1ព្រះបាទដាវីឌមានរាជឳង្ការថា៖ «តើមាននរណាម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទសូល ដែលនៅរស់រានមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថានឬទេ?»
2កាលនោះគេបាននាំបុរសម្នាក់មកជួបព្រះរាជា គឺអ្នកបម្រើម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទដាវីឌដែលមានឈ្មោះថា ស៊ីបា។ ព្រះបាទដាវីឌមានរាជឱង្ការសួរគាត់ថា៖ «តើអ្នកឬជាស៊ីបា?» គាត់ទូលស្តេចថា៖ «បពិត្រ! គឺទូលបង្គំនេះហើយ»។
3នោះ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងវង្សញាតិរបស់ព្រះបាទសូល មិនមានអ្នកណាម្នាក់នៅមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសនៃព្រះចំពោះគេបានទេឬ?» លោកស៊ីបាទូលទៅស្តេចវិញថា៖ «សម្តេចយ៉ូណាថាន់ នៅមានបុត្រាមួយអង្គ ដែលពិការជើង»។
4ព្រះរាជាសួរលោកថា៖ «តើគេនៅឯណា?» លោកស៊ីបាទូលថា៖ គឺលោកស្នាក់នៅក្នុងផ្ទះរបស់លោកម៉ាកៀរ ជាកូនប្រុសរបស់លោកអាំមាល ក្នុងក្រុងឡូរដេបា»។
5នោះព្រះបាទដាវីឌបានចាត់គេឲ្យទៅរកគាត់ និងនាំពីផ្ទះរបស់លោកម៉ាកៀរ ជាកូនរបស់អាំមាល ពីក្រុងឡូរដេបាមក។
6សម្តេចមេភីបូសែត ជាបុត្ររបស់សម្តេចយ៉ូណាថាន់ និងជាចៅរបស់ព្រះបាទសូល បានចូលគាល់ព្រះបាទដាវីឌ លោកបានឱនចុះក្រាបមុខដល់ដីថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើអ្នកឬជាមេភីបូសែត?» លោកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា!»
7ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំភ័យខ្លាចយើងធ្វើអ្វី យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ដោយយល់ដល់សម្តេចយ៉ូណាថាន់ ជាបិតារបស់អ្នក ហើយយើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មានដែលជារបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យទៅអ្នកវិញ នោះអ្នកនឹងបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃរហូតតទៅ»។
8សម្តេចចមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! តើទូលបង្គំនេះមានឋានៈជាអ្វី ដែលព្រះករុណាយកចិត្តទុកដាក់ជាមួយ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់មួយក្បាលតែប៉ុណ្ណោះ?»
9ពេលនោះ ស្តេចបានត្រាស់ហៅលោកស៊ីបា ជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការថា៖ គ្រប់ទាំងអ្វីៗទាំងអស់ ដែលជាសម្បត្តិរបស់ព្រះបាទសូលនិងញាតិរបស់ទ្រង់ យើងបានប្រគល់ឲ្យទៅចៅរបស់ចៅហ្វាយរបស់លោកហើយ។
10លោកនិងកូនចៅរបស់លោកព្រមទាំងអ្នកបម្រើរបស់លោកត្រូវនាំគ្នាធ្វើស្រែចំការនោះឲ្យលោក ហើយប្រមូលភោគផលទុកសម្រាប់គាត់ ដូច្នេះ ចៅហ្វាយរបស់លោកនឹងមានអាហារសម្រាប់បរិភោគ។ សម្រាប់សម្តេចមេភីបូសែត ចៅប្រុសចៅហ្វាយរបស់លោកត្រូវបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃ»។ លោកស៊ីបាមានកូនប្រុសចំនួនដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
11នោះគាត់ទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានដែលព្រះករុណាបង្គាប់មកទូលបង្គំ។ ស្តេចបន្ថែមទៀតថា៖ «ឯមេភីបូសែតដែលនឹងត្រូវបរិភោគរួមតុជាមួយយើងរាល់ថ្ងៃ គឺដូចជាបុត្រាមួយអង្គរបស់ពព្រះរាជាដែរ»។
12លោកមេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា។ មនុស្សទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់លោកស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោកមេភីបូសែត។
13លោកមេភីបូសែតបានស្នាក់នៅក្រុងយេរូសាឡឹម ហើយលោកតែងតែរួមតុអាហារជាមួយស្តេច ជើងរបស់សម្តេចមេភីបូសែតទាំងពីរគឺពិការ។