1ការនេះបានកើតឡើង បន្ទាប់ពីស្តេចសាងសង់រាជវាំងរបស់ទ្រង់រួចរាល់និងបន្ទាប់ពី ព្រះអម្ចាស់បានប្រទានឲ្យទ្រង់បានសេចក្តីសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
2ព្រះបាទដាវីឌមានរាជឱង្ការមកកាន់ព្យាការីណាថាន់ថា៖ «សូមលោកពិចារណាចុះ! យើងបានរស់នៅក្នុងដំណាក់ដែលធ្វើពីឈើដ៏មានតម្លៃ ចំណែកឯហឹបរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងព្រះពន្លាដែលធ្វើពីក្រណាត់នៅឡើយ»។
3ព្យាការីណាថាន់តបថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះទ័យនឹងធ្វើ ចូរធ្វើចុះ! ព្រោះព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
4ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់បានមានព្រះបន្ទូលមកព្យាការីណាថាន់ដោយបន្ទូលថា៖
5«ចូរទៅហើយប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ តើអ្នកនឹងសាងសង់ដំណាក់ឲ្យយើងនៅឬ?
6យើងមិនបានរស់នៅក្នុងដំណាក់ ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែល ចេញពីស្រុកអេស៊ីបមករហូតដល់សព្វថ្ងៃនេះ ជំនួសមកវិញគឺយើងបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ស្នាក់នៅក្នុងត្រសាល និងក្នុងពន្លា។
7គ្រប់ទីកន្លែងទាំងអស់ដែលយើងបានធ្វើដំណើរទៅ ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនសង់ដំណាក់ពីឈើដ៏មានតម្លៃឲ្យយើងនៅ?»
8ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់នៃពិភទាំងមូលមានព្រះបន្ទូល៖ «យើងបានយកអ្នកចេញពីវាលស្មៅមក គឺចេញពីភាពជាគង្វាលចៀម ដើម្បីឲ្យធ្វើជាមេដឹកនាំលើជនជាតិអ៊ីស្រាអែលជារាស្រ្តរបស់យើង។
9យើងបានទៅជាមួយអ្នកគ្រប់កន្លែងដែលអ្នកទៅ។ យើងបានបណ្តេាញខ្មាំងសត្រូវរបស់អ្នកចេញពីមុខរបស់អ្នក។ ឥឡូវនេះ យើងក៏បានធ្វើឲ្យអ្នកមានកេរ្ត៍ឈ្មោះល្បីល្បាញ ដូចជាអ្នកធំនៅលើផែនដី។
10យើងបានកំណត់ទីកន្លែងសម្រាប់រាស្ត្រអ៊ីស្រាអែលរបស់យើង ហើយយើងបានដាក់ពួកគេនៅកន្លែងនោះ ដូច្នេះ ពួកគេអាចរស់នៅកន្លែងរបស់ពួកគេ ហើយក៏មិនមានអ្នកណារំខានពួកគេទៀតដែរ។ ក៏នឹងមិនមានជាតិសាសន៍ទុច្ចរិតណាមកជិះជាន់សង្កត់សង្កិនពួកគេ ដូចពីមុនទៀតដែរ
11ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយអោយដឹកនាំប្រជាជនអ៊ីស្រាអែលរបស់យើង។ ឥឡូវនេះ យើងឲ្យអ្នកបានសុខសាន្ត រួចផុតពីខ្មាំងសត្រូវរបស់អ្នក។ ជាងនេះ យើងព្រះអម្ចាស់ ធ្វើឲ្យអ្នកមានពូជពង្សមួយផង។
12ពេលដែលអ្នកលាចាកលោកនេះទៅ អ្នកនឹងបានទៅជួបជុំជាមួយដូនតារបស់អ្នក យើងនឹងធ្វើអោយមានម្នាក់ គឺពូជពង្សដែលចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេ។
13គឺគេនោះហើយដែលនឹងសង់ដំណាក់សម្រាប់នាមរបស់យើង យើងនឹងពង្រឹងបល្ល័ង្គរបស់គេ អោយនៅស្ថិតស្ថេររហូតតទៅ។
14យើងនឹងធ្វើជាឪពុករបស់គេ ហើយគេជាកូនរបស់យើង។ បើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេដោយរំពាត់ ដូចជាមនុស្សលោកគេវាយប្រដៅកូនរបស់គេ។
15ប៉ុន្តែ សម្ពន្ធមេត្រីនៃសេចក្តីសប្បុរសរបស់យើង យើងនឹងមិនដកចេញ ដូចដែលយើងបានដកចេញសូល អ្នកដែលយើងបានដកចេញពីមុខរបស់អ្នកនោះទេ។
16ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងស្ថិតស្ថេររហូតតទៅ។ រាជបល័្លង្ករបស់អ្នកនឹងរឹងមាំរហូតតទៅដែរ»។
17ព្យាការីណាថាន់បានទូលថ្វាយព្រះបាទដាវីឌនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកនៅក្នុងសុបិន្តនោះ។
18ព្រះបាទដាវីឌបានយាងទៅគង់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយទូលទ្រង់ថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំនេះជាអ្នកណា ហើយគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គនាំទូលបង្គំរាល់គ្នាមកដល់ចំនុចនេះ?
