1កាលនោះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់បានមករកព្រះបាទដាវីឌ នៅទីក្រុងហេប្រុន ហើយទូលទ្រង់ថា៖ «សូមទតចុះ! យើងរាល់គ្នាជាសាច់ឈាមរបស់ទ្រង់ដែរ។
2កាលពីដើម នៅពេលដែលព្រះបាទសូល គ្រងរាជ្យលើយើង គឺទ្រង់ធ្លាប់ដឹកនាំទ័ពអ៊ីស្រាអែលទៅធ្វើសឹក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទ្រង់ថា៖ អ្នកនឹងឃ្វាលប្រជារាស្ត្ររបស់យើង ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំលើអ៊ីស្រាអែល»។
3ចាស់ទុំរបស់អ៊ីស្រាអែលទាំងអស់បានមករកព្រះរាជានៅក្រុងហេប្រុន ហើយព្រះរាជាបានចងសម្ព័ន្ធមេត្រីជាមួយពួកចាស់ទុំទាំងអស់នៅចំពោះព្រះអម្ចាស់។ រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចសោយរាជ្យលើពួកគេ។
4ពេលដែលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបព្រះវស្សា ហើយទ្រង់សោយរាជ្យបានសែសិបព្រះវស្សា។
5ទ្រង់សោយរាជ្យលើកុលសម្ព័ន្ធយូដា នៅក្រុងហេប្រុនអស់រយៈពេលប្រាំពីរឆ្នាំ និងប្រាំមួយខែ ហើយសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ព្រមទាំងកុលសម្ព័ន្ធយូដា នៅក្រុងយេរូសាឡិម អស់រយៈពេលសាមសិបបីឆ្នាំ។
6ព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គបានចេញទៅវាយយកយេរូសាឡិម ប្រឆាំងនឹងពួកយេប៊ូស ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេទូលព្រះបាទដាវីឌថា៖ «អ្នកឯងមិនអាចចូលមកទីនេះបានទេ គ្រាន់តែមនុស្សខ្វាក់ ហើយនិងជនពិការក៏អាចរុញច្រានអ្នកឲ្យត្រឡប់ទៅវិញបានដែរ។ ព្រះបាទដាវីឌមិនអាចចូលក្នុងក្រុងបានទេ»។
7ប៉ុន្តែ ព្រះបាទដាវីឌ វាយយកបានបន្ទាយនៅស៊ីយ៉ូន ដែលសព្វថ្ងៃនេះហៅថា បុរីព្រះបាទដាវីឌ។
8ពេលនោះ ព្រះបាទដាវីឌមានរាជឳង្ការថា៖ «អ្នកណាដែលឡើងទៅវាយពួកយេប៊ូស ត្រូវឡើងទៅតាមប្រឡាយទឹក ដែលនឹងទៅដល់ពួកខ្វាក់ និងពួកពិការដែលជាសត្រូវរបស់ដាវីឌជាមិនខាន»។ ដូច្នោះហើយបានជាពួកគេនិយាយថា៖ «មនុស្សខ្វាក់ និងជនពិការមិនអាចចូលទៅក្នុងព្រះដំណាក់បានទេ»។
9នោះព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលហៅថា បុុរីព្រះបាទដាវីឌ។ បន្ទាប់មក ទ្រង់បានពង្រីកទីក្រុងជុំវិញនោះ គឺចាប់ពីផ្ទៃរាបស្មើទៅខាងក្នុង។
10ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយព្រះអង្គ។
11ព្រះបាទហ៊ីរ៉ាម ស្តេចនៃក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យចូលគាល់ព្រះបាទដាវីឌ ទាំងនាំឈើតាត្រៅ ជាងសំណង់ និងជាងដាប់ថ្មមកជាមួយផង។ ពួកគេបានសាងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
