ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 3

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ មានកើតសង្ក្រាមអស់រយៈពេលយ៉ាងយូរវាងរវាង​រាជ‌វង្សរបស់ព្រះបាទសូល និងរវាង​រាជ‌វង្សរបស់ព្រះបាទដាវីឌ។ រាជ្យវង្សរបស់់ព្រះបាទដាវីឌកាន់តែមានអំណាចឡើងខ្លាំង ហើយខ្លាំងឡើង ចំណែកឯ រាជ‌វង្សរបស់ព្រះបាទសូលកាន់តែចុះខ្សោយទៅ ចុះខ្សោយទៅ។
2បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គ បានប្រសូតនៅក្នុងហេប្រុន។ បុត្រច្បងរបស់ព្រះអង្គ ព្រះនាម​អាំណូន ដែលបានប្រសូតពីព្រះនាងអ័ហីណោម ជាអ្នកស្រុកយេសរាល។
3បុត្រទីពីរ ព្រះនាម គីឡាប ដែលប្រសូតពីព្រះនាង​អប៊ី‌កែល ជាភរិយារបស់លោកណាបាល អ្នកស្រុកកាមែល។ បុត្រទីបី ព្រះនាម អាប់សាឡូម ប្រសូតពីព្រះនាងម៉ាកា ជាបុត្រីព្រះបាទតាលម៉ាយ អ្នកស្រុកហ្កេសួរ។
4បុត្រទីបួនរបស់ស្តេចដាវីឌ ព្រះ‌នាម​អដូនី‌យ៉ា ជាបុត្ររបស់ព្រះនាង​ហាគីត។ បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីព្រះនាងអប៊ីតាល។
5ហើយបុត្រទីប្រាំមួយ គឺយីតរ៉ាម ប្រសូតពីព្រះនាងអេកឡា។ ទាំងនេះគឺជាបុត្ររបស់ស្តេចដាវីឌ​​ ដែលបានប្រសូតនៅក្នុងហេប្រុន។
6នៅគ្រានោះការធ្វើសង្គ្រាមរវាងរាជវង្សរបស់ព្រះបាទសូល និង រាជវង្សរបស់ព្រះបាទដាវីឌ លោអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួននៅក្នុងរាជវង្សរសស់ព្រះបាទសូល។
7ព្រះបាទសូលមានស្នំឯកម្នាក់ ឈ្មោះនាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា។ សម្តេចអ៊ីសបូសែត បានមានបន្ទូលទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោកដេកជាមួយស្នំឯកបិតារបស់យើងដូច្នេះ?»
8ពេលនោះ លោកអប៊ីនើរខឹងយ៉ាងខ្លាំងចំពោះសំនួររបស់សម្តេចអ៊ីសបូសែត​ រួចតបទៅវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើរបស់ពួកយូដាឬក៏អី? រហូតដល់សព្វថ្ងៃនេះទូលបង្គំបង្ហាញសេចក្តីស្មោះត្រង់ចំពោះញាតិវង្សរបស់ព្រះបាទសូលបិតារបស់ព្រះករុណា ចំពោះបងប្អូន និង មិត្តភក្រ្តរបស់ទ្រង់ ដោយមិនបញ្ជូនព្រះករុណាទៅក្នុងព្រះហស្តស្តេចដាវីឌ។ ប៉ុន្តែ ហេតុអ្វីឥឡូវព្រះករុណាបែរជាស្តីបន្ទោសទូលបង្គំព្រោះតែរឿងមនុស្សស្រីទៅវិញ?
