1ព្រះបាទដាវីឌបានប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល មានចំនួនប្រមាណបីម៉ឺននាក់សារជាថ្មី។
2ព្រះបាទដាវីឌ និងពលទ័ពដែលនៅជាមួយទ្រង់បានចេញដំណើរពីបាឡា ក្នុងស្រុកយូដា ដើម្បីហែរហឹបរបស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្តាលពួកយេរូប៊ីន។
3ពួកគេបានលើកហឹបរបស់ព្រះអម្ចាស់ដាក់លើរទេះថ្មីមួយ។ ពួកគេបានដឹកហឹបចេញពីផ្ទះលោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
4ពួកគេបានបររទេះដែលមានផ្ទុក ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅលើនោះ ចេញពីផ្ទះរបស់់លោក អប៊ីណាដាប់ដែលនៅលើកំពូលភ្នំ។
5ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងអស់ មានសេចក្តីអំណរយ៉ាងខ្លាំងនៅចំពោះព្រះអម្ចាស់ ពួកគេបានប្រារព្ធពិធីដោយប្រគុំភ្លេងជាមួយនឹងឧបករណ៍តន្ត្រីគ្រប់ប្រភេទដែលធ្វើពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឆឹង និង ឃ្មោះ។
6នៅពេលដែលពួកគេធ្វើដំណើរទៅមកដល់លានស្រូវរបស់លោកណាំកុន គោបានធ្វើឲ្យរទេះផ្អៀង ពេលនោះលោកអ៊ូសា បានលើកដៃទៅប៉ះ ហើយទប់ហឹបរបស់ព្រះអម្ចាស់។
7ពេលនោះព្រះអម្ចាស់ព្រះពិរោធនឹងលោកអ៊ូសាយ៉ាងខ្លាំង។ ព្រះអម្ចាស់បានប្រហារលោកដោយសារអំពើបាបរបស់លោក។ លោកអ៊ូសាបានស្លាប់នៅទីនោះដោយសារបានពាល់ហឹបរបស់ព្រះអម្ចាស់។
8ព្រះបាទដាវីឌរំជួលព្រះទ័យយ៉ាងខ្លាំងដែលព្រះអម្ចាស់បានប្រហារលោកអ៊ូសា ហើយទ្រង់បានហៅកន្លែងនោះថា ពេរេស-អ៊ូសា។ ទីកន្លែងនោះត្រូវគេហៅថា ពេរេស-អ៊ូសា រហូតដល់សព្វថ្ងៃ។
9នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់។ ទ្រង់មានរាជឳង្ការថា៖ «តើធ្វើដូចម្តេច ទើបអាចយកហឹបរបស់ព្រះអម្ចាស់មកឯយើងបាន?»
10ដូច្នេះ ព្រះបាទដាវីឌ មិនចង់យកហឹបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់នៅបូរីព្រះបាទដាវីឌទេ ទ្រង់បានឲ្យគេយកហិបទៅដាក់នៅផ្ទះរបស់លោក អេបេដ អេដុម ជាអ្នកស្រុកកាថវិញ។
11ហឹបរបស់ព្រះរបស់ព្រះអម្ចាស់បាននៅផ្ទះរបស់លោកអេបេដ អេដុម ជាអ្នកស្រុកកាថ អស់រយៈពេលបីខែ។ ព្រះអម្ចាស់ប្រទានពរលោក និងគ្រួសារលោកទាំងមូល។
12មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់បានប្រទានពរដល់គ្រួសារ លោកអេបេដ អេដុម និងអ្វីៗដែលគាត់មាន ដោយសារតែហឹបរបស់ព្រះអម្ចាស់»។ ពេលនោះព្រះបាទដាវីឌ បានធ្វើដំណើរទៅផ្ទះរបស់អេបេដ អេដុមដើម្បីនាំយកហឹបទៅកាន់បុរីព្រះបាទដាវីឌដោយអំណរ។
13នៅពេលពួកអ្នកសែងហឹបដើរបានប្រាំមួយជំហ៊ាន ព្រះបាទដាវីឌ បានយកគោឈ្មោលមួយ និងគោធាត់មួយមកថ្វាយជាយញ្ញបូជា។
