1ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្របតាមសេចក្តីសន្យានៃជីវិតនៅក្នុងព្រះគ្រិស្តយេស៊ូ
2ចំពោះធីម៉ូថេ កូនជាទីស្រឡាញ់ សូមប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត អំពីព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងរាល់គ្នា។
3ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ ដែលខ្ញុំបម្រើតាមរយៈបុព្វបុរសខ្ញុំ ដោយមនសិការបរិសុទ្ធ ដូចដែលខ្ញុំនឹកចាំពីអ្នកជានិច្ចពេលខ្ញុំអធិស្ឋានរទាំងយប់ទាំងថ្ងៃ។
4ខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំមានចិត្តចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
5ខ្ញុំបានចងចាំពីជំនឿស្មោះត្រង់របស់អ្នក ដែលដំបូងជាមួយលោកយាយឡូអ៊ីស ហើយម្តាយរបស់អ្នក គឺនាងអ៊ើនីស ហើយខ្ញុំជឿយ៉ាងច្បាស់ថា ជំនឿនោះនៅក្នុងអ្នកផងដែរ។
6នេះជាហេតុផលដែលខ្ញុំរំលឹកអ្នក ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងអ្នកតាមរយៈការដាក់ដៃលើអ្នក បានឆេះឡើយវិញ។
7ដ្បិត ព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលភ័យខ្លាចឡើយ ប៉ុន្តែវិញ្ញាណមានអំណាច សេចក្តីស្រឡាញ់ និងមានវិន័យវិញ។
8ដូច្នេះ មិនត្រូវខ្មាសអៀននឹងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ឬដោយសារខ្ញុំ ប៉ូល ជាអ្នកជាប់ឃុំឃាំងឡើយ។ ផ្ទុយទៅវិញ ត្រូវរួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អ តាមរយៈប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់។
9គឺព្រះជាម្ចាស់ហើយដែលបានសង្គ្រោះយើង និងត្រាស់ហៅយើងស្របតាមការត្រាស់ហៅដ៏វិសុទ្ធ។ ព្រះអង្គធ្វើបែបនេះ មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែតាមរយៈគម្រោងការ និងព្រះគុណរបស់ព្រះអង្គវិញ។ ព្រះអង្គប្រទានការទាំងអស់នេះមកយើង ក្នុងព្រះគ្រិស្តយេស៊ូមុនសម័យកាលទាំងអស់។
10ប៉ុន្តែ ឥឡូវនេះសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់បានបើកសម្ដែងហើយ ដោយការលេចមករបស់ព្រះគ្រិស្តយេស៊ូ ជាព្រះសង្គ្រោះរបស់យើង។ ព្រះគ្រិស្តឈ្នះសេចក្តីស្តាប់ និងបាននាំយកជីវិតដែលគ្មានទីបញ្ជប់ មកក្នុងពន្លឺនៃដំណឹងល្អវិញ។
11ហេតុនេះហើយ បានជាព្រះជាម្ចាស់តែងតាំងខ្ញុំជាអ្នកប្រកាសដំណឹងល្អ និងជាសាវ័ក ហើយព្រមទាំងជាគ្រូបង្រៀនផងដែរ។
12ដោយសារបុព្វហេតុនេះ ខ្ញុំត្រូវរងទុក្ខលំបាកការទាំងនេះ។ ប៉ុន្តែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំបានជឿ។ ខ្ញុំជឿជាក់ច្បាស់ថា ព្រះអង្គនឹងរក្សាអ្វីដែលបានផ្ញើទុកនឹងខ្ញុំរហូតដល់ថ្ងៃនោះឯង។
13ចូរនឹកចាំពីព្រះបន្ទូលដ៏ស្មោះត្រង់ ដែលអ្នកបានឮពីខ្ញុំ ទាំងមានជំនឿ និងសេចក្តីស្រឡាញ់ក្នុងព្រះគ្រិស្តយេស៊ូ។
14ការល្អដែលព្រះជាម្ចាស់រក្សាផ្ញើទុកនឹងអ្នក ចូរថែរក្សាតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់នៅក្នុងយើង។
15អ្នកដឹងហើយថា អ្នកទាំងអស់ដែលរស់នៅក្នុងស្រុកអាស៊ីបានបែរចេញពីខ្ញុំហើយ។ ក្នុងក្រុមនេះមានឈ្មោះ ភីកេល៉ុស និងហ៊ើម៉ូគេន។
16សូមព្រះជាម្ចាស់ប្រទានសេចក្តីមេត្តាករុណា ដល់អ្នកផ្ទះរបស់អូនេសិភ័រ ដ្បិតគាត់តែងតែនឹករំលឹកដល់ខ្ញុំ ហើយមិនបានខ្មាសគេដោយសារច្រវាក់របស់ខ្ញុំទេ។
17ពិតណាស់ ពេលខ្ញុំស្ថិតនៅក្រុងរ៉ូម គាត់ខិតខំស្វែងរកខ្ញុំ ហើយគាត់ក៏បានមករកខ្ញុំឃើញ។
18សូមព្រះជាម្ចាស់ផ្តល់ឲ្យគាត់អាចស្វែងរកសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់នៅថ្ងៃនោះផង។ គាត់បានរកគ្រប់វិធី ដើម្បីជួយខ្ញុំនៅក្រុងអេភេសូ ដូចអ្នកដឹងយ៉ាងច្បាស់ហើយ។