ​ឲ្យ​បង​ប្អូន​ចៀស​វាង ​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ
29គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។
30ពួក​អ្នក​តំណាង​ក៏​លា​គេចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។
31នៅពេលគេ​បាន​អាន​សំបុត្ររួចហើយ ពួកគេមាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នាចំពោះការ​លើក​ទឹក​ចិត្ត​នេះ។
32លោក​យូដាស និង​លោក​ស៊ីឡាស និង​ព្យាការីមាន​ប្រសាសន៍​ជា​ច្រើន បានលើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។
33បន្តិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ត​ឲ្យលោក​ទាំង​ពីរ ​វិល​ត្រឡប់​ទៅ​ឯ​ក្រុមជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត។
34ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។
35រីឯ​លោក​ប៉ូល និង​លោក​បារណាបាស រូមទាំងបងប្អូនឯទៀត ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់ទីយ៉ូក ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ដំណឹងល្អ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។
36ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណាបាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។
37លោក​បារណាបាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ
38ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក កាល​ពី​នៅ​ក្រុង​ប៉ាមភីលា គឺ​គាត់​មិន​បានបន្ត​ដំណើរជាមួយពួកលោកឡើយ។
39បន្ទាប់មកលោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណាបាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។
40រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអម្ចាស់។
41លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុមជំនុំ​នានា​ផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។