14ព្រះបាទដាវីឌ បានរាំលោតកញ្ឆេងថ្វាយព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងរបស់ព្រះអង្គ ដោយស្លៀកតែអេផូដ ដែលធ្វើពីក្រណាត់ទេសឯកតែប៉ុណ្ណោះ។
15ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលបានដង្ហែហឹបរបស់ព្រះអម្ចាស់ ដោយស្រែកជ័យឃោស និងផ្លុំត្រែយ៉ាងលាន់រំពង។
16ពេលដែលហឹបរបស់ព្រះអម្ចាស់បានចូលដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល បុត្រីព្រះបាទសូល បានក្រឡេកមើលតាមបង្អួច។ ព្រះនាងបានឃើញព្រះបាទដាវីឌ កុំពុងលោតកញ្ឆេង និងរាំនៅចំពោះព្រះអម្ចាស់។ ពេលនោះព្រះនាងបានមើលងាយស្តេចនៅក្នុងចិត្តរបស់នាង។
17ពួកគេបាននាំយកហិបទៅតម្កល់នៅទីកន្លែងដែលបានរៀបចំ គឺនៅកណ្តាលព្រះដំណាក់ដែលព្រះបាទដាវីឌ បានបម្រុងទុក។ បន្ទាប់មក ព្រះបាទដាវីឌបានថ្វាយតង្វាយដុតទាំងមូល និងនៅចំពោះព្រះអម្ចាស់។
18ពេលដែលទ្រង់បញ្ចប់ការថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព ទ្រង់បានឲ្យពរដល់ប្រជាជនទាំងអស់ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។
19បន្ទាប់មក ទ្រង់បានប្រទានអាហារដល់មនុស្សទាំងអស់ ទាំងប្រុស ទាំងស្រី គឺម្នាក់ទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំដំណាប់លមើុមួយដុំ។ បន្ទាប់មក ពួកគេបានចាកចេញ នឹងត្រឡប់ទៅផ្ទះរបស់ពួករៀងៗខ្លួន។
20បន្ទាប់មក ព្រះបាទដាវីឌ បានត្រឡប់ទៅព្រះដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។ ព្រះនាងមីកាល បុត្រីស្តេចសូល បានចេញមកជួបព្រះបាទដាវីឌ ហើយទូលថា៖ «ថ្ងៃនេះ ស្តេចនៃអ៊ីស្រាអែលរុងរឿងណាស់ហ្ន៎! ដែលបានបង្ហាញខ្លួនទទេរបស់ព្រះអង្គនៅចំពោះភ្នែកពួករាជបម្រើទាំងប្រុសទាំងស្រី ដូចជាមនុស្សលេលាម្នាក់ ដែលមិនខ្មាស់អៀនដែលខ្លួនគ្មានសម្លៀកបំពាក់!»
21ព្រះបាទដាវីឌក៏មានរាជឱង្ការតបទៅនាងវិញថា៖ «យើងបានធ្វើការនោះ ចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីថ្វាយព្រះកិត្តិយសដល់ព្រះអម្ចាស់ ដែលបានជ្រើសរើសយើងជំនួសឪពុករបស់នាង និងលើពួកញាតិរបស់នាង ព្រះអម្ចាស់ដែលបានតាំងយើងឲ្យដឹកនាំលើប្រជារាស្រ្តរបស់ព្រះអង្គ គឺលើរាស្ត្រអ៊ីស្រាអែល។
22យើងនឹងដាក់ខ្លួនរបស់យើងឲ្យថោកជាងនេះទៅទៀត ទោះបីជាយើងនឹងអាម៉ាស់មុខក្នុងភ្នែករបស់យើង។ ប៉ុន្តែ យើងនឹងបានទទួលការលើកតម្កើងដោយពួកបម្រើស្រីៗដែលនាងបាននិយាយអំបាញមិញនេះ»។
23ព្រះនាងមិកាល បុត្រីព្រះបាទសូល គ្មានបុត្រឡើយរហូតដល់ថ្ងៃដែលព្រះនាងស្លាប់។