1សូមដឹងថា នៅថ្ងៃចុងក្រោយនឹងមានទុក្ខលំបាកខ្លាំង។
2ដ្បិត មនុស្សនឹងស្រឡាញ់តែខ្លួនឯង ជាអ្នកស្រឡាញ់ប្រាក់ មានអំនួត ក្រអឺតក្រទម ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ មិនដឹងគុណ ហើយមានចិត្តមិនបរិសុទ្ធ។
3ពួកគេមិនស្រឡាញ់តាមរបៀបធម្មជាតិរបស់មនុស្ស មានចិត្តឃោរឃៅ និយាយមួលបង្កាច់គេ មិនចេះទប់ចិត្ត ប្រើអំពើហឹង្សា មិនចូលចិត្តការល្អ។
4ពួកគេមានចិត្តក្បត់ មានចិត្តធំ ចូលចិត្តនឹងការសប្បាយ ជាជាងស្រឡាញ់ព្រះជាម្ចាស់។
5ពួកគេមានលក្ខណៈជាអ្នកគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ប៉ុន្តែ ពួកគេបដិសេធព្រះចេស្តារបស់ព្រះអង្គ។ ចូរបែរចេញពីមនុស្សអស់ទាំងនោះ។
6ដ្បិត ក្នុងចំណោមពួកទាំងនោះ ជាមនុស្សចូលចិត្តចូលទៅផ្ទះរបស់គេ ហើយធ្វើឲ្យស្រីៗដែលល្ងង់ចាប់អារម្មណ៍។ ស្រ្តីទាំងនោះពោរពេញដោយអំពើបាប ហើយបណ្តាយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ។
7ស្រ្តីទាំងនោះតែងតែរៀនជានិច្ច ប៉ុន្តែពួកគេមិនអាចយល់ដល់សេចក្តីពិតឡើយ។
8ដូចគ្នានេះដែរ យ៉ានេស និងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេ។ ហើយគ្រូបង្រៀនខុសឆ្គងតែងតែឈរទាស់ប្រឆាំងនឹងសេចក្តីពិត។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយជំនឿរបស់ពួកគេក៏ឥតប្រយោជន៍ដែរ។
9ប៉ុន្តែ ពួកគេមិនមានការចម្រើនឡើងទៅមុខទៀតបានឡើយ។ ដ្បិតភាពល្ងង់ខ្លៅរបស់ពួកគេនឹងបើកបង្ហាញឲ្យមនុស្សទាំងអស់បានដឹងច្បាស់ ដូចជាភាពល្ងង់ខ្លៅរបស់បុរសទាំងនោះដែរ។
10ប៉ុន្តែ សម្រាប់អ្នកវិញ អ្នកបានដើរតាមសេចក្តីដែលខ្ញុំបង្រៀន កិរិយាប្រព្រឹត្ត បំណងចិត្ត ជំនឿ សេចក្តីស្រឡាញ់ ការអំណត់អត់ទ្រាំ។
11ការបៀតបៀន ទុក្ខលំបាក និងអ្វីដែលបានកើតឡើងមកលើខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា។ ខ្ញុំបានស៊ូទ្រាំនឹងសេចក្តីបៀតបៀន។ មិនដូចជាពួកគេទាំងនោះទេ ព្រះអម្ចាស់បានប្រោសខ្ញុំវិញ។
12អស់អ្នកដែលចង់រស់ក្នុងការគោរពប្រតិបត្តិព្រះគ្រិស្តយេស៊ូ នោះនឹងទទួលការបៀតបៀនផងដែរ។
13មនុស្សអាក្រក់ និងពួកឆបោក ព្រមទាំងមានសេចក្តីអាក្រក់កាន់តែខ្លាំងឡើងៗ។ ពួកគេនឹងនាំអ្នកផ្សេងទៀតឲ្យវង្វេង ដូចជាពួកគេនាំខ្លួនឯងឲ្យវង្វេងដែរ។
14ប៉ុន្តែ សម្រាប់អ្នក ចូរនៅជាប់អ្វីដែលអ្នកបានរៀន ហើយត្រូវជឿយ៉ាងប្រាកដវិញ។ អ្នកត្រូវដឹងថាសេចក្តីបង្រៀននេះបានមកពីអ្នកណា។
15អ្នកដឹងហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរដ៏វិសុទ្ធ។ សេចក្តីទាំងនេះអាចធ្វើឲ្យអ្នកមានប្រាជ្ញា រហូតទទួលការសង្គ្រោះ ដោយសារជំនឿក្នុងព្រះគ្រិស្តយេស៊ូ។
16គ្រប់បទគម្ពីរទាំងអស់ សុទ្ធតែព្រះជាម្ចាស់បណ្ដាលឲ្្យតាក់តែងឡើង។ មានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ និងបណ្តុះបណ្តាលតាមសេចក្តីសុចរិត។
17ដូច្នេះ អ្នកសំណព្វរបស់ព្រះជាម្ចាស់មានសមត្ថភាព និងទទួលការបំប៉ន ដើម្បីបំពញការល្អគ្រប់យ៉ាង។