9សូមព្រះអម្ចាស់ដាក់ទូលបង្គំ លោកអប៊ីនើរ យ៉ាងធ្ងន់ធ្ងរទៅចុះ ប្រសិនបើទូលបង្គំមិនប្រគល់រាជ្យទៅអោយព្រះបាទដាវីឌ តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាទេនោះ
10គឺព្រះអង្គបានសន្យាថា នឹងផ្ទេររាជ្យពីរាជវង្សរបស់ព្រះបាទសូល ហើយតាំងបល័្លង្ករបស់ព្រះបាទដាវីឌឡើងឲ្យគ្រប់គ្រងលើអ៊ីស្រាអែល​និង យូដា គឺចាប់ពីក្រុងដាន់ រហូតដល់បៀសេបា»។
11សម្តេចអ៊ីសបូសែត មិនមានពាក្យអ្វីឆ្លើយតបនឹងពាក្យរបស់លោកអប៊ីនើរបានទេ ព្រោះលោកភ័យខ្លាចលោកអប៊ីនើរ។
12លោកអប៊ីនើរបានចាត់អ្នកនាំសារទៅឯព្រះបាទដាវីឌ ដើម្បីទូលព្រះអង្គថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់អ្នកណា? ចូរចងសម្ពន្ធមិត្តជាមួយទូលបង្គំចុះ ហើយចូលទតមើលចុះគឺទូលបង្គំប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកនៅក្រោមការដឹកនាំរបស់ទ្រង់»។ ​
13ព្រះបាទដាវីឌ​តបវិញថា៖ «បាន! យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក។ ប៉ុន្តែយើងមានរឿងមួយស្នើដល់លោក គឺលោកនឹងមិនបានឃើញមុខរបស់យើងទេ លុះត្រាតែលោកនាំព្រះ‌នាង​មិកាល់ ជាបុត្រីស្តេចសូល មកជាមួយនោះលោកនឹងបានជួបជាមួយយើង»។
14បន្ទាប់មក ព្រះបាទដាវីឌ បានចាត់អ្នកនាំសារទៅគាល់ព្រះ‌បាទ​អ៊ីស‌បូសែត បុត្ររបស់ព្រះបាទសូលមានរាជឱង្ការថា៖ «សូមប្រគល់ព្រះ‌នាង​មិកាល់ ជាមហេសីរបស់ទូលបង្កំមកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំបានយកស្បែកអង្គជាតិពួកភីលីស្ទីន ចំនួនមួយរយមកជូនជាបណ្តាការ»។
15ដូច្នេះ ព្រះ‌បាទ​អ៊ីស‌បូសែត​ ចាត់គេឲ្យទៅនាំព្រះ‌នាង​មិកាល់ ពីផ្ទះប្តីរបស់នាងមក គឺលោកប៉ាសធាស កូនរបស់លោកឡាអ៊ីស។
16ប្តីរបស់នាងក៏ចេញទៅតាមពីក្រោយនាង ទាំងយំផង រហូតដល់បាហ៊ូរីម។ បន្ទាប់មក លោកអប៊ីនើរមានប្រសាសន៍ទៅលោកថា៖ «ចូរត្រឡប់ទៅផ្ទះវិញទៅ!»។ គាត់ក៏ត្រឡប់ទៅវិញ។
17លោកអប៊ីនើរបានមានប្រសាសន៍ទៅកាន់ពួកចាស់ទុំរបស់អ៊ីស្រាអែលថា៖​ «កាលពីមុនអ្នករាល់គ្នាព្យាយាមដើម្បីឲ្យបានព្រះបាទដាវីឌ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នា។
18ឥឡូវនេះ ចូរនាំគ្នាធ្វើដូច្នេះចុះ! ដ្បិត ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីព្រះបាទដាវីឌថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើងពីដៃរបស់ពួកភីលីស្ទីន និងពីដៃរបស់ខ្មាំងសត្រូវរបស់ពួកគេ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង»។
19លោកអប៊ីនើរក៏បានមានប្រសាសន៍ដោយផ្ទាល់ជាមួយពួកប៊េនយ៉ាមីនដែរ។ បន្ទាប់មក លោកអប៊ីនើរបានចូលទៅគាល់ព្រះបាទដាវីឌ នៅទីក្រុងហេប្រុន និងបានទូលស្តេចឲ្យបានជ្រាបពីសេចក្តីសម្រេចទាំងឡាយរបស់ពួកអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីន​។
20នៅពេលដែល លោកអប៊ីនើរ និងទាហានទាំងម្ភៃនាក់របស់លោកមកដល់ទីក្រុងហេប្រុន ដើម្បីជួបព្រះបាទដាវីឌ​ នោះព្រះបាទដាវីឌបានរៀបចំពិធីជបលៀងសម្រាប់ពួកគេ។
21លោកអប៊ីនើរបានទូលព្រះបាទដាវីឌថា៖ «ទូលបង្គំនឹងចេញទៅប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដូច្នេះពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ឲ្យព្រះករុណាបានសោយរាជ្យលើគ្រប់ៗទាំងអស់»។
22ខណៈនោះ ពួកពលទាហានរបស់ព្រះបាទដាវីឌ និងលោកយ៉ូអាប់បានត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ទាំងនាំយករបឹបមកជាមួយផង។ ប៉ុន្តែ ពេលនោះលោក​អប៊ី‌នើរ​មិនបានមកនៅជាព្រះបាទដាវីឌ នៅទីក្រុងហេប្រុនទេ។ ព្រះបាទដាវីឌបានបញ្ជូនគាត់ចេញទៅ ហើយលោកលោក​អប៊ី‌នើរ​បានចេញទៅដោយសុខសាន្ត។
23នៅពេលដែលលោកយ៉ូអាប់ និងពួកពលទាហានរបស់លោកមកដល់ មានគេប្រាប់លោកថា៖ «លោក​អប៊ី‌នើរ​ ជាកូនរបស់លោកនើរ បានមកជូបព្រះរាជា ហើយព្រះរាជាបានឲ្យគេទៅ លោក​អប៊ី‌នើរ​ក៏ចេញទៅដោយសុខសាន្ត។
24ពេលដែលលោកមកដល់លោកបានទូលសួរព្រះបាទដាវីឌថា៖ «តើព្រះរាជាបានធ្វើអ្វី? ទតចុះ! លោក​អប៊ី‌នើរ​បានមកគាល់ព្រះរាជា តើហេតុអ្វីបានជាព្រះករុណាអនុញ្ញាតឲ្យគេទៅយ៉ាងស្រួលដូច្នេះ?
