ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ធីម៉ូថេ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំសូមផ្តាំយ៉ាងអស់ពីចិត្តនៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូ ដែលព្រះអង្គនឹងជំនុំជម្រះអស់ទាំងមនុស្សរស់ និងមនុស្សស្លាប់ គឺដោយសារតែដំណើរយាងមករបស់ព្រះអង្គ ព្រមទាំងព្រះរាជ្យរបស់ព្រះអង្គផងដែរ
2ចូរប្រកាសព្រះបន្ទូលចុះ។ ចូរឲ្យត្រៀមខ្លួនទទួលភាពស្រណុកសុខស្រួល និងភាពលំបាកផងដែរ។ ត្រូវដាស់តឿនគេ និងស្តីបន្ទោល ហើយកម្លាចិត្តរបស់គេ ដោយការអត់ធ្មត់ និងការបង្រៀនគ្រប់បែបយ៉ាង។
3ដ្បិតនឹងមានពេលវេលាមួយមកដល់ គឺនៅពេលមនុស្សមិនទ្រាំទ្រនឹងសេចក្តីបង្រៀនត្រឹមត្រូវទៀតបាន។ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូបង្រៀនជាច្រើន យល់ស្របតាមបំណងប្រាថ្នារបស់ពួកគេ។ សេចក្តីបង្រៀនទាំងនោះគ្រាន់តែពិរោះដល់ត្រចៀកប៉ុណ្ណោះ។
4ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត ទៅស្តាប់រឿងព្រេងវិញ។
5ចំពោះអ្នកវិញ ចូរមានចិត្តនឹងធឹងគ្រប់ការទាំងអស់។ ចូរស៊ូទ្រាំនឹងទុក្ខលំបាក និងខំប្រឹងផ្សាយដំណឹងល្អ ព្រមទាំងបំពេញកិច្ចការបម្រើឲ្យបានល្អផងដែរ។
6ដ្បិត ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបូជាជីវិត។ ពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ហើយដែរ។
7ខ្ញុំបានប្រណាំងយ៉ាងល្អ រហូតដល់ទីផ្តាច់ព្រ័ត្រ ព្រមទាំងបានរក្សាជំនឿយ៉ាងមាំមួន។
8មកុដនៃសេចក្តីសុចរិតបានរៀបចំជាស្រេចទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយពុំមែនសម្រាប់ខ្ញុំតែម្នាក់ទេ ប៉ុន្តែសម្រាប់អស់អ្នកដែលស្រឡាញ់ការយាងមកវិញរបស់ព្រះអង្គ។
9ត្រូវខិតខំមកឯខ្ញុំជាប្រញាប់។
10ដ្បិត លោកដេម៉ាសបានចាកចេញពីខ្ញុំហើយ។ គាត់ស្រឡាញ់លោកីយ៍នេះ ហើយគាត់បានទៅក្រុងថែស្សាឡូនិកហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសបានទៅស្រុកដាល់ម៉ាទា។
11មានតែលោកលូកាទេ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុស ហើយនាំគាត់ទៅជាមួយអ្នកផង ព្រោះគាត់អាចជួយបំពេញកិច្ចការបស់ខ្ញុំ។
12ខ្ញុំបានចាត់លោកទីឃីកុសទៅក្រុងអេភេសូហើយ។
13អាវធំដែលខ្ញុំផ្ញើនៅក្រុងការពូសជាមួយលោកទ្រអាស សូមយកវាពេលដែលអ្នកមកទីនេះ ហើយនិងសៀវភៅ ជាពិសេសសៀវភៅធ្វើពីស្បែក។
14លោកអ័លេក្សានត្រុស ដែលជាជាងស្ពាន់បានប្រព្រឹត្តសេចក្តីអាក្រក់គ្រប់យ៉ាងមកលើខ្ញុំ។ ព្រះអម្ចាស់នឹងតបស្នងដល់គាត់វិញ ទៅតាមទង្វើដែលគាត់បានប្រព្រឹត្តជាមិនខាន។
15អ្នកគួរតែប្រយ័ត្នខ្លួនឯងចំពោះការប្រឆាំងទាល់នឹងគាត់ ព្រោះគាត់ប្រឆាំងយ៉ាងខ្លាំងនឹងពាក្យរបស់ពួកយើង។
16នៅពេលខ្ញុំការពារខ្លួនដំបូងឡើយ គ្មានអ្នកណាឈរជាមួយខ្ញុំទេ។ ផ្ទុយទៅវិញ គ្រប់គ្នាបោះបង់ខ្ញុំចោល។ សូមកុំឲ្យព្រះជាម្ចាស់ប្រកាន់ទោសគេឡើើយ។
17ប៉ុន្តែ ព្រះអម្ចាស់បានគង់នៅខាងខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដូច្នេះហើយតាមរយៈខ្ញុំ ដំណឹងល្អបានប្រកាសគ្រប់ទីកន្លែង និងសម្រាប់ឲ្យសាសន៍ដទៃទាំងអស់ដែលបានឮផងដែរ។ ព្រះជាម្ចាស់បានសង្គ្រោះខ្ញុំចេញពីមាត់តោ។
18ព្រះអម្ចាស់នឹងសង្គ្រោះរូបខ្ញុំ​ ឲ្យចេញពីការអាក្រក់ទាំងអស់ និងសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ។ សូមថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ដ៏នៅអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
19សូមជម្រាបសួរនាងព្រីសីល លោកអ័គីឡា ហើយទាំងក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រផងដែរ។
20លោកអេរ៉ាស្ទុសដែលស្ថិតនៅក្រុងកូរិនថូស ប៉ុន្តែ លោកទ្រភីម ខ្ញុំបានទុកគាត់នៅក្រុងមីលេត ព្រោះគាត់មានជំងឺ។
21សូមមកជាប្រញាប់ មុនរដូវរងារមកដល់។ សូមជម្រាបសួរមក លោកអុើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ដែរ។
22សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមព្រះគុណបានស្ថិតនៅជាមួយអ្នកទាំងអស់គ្នា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។