12ទ្រង់ជ្រាបថា ព្រះអម្ចាស់បានតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យអាណាចក្ររបស់ស្តេចបានចម្រុងចម្រើនឡើង ដោយព្រោះអ៊ីស្រាអែល ជារាស្រ្តរបស់ព្រះអង្គ។
13បន្ទាប់ពី ព្រះបាទដាវីឌបានចាកចេញពីក្រុងហេប្រុន មកគង់នៅក្រុងយេរូសាឡិម ទ្រង់បានយកស្រីស្នំ និងមហេសីជាច្រើន ហើយក៏មានបុត្រាបុត្រីជាច្រើន ដែលបានប្រសូតនៅទីនោះសម្រាប់ព្រះអង្គ។
14នេះជាព្រះនាមរបស់បុត្រាបុត្រី របស់ព្រះអង្គដែលបានប្រសូត្រនៅយេរូសាឡិមដូចជា៖ សាំមួរ សូបាប់ ណាថាន សាឡូមូន
15យីបហារ អេលីសួ នេផេក យ៉ាភា
16អេលីសាម៉ា អេលាដា និង អេលីផេលេត។
17នៅពេលដែលពួកភីលីស្ទីនបានឮថាព្រះបាទដាវីឌត្រូវបានចាក់ប្រេងតាំងអភិសេកជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ពួកគេក៏បានធ្វើដំណើរទៅតាមរកព្រះអង្គ។ ខណៈដែលព្រះរាជាឮអំពីដំណឹងនេះ ទ្រង់បានចុះទៅឯបន្ទាយ។
18ពួកភីលីស្ទីន បានមកដល់ ហើយពួកគេបានបោះជំរំទ័ពរបស់ខ្លួននៅក្នុងជ្រលងភ្នំរេផែម។
19ព្រះបាទដាវីឌបានទូលសូមឲ្យព្រះអម្ចាស់ជួយដោយទូលថា៖ «តើគួរឲ្យទូលបង្គំច្បាំងជាមួយនឹងពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រទានជ័យជម្នះមកទូលបង្គំឬទេ? ព្រះអម្ចាស់ក៏មានព្រះបន្ទូលតបថា៖ «ចូរចេញទៅច្បាំងចុះ! យើងនឹងឲ្យអ្នកមានជ័យជម្នះលើជនជាតិភីលីស្ទីនមិនខាន»។
20ព្រះបាទដាវីឌ ក៏ចេញទៅរហូតដល់ បាល-ពេរ៉ាស៊ីម ហើយទ្រង់បានវាយពួកគេឲ្យបាក់ទ័ពនៅទីនោះ។ នោះស្តេចមានរាជឳង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខយើង ដូចជាទឹកបាក់ទំនប់»។ ដូច្នេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
21នៅពេលដែលបាក់ទ័ព ពួកភីលីស្ទីនបានទុកព្រះរបស់ពួកគេចោលនៅទីនោះ ហើយស្តេចដាវីឌ និងកងទ័ពរបស់ទ្រង់បានប្រមូលយកព្រះទាំងនោះយកទៅបោះចោល។
22បន្ទាប់មក ពួកភីលីស្ទីនបាននាំគ្នាមកបោះជំរំទ័ពនៅក្នុងជ្រលងភ្នំ រេផាអ៊ីម។
23ព្រះបាទដាវីឌបានទូលសូមជំនួយពីព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមិនត្រូវវាយប្រហារពួកគេចំពីមុខឡើយ! ប៉ុន្តែ ត្រូវដើរវាងពីក្រោយ ហើយវាយពួកគេនៅម្តុំដើមស្រល់នោះវិញ។
24នៅពេលដែលអ្នកបានឮសន្ធឹកជើងនៃការដើរក្បួនដែលមកតាមខ្យល់នៅលើចុងស្រល់មក ត្រូវប្រញាប់ចេញទៅវាយប្រហារដោយពេញកម្លាំងចុះ។ ចូរធ្វើដូច្នេះចុះ ព្រោះព្រះអម្ចាស់នឹងយាងទៅខាងមុខអ្នកដើម្បីវាយប្រហារពួកទាហានភីលីស្ទីន»។
25ព្រះបាទដាវីឌបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់បានបង្គាប់ដល់ព្រះអង្គ។ ទ្រង់បានសម្លាប់ពួកភីលីស្ទីនចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។