ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ធីម៉ូថេ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ហេតុដូច្នេះ កូនអើយ ចូរមានកម្លាំងនៅក្នុងព្រះគុណរបស់ព្រះគ្រិស្តយេស៊ូ។
2ការអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខស្មរបន្ទាល់ជាច្រើន ចូរផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្រៀនបន្តទៅអ្នកផ្សេងៗទៀតបាន។
3ចូររួមទុក្ខលំបាកជាមួយខ្ញុំ ប្រៀបដូចជាទាហានយ៉ាងល្អរបស់ព្រះគ្រិស្តយេស៊ូចុះ។
4គ្មានទាហានណាដែលបម្រើហើយ មានជាប់ពាក់ព័ន្ធនឹងការខ្វល់ខ្វាយពីជីវិតទៀតនោះទេ ដូច្នេះ គាត់គួរតែធ្វើឲ្យគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួននោះវិញ។
5ប្រសិនបើនរណាម្នាក់ប្រកួតជាកីឡាករ អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ។
6វាគឺជាការចាំបាច់ណាស់សម្រាប់កសិករ ដែលខំប្រឹងធ្វើការយ៉ាងលំបាក គាត់នឹងទទួលបានផលមុនគេ។
7សូមពិចារណាអំពីអ្វីដែលខ្ញុំនិយាយចុះ ដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យអ្នកយល់ដឹងក្នុងគ្រប់ការទាំងអស់។
8សូមនឹកចាំពី ព្រះយេស៊ូគ្រិស្តជាព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ដែលបានរស់ពីសុគតឡើងវិញ តាមរយៈដំណឹងល្អដែលខ្ញុំបានប្រាប់
9ដ្បិតអ្វីដែលខ្ញុំរងទុក្ខ ទាំងជាប់ចំណងប្រៀបដូចជាឧក្រិដ្ឋជន។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ច្រវាក់ទេ។
10ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់ការទាំងអស់ សម្រាប់ពួកអ្នកដែលបានរើសតាំង ដើម្បីឲ្យពួកគេទទួលការសង្រ្គោះ ដែលមាននៅក្នុងព្រះគ្រិស្តយេស៊ូ ស្របតាមសិរីរុងរឿងនៅអស់កល្បជានិច្ចវិញ។
11ពាក្យទាំងនេះអាចទុកចិត្តបានថា «ប្រសិនបើយើងស្លាប់ជាមួយព្រះអង្គ នោះយើងនឹងរស់នៅជាមួយព្រះអង្គ។
12ប្រសិនបើយើងស៊ូទ្រាំ នោះពួកយើងនឹងសោយរាជ្យរួមជាមួយព្រះអង្គដែរ។ ប៉ុន្តែ ប្រសិនបើយើងបដិសេធព្រះអង្គវិញ នោះព្រះអង្គនឹងបដិសេធយើងដូចគ្នាដែរ។
13ប្រសិនបើយើងមិនស្មោះត្រង់ក៏ដោយ ក៏ព្រះអង្គនៅតែស្មោះត្រង់ដដែល ព្រោះព្រះអង្គមិនអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។
14សូមរំលឹកពួកគេអំពីការអស់ទាំងនេះ។ ចូរហាមប្រាមពួកគេនៅចំពោះមុខព្រះជាម្ចាស់ កុំឲ្យឈ្លោះប្រកែកគ្នាពីអត្ថន័យរបស់ពាក្យឡើយ។ ព្រោះពាក្យទាំងនេះឥតប្រយោជន៍ទេ។ ពាក្យទាំងនេះនាំឲ្យអន្តរាយដល់អស់អ្នកស្តាប់។
15ចូរខំប្រឹងប្រែងបង្ហាញខ្លួនអ្នក នៅចំពោះព្រះជាម្ចាស់ដែលបានទទួលអ្នក ជាអ្នកបំពញការងារ ដោយគ្មានហេតុផលណាត្រូវអៀនខ្មាស ដែលបានបង្រៀនព្រះបន្ទូលនៃសេចក្តីពិត យ៉ាងត្រឹមត្រូវ។
16ត្រូវចៀសវាងការនិយាយឥតប្រយោជន៍ ដែលនាំយើងកាន់តែលែងគោរពប្រតិបត្តិព្រះជាម្ចាស់។
17ការនិយាយរបស់ពួកគេនឹងប្រៀបបីដូចជាដំបៅរលួយ។ ក្នុងចំណោមអ្នកទាំងនោះរួមមាន ហ៊ីមេនាស និងភីលេតជាដើម។
18អ្នកទាំងនោះបានភ្លេចសេចក្តីពិត។ ពួកគេនិយាយថា ការរស់ឡើងវិញបានកើតឡើងរួចមកហើយ។ ពួកគេក៏បានបង្វែរជំនឿអ្នកខ្លះដែរ។
19ទោះជាយ៉ាងណាក្តី ចូរចាក់ឫសរឹងមាំលើព្រះជាម្ចាស់ ដែលបានបោះត្រាថា៖ «ព្រះជាម្ចាស់ស្គាល់អស់អ្នកណា ដែលជារបស់ព្រះអង្គ» ហើយ «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់ ត្រូវញែកខ្លួនចេញអំពើទុច្ចរិត។
20នៅក្នុងផ្ទះស្តុកស្តម្ភ ពុំមែនមានត្រឹមតែមាស និងប្រាក់ប៉ុណ្ណោះទេ។ គឺមានប្រដាប់ធ្វើពីឈើ និងពីដីដែរ។ ខ្លះប្រើសម្រាប់ការល្អប្រសើរ ហើយខ្លះប្រើសម្រាប់ការអាប់ឱនវិញ។
21ប្រសិនបើនរណាម្នាក់សម្អាតខ្លួនឯងពីការអាប់ឱន គាត់នឹងបានប្រដាប់ល្អប្រសើរ។ គាត់បានញែកខ្លួនដោយឡែក ក៏មានប្រយោជន៍ដល់ចៅហ្វាយ ហើយបានរៀបចំសម្រាប់គ្រប់ការល្អទាំងអស់ផងដែរ។
22ចូរចៀសចេញពីសេចក្តីស្រើបស្រាលរបស់ក្មេងៗ។ ត្រូវប្រកាន់ខ្ជាប់សេចក្តីសុចរិត ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រីជាមួយអ្នក ដែលស្រែករកព្រះជាម្ចាស់អស់អំពីចិត្តបរិសុទ្ធវិញ។
23ប៉ុន្តែ ត្រូវបដិសេធសេចក្តីចោលម្សៀត និងសំណួរល្ងង់ខ្លៅវិញ។ អ្នកដឹងហើយថា សេចក្តីទាំងនេះនាំមកនូវការឈ្លោះប្រកែកគ្នា។
24អ្នកបម្រើរបស់ព្រះជាម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាឡើយ។ ពិតណាស់គាត់គួរតែមានចិត្តសុភាពដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ហើយមានចិត្តអំណត់ផង។
25គាត់ត្រូវតែប្រដៅអប់រំអ្នក ដែលឈ្លោះជាមួយគាត់។ ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេប្រែចិត្ត ដើម្បីឲ្យបានដឹងពីសេចក្តីពិតវិញ។
26ពួកគេនឹងភ្ញាក់ខ្លួនឡើងវិញ ហើយចាកចេញពីអន្ទាក់របស់អារក្ស ដែលបានទាក់ពួកគេជាប់ដើម្បីបម្រើគោលបំណងរបស់វា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។