1គ្រានោះព្រះបាទដាវីឌ ត្រឡប់ពីវាយពួកសាសន៍ភីលីស្ទីន ហើយទ្រង់បានយកជ័យជម្នះលើពួកគេ។ ព្រះបាទដាវីឌដណ្តើមបានក្រុងកាថ និងភូមិនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិភីលីស្ទីន។
2ហើយទ្រង់ក៏បានវាឈ្នះជនជាតិម៉ូអាប់ ទ្រង់បានសម្លាប់ពួកគេដោយឲ្យពួកគេដេកលើដី ជាបីខ្សែ។ គឺពីរភាគបីត្រូវសម្លាប់ និងមួយភាគបីទុកឲ្យនៅរស់។ ដូច្នេះជនជាតិម៉ូអាប់ក្លាយទៅជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ហើយចាប់ផ្តើមបង់សួយសារអាករទៅទ្រង់។
3ព្រះបាទដាវីឌ ក៏វាយឈ្នះហាដាដេស៊ើរ បុត្ររបស់ព្រះបាទហាដារេស៊ើរ ស្តេចក្រុងសូបា ក្នុងអំឡុងពេលដែលព្រះបាទហាដាដេស៊ើរកំពុងតែកាន់កាប់តំបន់ទន្លេអ៊ឺប្រាតឡើងវិញ។
4ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ទ្រង់ចំនួន មួយពាន់ប្រាំពីររយ និងទ័ពថ្មើរជើងពីរម៉ឺននាក់។ ទ្រង់បានកាត់សសៃកែងជើងសេះទាំងអស់ ដោយទុកតែមួយរយក្បាលប៉ុណ្ណោះ។
5នៅពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាសបានមកជួយព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទសូបា ព្រះបាទដាវីឌសម្លាប់ពួកគេចំនួនពីរម៉ឺននាក់។
6ព្រះបាទដាវីឌបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី នៅក្រុងដាម៉ាស់ ហើយជនជាតិស៊ីរីបានធ្លាក់ជាចំណុះព្រះបាទដាវីឌ ហើយត្រូវនាំសួយសារអាករថ្វាយទ្រង់ផង។ ព្រះអម្ចាស់ប្រទានជ័យជម្នអឲ្យព្រះបាទដាវីឌ នៅគ្រប់កន្លែងដែលស្តេចទៅ។
7ព្រះបាទដាវីឌរឹបអូសយកខែលមាស ពីពួកបរិវាររបស់ព្រះបាទហាដាដេស៊ើរ ហើយនាំរបស់ទាំងនោះទៅក្រុងយេរូសាឡិម។
8ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរូថាយ។
9កាលនោះ ព្រះបាទថូអ៊ី ជាស្តេចនៃស្រុកហាម៉ាស បានឮថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ
10នោះទ្រង់ក៏ចាត់ព្រះបាទហាដូរ៉ាម បុត្ររបស់ទ្រង់ឲ្យមកចូលគាល់ព្រះបាទដាវីឌ ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ទ្រង់ ព្រោះព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ និងព្រះបាទហាដាដេស៊ើរផង ក៏ដោយសារព្រះបាទហាដាដេស៊ើរ ធ្វើសឹកសង្រ្គាមជាមួយព្រះបាទថូអ៊ី។ ព្រះបាទហាដូយ៉ាបាននាំទៅជាមួយទ្រង់នូវវត្ថុដែលធ្វើពីប្រាក់ មាស និងលង្ហិន។
11ព្រះបាទដាវីឌបានយករបស់ទាំងនោះទៅថ្វាយព្រះអម្ចាស់ ជាមួយគ្នានោះ ស្តេចថ្វាយប្រាក់ មាស ដែលបានពីជាតិសាសន៍នានាដែលបានពីការវាយឈ្នះពី
12ជនជាតិស៊ីរី ជនជាតិម៉ូអាប់ ពីប្រជាជនអាំម៉ូន ពីពួកភីលីស្ទីន និង ពួកអាម៉ាឡេក រួមគ្នាជាមួយនឹងជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទរេហូប ជាស្តេចស្រុកសូបា។
13ព្រះកិត្តិនាមរបស់ព្រះបាទដាវីឌកាន់តែល្បីល្បាញថែមទៀត នៅពេលដែលទ្រង់ត្រឡប់ពីច្បាំងឈ្នះជនជាតិស៊ីរី នៅជ្រលងភ្នំអំបិលវិញ ជាមួយកងទ័ពរបស់ពួកគេប្រាំបីពាន់នាក់។
14ទ្រង់បានដាក់ទេសាភិបាលត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមទាំងអស់មកជាចំណុះរបស់ព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យស្តេចដាវីឌមានជ័យជម្នះគ្រប់ទីកន្លែងដែលទ្រង់ទៅ។
15ព្រះបាទដាវីឌសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ហើយទ្រង់គ្រប់គ្រងលើប្រជាជនដោយសុច្ចរិតនិងទៀងត្រង់។
16លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព ហើយលោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំព្រះរាជសាររបស់ស្តេច។
17លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមេឡែក កូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ ចំណែកឯលោកសេរ៉ាយ៉ា ជាលេខាធិការ។
18លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និង ក្រុមពេលលេធីម ហើយចំណែកឯបុត្រាទាំងឡាយរបស់ព្រះបាទដាវីឌ មានមុខងារជាមេក្រុមលើអ្នកណែនាំរបស់ព្រះមហាក្សត្រ។