1ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី និងគ្រូអាចារ្យខ្លះ។ រួមមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និងលោកសូល។
2នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរឲ្យមកបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យគេធ្វើ»។
3ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋានរួចហើយ គេបានដាក់ដៃលើលោកទាំងពីរ ហើយលោកក៏ចេញទៅ។
4លោកបារណាបាស និងលោកសូលបានធ្វើតាមព្រះវិញ្ញាណដ៏វិសុទ្ធ លោកក៏បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។
5ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានលោកយ៉ូហានហៅម៉ាកុសបានជួយផង។
6បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់តាមកោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជនជាតិយូដាម្នាក់ ឈ្មោះបារយេស៊ូជាព្យាការីក្លែងក្លាយ
7គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
8ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូឲ្យងាកចេញពីជំនឿ។
9រីឯលោកសូល ដែលហៅថាប៉ូលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស
10ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង។ តើអ្នកនៅតែពង្វាងគេអោយងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត?
11ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ក៏ដូចជាមានបាំង ហើយងងឹតមើលអ្វីពុំឃើញ។ គាត់ដើរវិលវល់ រកគេជួយដឹកដៃ។
12កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿដោយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ជាខ្លាំង។
13ឥឡូវនេះលោកប៉ូល និងមិត្តភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ រីឯលោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
14លោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។
15បន្ទាប់ពីបានអានគម្ពីរវិន័យនិងគម្ពីរព្យាការីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។
16លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប!
17ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ត្រនេះបានកើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប លោកបានលើកដៃជាសញ្ញា។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
18ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំនៅវាលរហោស្ថាន។
19ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។
20ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំមុន។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។
21បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
22ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានអោយព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា៖ «យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង»។
23ចាប់តាំងពីព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
24ហេតុការណ៍នេះបានចាប់ផ្តើមមុនពេលព្រះយេស៊ូកើតមក នៅពេលលោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត រូចទទួលពិធីជ្រមុជទឹក។
25ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា៖ «ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ប៉ុន្តែសូមស្តាប់់ មានលោកម្នាក់មកតាមក្រោយខ្ញុំ ទោះបើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង»។
26បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! នេះហើយជាព្រះបន្ទូលស្តីអំពីការសង្គ្រោះ ដែលបានផ្ញើមកឲ្យយើងទាំងអស់គ្នា
27ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ ហើយគេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការីថ្លែងទុកមកដែលគេអាននៅរៀងរាល់ថ្ងៃសប្ប័ទ។
28ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។
29កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។
30ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
31ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យគេឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹមបានឃើញ ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គនៅចំពោះមុខប្រជាជន។
32ដូច្នេះយើងខ្ញុំប្រាប់បងប្អូនអំពីដំណឹងល្អ ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង។
33ព្រះអង្គបានបំពេញសព្វគ្រប់សម្រាប់យើង ដែលជាពូជពង្សរបស់បុព្វបុរសយើង ដោយព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ។ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថា៖ «ព្រះអង្គជាបុត្ររបស់យើង ហើយថ្ងៃនេះយើងជាព្រះបិតារបស់ឯង។
34ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញពិត ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងឲ្យឯងបានវិសុទ្ធ និងទទួលព្រះពរគ្រប់យ៉ាងដូចដែលយើងបានសន្យាជាមួយដាវីឌ»។
35ហេតុនេះហើយព្រះជាម្ចាស់មានព្រះបន្ទូល ចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា៖ «ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គរលួយឡើយ។
36ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់តាមគម្រោងព្រះអង្គនៅជំនាន់នោះ រួចក៏សោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរ ជាមួយព្រះអយ្យកោ ហើយសពរបស់ទ្រង់ក៏បានរលួយអស់ដែរ។
37ចំណែកឯ ព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។
38ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ។
39បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មានដោយ គោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។ បងប្អូនបានសុចរិតតាមរយៈព្រះយេស៊ូប៉ុណ្ណោះ។
40ហេតុនេះ សូមបងប្អូនប្រយ័ត្នក្រែងអ្វី ដែលព្យាការីថ្លែងទុកមកមិនបានកើតមានដល់អ្នក។
41«មើល៍ មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយអ្នកនឹងងឿងឆ្ងល់ ហើយត្រូវវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់របស់អ្នករាល់គ្នាជាកិច្ចការ ដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នាក៏ដោយ»។
42ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ម្តងទៀតនៅថ្ងៃសប្ប័ទខាងមុខ។
43លុះអង្គប្រជុំចប់ហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំលឹកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។
44នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។
45ពេលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យ ដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។
46លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «សំខាន់ណាស់ដែលយើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនជាមុនសិន។ ប៉ុន្តែដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
47ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ «យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី»។
48កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។
49ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។
50ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយដេញលោកទាំងពីរចេញពីដែនដីរបស់គេ។
51លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។
52ឯពួកសិស្សនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។