1នៅក្រុងអ៊ីកូនាម លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។
2ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿ បានញុុះញង់សាសន៍ដទៃ និងធ្វើឲ្យគេមានចិត្តទាស់នឹងពួកបងប្អូន។
3លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃពោរពេញដោយឬទ្ធានុភាពមកពីព្រះជាម្ចាស់ ខណៈពេលព្រះអង្គបានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ។ ព្រះអង្គបានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។
4មនុស្សជាច្រើននៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវក។
5នៅពេលសាសន៍ដទៃ និងសាសន៍យូដាបានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ
6លោកប៉ូល និងលោកបារណាបាសដឹងមុនពីសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ
7ហើយប្រកាសដំណឹងល្អនៅទីនោះ។
8នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក ហើយគាត់មិនអាចដើរបានឡើយ។
9គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជា។
10លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរ ដោយអាចលោតបាន និងដើរបានផង។
11ពេលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។
12គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។
13បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារនោក្រៅទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
14កាលសាវកបារណាបាស និងប៉ូលបានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកយំ
15ហើយពោលថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ។ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន ដើម្បីបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាក់ឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
16នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានាដើរតាមមាគ៌ារបស់គេរៀងៗខ្លួន។
17ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែបង្ហាញទីសម្គាល់ ដោយព្រះអង្គបានផ្តល់ក្តីសប្បុរសមកយើង ហើយទ្រង់បានប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
18ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
19ប៉ុន្តែ មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ។ ពួកគេយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។
20ប៉ុន្តែ ក្រុមសិស្សនាំគ្នាមកឈរជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
21លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អនៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យក្លាយជាសិស្ស។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។
22លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់»។
23លោកបានតែងតាំងពួកព្រឹទ្ធាចារ្យនៅតាមក្រុមជំនុំនីមួយៗ ហើយបានអធិស្ឋាន និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។
24បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌាមកដល់ស្រុកប៉ាមភីលា។
25លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។
26នៅទីនោះ លោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
27កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀប ដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃបានជឿ។
28លោកទាំងពីរក៏ស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរ។