ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រុម​សាវក និង​បង​ប្អូន​នៅ​ស្រុក​យូដាឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។
2កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​នាំ​គ្នា​រិះ​គន់​លោក​ថា៖
3«លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។
4ប៉ុន្តែ លោក​ពេត្រុស​ក៏​បានពន្យល់ក្បោះក្បាយ​ប្រាប់គេថា៖
5«កាល​ខ្ញុំ​កំពុងតែ​អធិស្ឋាននៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏លង់​ស្មារតីនិមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។
6ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ។ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សាបក្សី។
7បន្ទាប់មក ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា៖ «ពេត្រុស​អើយ! ចូរ​ក្រោកឡើង ហើយសម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។
8ខ្ញុំ​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធនោះឡើយ។
9ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​​ប្រោស​ឲ្យបាន​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ»។
10ហេតុការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។
11ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​ឈរនៅមុខ​ផ្ទះ​ ដែល​យើង​ស្នាក់​នៅ។
12ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ប្រាប់​ខ្ញុំ​ឲ្យចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់បានរួមដំណើរជាមួយខ្ញុំ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេលាស។
13លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះលោក ទាំង​ពោល​ថា៖ «សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស។
14គាត់​នឹង​ប្រកាស​ព្រះបន្ទូល​ ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល»។
15នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើងកាល​ពី​ដើម​ដំបូង​នោះ​ដែរ។
16ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ»។
17​បើ​ព្រះជាម្ចាស់​ប្រទាន​ព្រះអំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើងដែល​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះជាម្ចាស់​បាន?»
18កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ»។
19ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀតបៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះបាន​ប្រកាស​ព្រះបន្ទូល​ដល់​សាសន៍​យូដា​តែប៉ុណ្ណោះ។
20​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ក៏បានប្រកាសដំណឹងល្អ​អំពីព្រះអម្ចាស់យេស៊ូ ដល់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិកផងដែរ។
21ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើសលប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​។
22ក្រុមជំនុំ​នៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណាបាសឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក។
23ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់បាន​ទូន្មាន​ពួកគេគ្រប់គ្នានៅតែ​ឲ្យនៅតែ​ប្ដេជ្ញា​ចិត្តជាមួយព្រះអម្ចាស់​ជានិច្ច។
24លោក​បារណាបាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរសពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ ហើយបណ្ដាជន​ជា​ច្រើន​បាន​ទទួលជឿព្រះជាម្ចាស់។
25បន្ទាប់​មក​ទៀត លោក​បារណាបាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូលនៅ​ក្រុង​តើសុស។
26កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់ទីយ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុមជំនុំអស់​រយៈ​ពេល​មួយ​ឆ្នាំ​ ​ហើយ​បង្រៀន​បណ្ដាជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់ទីយ៉ូក​នោះ​ហើយ ដែលគេហៅពួកសាវក «គ្រិស្ដបរិស័ទ» ដំបូងគេបង្អស់​។
27នៅ​គ្រា​នោះ មាន​ពួក​ព្យាការីធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម មក​ដល់​ក្រុង​អន់ទីយ៉ូក។
28ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​ព្រះវិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្តិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល។ ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជកាល​ព្រះចៅ​អធិរាជ​ក្លូឌាស​។
29ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយតាម​សមត្ថភាព​រៀងៗ​ខ្លួន ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។
30ពួកគេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យតាម​លោក​បារណាបាស និង​លោក​សូល​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។