19ប៉ុន្តែ ព្រះអម្ចាស់អើយ នេះគឺជាកិច្ចការដ៏តូចសម្រាប់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គបានរៀបរាប់ពីគ្រួសារនៃអ្នកបម្រើរបស់ព្រះអង្គ អំពីកិច្ចការដ៏អស្ចារ្យដែលនឹងកើតឡើង ហើយក៏បានបង្ហាញទូលបង្គំអំពីជំនាន់ក្រោយរបស់ទូលបង្គំ!
20ឱព្រះអម្ចាស់អើយ! តើមានអ្វីផ្សេងទៀតដែលទូលបង្គំ ដាវីឌ អាចទូលថ្វាយដល់ទ្រង់បាន? គឺទ្រង់បានជ្រាបគ្រប់សព្វពីអ្នកបម្រើរបស់ព្រះអង្គ។
21ព្រះអង្គបានសម្តែងកិច្ចការដ៏អស្ចារ្យដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះអង្គបានសម្រេចបំណងព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។
22ព្រះអម្ចាស់អើយ! ព្រះអង្គពិតជាព្រះដ៏ឧត្តុងឧត្តុម មិនមានអ្នកណាម្នាក់អាចដូចទ្រង់ទេ ហើយក៏គ្មានព្រះណាប្រៀបផ្ទឹមនឹងទ្រង់បានឡើយ តាមដែលយើងធ្លាប់បានឮគេតំណាលមកនោះ។
23តើជាតិសាសន៍ណាដូចជាប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គនោះ គឺប្រជាជាតិមួយនៅលើផែនដី ដែលទ្រង់បានយាងទៅសង្គ្រាះគេ មកធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់នោះ? គឺព្រះអង្គបានធ្វើកិច្ចការទាំងនោះ ដូច្នេះ ពួកគេបានមកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង ហើយទ្រង់ក៏បានធ្វើការដ៏អស្ចារ្យ និងគួរឲ្យស្ងែងខ្លាចនៅក្នុងទឹកដីរបស់ទ្រង់។ ព្រះអង្គបានបណ្តេញជាតិសាសន៍នានាព្រមទាំងព្រះរបស់ពួកគេ ចេញពីមុខប្រជារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានរំដោះពីស្រុកអេស៊ីបមក។
24ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គ ព្រះអម្ចាស់ ក្លាយជាព្រះរបស់ពួកគេ។
25បពិត្រព្រះអម្ចាស់ ដ៏ជាព្រះអើយ! សូមឲ្យព្រះបន្ទូលសន្យា ដែលទ្រង់បានសន្យាជាមួយអ្នកបម្រើរបស់ទ្រង់ និងគ្រួសាររបស់គេបានរឹងមាំរហូតតទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលសន្យានេះផង។
26សូមឲ្យព្រះបន្ទូលរបស់ទ្រង់បានឧត្តុង្គឧត្តុមជានិច្ច ដូច្នេះ មនុស្សម្នានឹងពោលថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលគឺជាព្រះនៃជនជាតិអ៊ីស្រាអែល» នៅពេលដែលពូជពង្សរបស់ទូលបង្គំ ដាវីឌ អ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ រហូតតទៅ។
27បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ទ្រង់បានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ដឹងថា ទ្រង់នឹងធ្វើឲ្យមានពូជពង្សរបស់ទូលបង្គំឡើងគ្រងរាជបន្តពីទូលបង្គំ។ ដូច្នេះហើយទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហានអធិស្ឋានពាក្យនេះថ្វាយដល់ទ្រង់។
28ឱព្រះអម្ចាស់អើយ ទ្រង់គឺជាព្រះ ហើយព្រះបន្ទូលរបស់ទ្រង់គឺសុទ្ធតែពិត ហើយព្រះអង្គក៏នឹងសម្រេចពាក្យសន្យានេះសម្រាប់អ្នកបម្រើរបស់ទ្រង់។
29ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គរហូតតរៀងទៅ។ ឱព្រះអម្ចាស់អើយ! ស្របតាមព្រះបន្ទូលទាំងអស់នេះ ពូជពង្សរបស់ទូលបង្គំនឹងទទួលព្រះពរអស់កល្បជានិច្ច»។