ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយបន្តិចមក ស្តេចនៃជនជាតិអាំម៉ូនបានចូលទិវង្គត ហើយបុត្រារបស់ទ្រង់ព្រះនាមហានូន បានគ្រងរាជ្យបន្ត។
2ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរស​ ចំពោះហានូន ជាកូនរបស់ណាហាស ដូចជាបិតាទ្រង់ធ្លាប់បានសម្តែងសេចក្តីសប្បុរសចំពោះយើង»។ ដូច្នេះ ព្រះបាទដាវីឌ​ បានចាត់រាជទូតរបស់ទ្រង់ទៅជួយសម្រាលទុក្ខរបស់ទ្រង់ដោយ បិតារបស់ទ្រង់បានសុគត។ ពួករាជទូតបានចូលទៅក្នុងទឹកដីរបស់ពួកអាំម៉ូន។
3ប៉ុន្តែ ពួកអ្នកដឹកនាំរបស់សាសន៍អាំម៉ូន បានទូលទៅហានូន ជាចៅហ្វាយរបស់ពួកគេថា៖ «តើទ្រង់ពិតជាជឿថា ស្តេចដាវីឌចង់លើកតម្កើងបិតាទ្រង់ ដោយចាត់រាជទូតមកសម្រាលទុក្ខទ្រង់ឬ? តើដាវីឌ មិនមែនបញ្ជូនទូតរបស់គេមកដើម្បីអង្កេត ស៊ើបមើលទីក្រុង ក្នុងគោលបំណងវាយដណ្តើមទីក្រុងទេឬ?»
4ដូច្នេះ លោកហានូន​បានចាប់ពួករាជទូតរបស់ស្តេចដាវីឌ កោរពុកចង្ការរបស់ពួកគេមួយចំហៀង និងកាត់សម្លៀកបំពាក់ពួកគេផ្តាច់ត្រឹមគូថ រួចលែងពួកគេទៅ។
5នៅពេលដែលពួកគេទូលរឿងនេះដល់ព្រះបាទដាវីឌ ​ទ្រង់បានចាត់មនុស្សឲ្យទៅទទួលពួកគេ ព្រោះពួកគេមានសេចក្តីអៀនខ្មាស់ជាខ្លាំង។ ស្តេចបានបង្គាប់មកថា៖ «ចូរអ្នករាល់គ្នាស្នាក់នៅក្រុងយេរីខូ រហូតដល់ពុកចង្ការរបស់អ្នករាល់គ្នាបានដុះឡើងវិញ រួចចាំត្រឡប់មកវិញ»។
6កាលពួកជនជាតិអាំម៉ូន ឃើញថាពួកគេបានទៅជាទីគួរស្អប់ខ្ពើមរបស់ស្តេចដាវីឌហើយនោះ ជនជាតិអាំម៉ូន បានចាត់អ្នកនាំសារឲ្យទៅជួលជនជាតិស៊ីរី ពីក្រុង បេត រេហូប និងក្រុងសូបា បានទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់ កងទ័ពរបស់ស្តេចម៉ាកា ចំនួនមួយពាន់នាក់។
7ពេលដែលព្រះបាទដាវីឌ បានឮដំណឹងនេះ ទ្រង់បានចាត់លោកយ៉ូអាប់ និងកងទ័ពទាំងអស់។
8ពួកសាសន៍អាំម៉ូន បានចេញមកបោះទីតាំងទ័ព នៅច្រកចូលទីក្រុងរបស់ពួកគេ ដែលពេលនោះទ័ពថ្មើរជើងស៊ីរី នៃសូបា និង រេហូប និងម៉ាកា បានចេញមកត្រៀមខ្លួននៅតាមទីវាល។
9ពេលដែលលោកយ៉ូអាប់បានឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់ទាំងពីរមុខព្រួញដូច្នេះ លោកក៏បានជ្រើសរើសពួកទាហានដែលជំនាញបំផុតពីកងទ័ពអ៊ីស្រាអែល ហើយរៀបចំពួកគេជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។
10រីឯពួកទាហានដែលនៅសល់ លោកបានប្រគល់ទៅក្នុងការដឹកនាំរបស់លោកអប៊ីសាយ ប្អូនប្រុសរបស់លោក ចេញទៅតទល់នឹងជនជាតិអាំមូន។
11លោកយ៉ូអាប់មានប្រសាសន៍ទៅ លោកអប៊ីសាយ ជាប្អូនថា៖ «ប្រសិនបើជនជាតិស៊ីរីមានកម្លាំងខ្លាំងជាងបង នោះប្អូន លោកអប៊ីសាយត្រូវទៅជួយបងផង។ ផ្ទុយទៅវិញជនជាតិអាំម៉ូន ខ្លាំងជាងឯង នោះបងនឹងទៅជួយឯង។
12ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជារាស្ត្ររបស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
13ដូច្នេះ លោកយ៉ូអាប់ និងពលទាហានរបស់លោក បានចេញទៅប្រយុទ្ធជាមួយជនជាតិស៊ីរី គឺអ្នកដែលបានបាក់ទ័ពរត់នៅខាងមុខពលទ័ពអ៊ីស្រាអែល។
14នៅពេលដែលកងទ័ពជនជាតិអាំមូនឃើញថាកងទ័ពស៊ីរី បាក់ទ័ពដូច្នេះ ពួកគេក៏រត់ចេញពីមុខលោកអប៊ីសាយ ត្រឡប់ចូលទៅក្នុងទីក្រុងវិញ។ លោកយ៉ូអាប់ក៏បានត្រឡប់ពីវាយប្រហារជនជាតិអាំម៉ូន ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
15ពេលដែលពួកស៊ីរីឃើញថាពួកគេចាប់ផ្តើមចាញ់ដៃជនជាតិអ៊ីស្រាអែល នោះពួកគេក៏ប្រមូលផ្តុំគ្នាឡើងវិញ។
16ពេលនោះ ព្រះបាទហាដារេស៊ើបានចាត់គេឲ្យទៅប្រមូលពលទ័ពស៊ីរីដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ ពួកគេបានមកដល់ហេឡាម ដែលមានលោកសូបាក់ ជាមេបញ្ជាការកងទ័ពលើពលទាហានរបស់ព្រះបាទហាដារេស៊ើ ជាមេដឹកនាំរបស់ពួកគេ។
17មានគេនាំដំណឹងនេះមកទូុលព្រះបាទដាវីឌ ទ្រង់ក៏បានប្រមូលកងទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ ហើយបានទៅដល់ហេឡាម។ ពួកស៊ីរីបានរៀបចំទ័ពប្រឈមមុខជាមួយនឹងទាហានរបស់ព្រះបាទដាវីឌ ហើយវាយប្រហារទ្រង់។
18កងទ័ពស៊ីរី បានបាក់ទ័ពរត់នៅមុខទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌ សម្លាប់ទាហានបររទេះសេះអស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់។ លោកសូបាក់ជាមេបញ្ជាការរបស់ពួកគេក៏ស្លាប់នៅទីនោះដែរ។​
19ពេលដែលស្តេចទាំងឡាយដែលជាចំនុះរបស់ព្រះបាទហាដារេស៊ើរ ឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ពួកគេក៏បែរមកចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ហើយចុះចូលជាមួយនឹងស្តេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។