25តើព្រះករុណា មិនជ្រាបទេឬ ថា លោក​អប៊ី‌នើរ​ជាកូនរបស់លោកនើរ គេមកដើម្បីបោកបញ្ឆោតព្រះករុណា ហើយដើម្បីស៊ើបរកយុទ្ធសាស្រ្តរបស់ព្រះករុណា និងដើម្បីរៀនពីគ្រប់យ៉ាងដែលព្រះករុណាកំពុងធ្វើ?
26បន្ទាប់ពី លោកយ៉ូអាប់បានចាកចេញពីព្រះបាទដាវីឌទៅ លោកបានចាត់អ្នកនាំសារទៅតាមលោក​អប៊ី‌នើរ​ ហើយពួកគេបាននាំលោក​អប៊ី‌នើរ​ត្រឡប់ពីអណ្ដូង​ទឹក​ស៊ីរ៉ា​វិញ ប៉ុន្តែ ព្រះបាទដាវីឌ មិនបានជ្រាបពីរឿងនេះទេ។
27ពេលដែលលោកអប៊ីនើរត្រឡប់មកដល់ក្រុងហេប្រុនវិញ លោកយ៉ូអាប់បាននាំលោកទៅកាន់កណ្តាលច្រកទ្វារ ដើម្បីនិយាយការសម្ងាត់ជាមួយគាត់។ នៅទីនោះលោកយ៉ូអាប់បានចាក់លោកអប៊ីនើរ ត្រង់ពោះ​ហើយលោកក៏ស្លាប់នៅទីនោះ។ លោកយ៉ូអាប់ធ្វើដូច្នេះដើម្បីសងសឹកឲ្យលោកអេសាអែល ជាប្អូនប្រុសរបស់លោក។
28ខណៈដែលព្រះបាទដាវីឌ បានឮដំណឹងនេះ ព្រះអង្គមានរាជ្យឳង្ការថា៖ «យើងនឹងរាជាណាចក្ររបស់យើងគ្មានទោសនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ចំពោះឈាមរបស់លោកអប៊ីនើរ កូនរបស់លោកនើរឡើយ។
29សូមឲ្យទោសនៃការសម្លាប់លោកអប៊ីនើរនេះ ធ្លាក់ទៅលើលោកយ៉ូអាប់ ហើយនិងញាតិសន្តានរបស់គេទៅចុះ។ សូមឲ្យក្នុុងគ្រួសាររបស់លោកយ៉ូអាប់តែងតែមានមនុស្សកើត ដំបៅងារ ជម្ងឺឃ្លង់ ឬមានមនុស្សពិការ ហើយសូមឲ្យមានមនុស្សដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយអត់អាហារ»។
30ដូច្នេះ លោកយ៉ូអាប់ និងលោកអប៊ីសាយ ជាបងប្អូនប្រុសរបស់គាត់ដែលបានសម្លាប់លោកអប៊ីនើរ ព្រោះតែលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាបងប្អូនរបស់គាត់នៅគីបៀន នៅក្នុងការប្រយុទ្ធគ្នា។
31ព្រះបាទដាវីឌ បានមានរាជឳង្ការទៅកាន់លោកយ៉ូអាប់ និងពួកពលទាហានដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់របស់អ្នករាល់គ្នា រួចស្លៀកបាវជំនួសវិញ ហើយត្រូវកាន់ទុកចំពោះសពរបស់អប៊ីនើរ»។ ស្តេចបានដើរពីក្រោយពិធីដង្ហែរសព។
32ពួកគេបានបញ្ចុះសពរបស់លោកអប៊ីនើរនៅក្នុងហេប្រុន។ ព្រះរាជាទ្រង់ព្រះកន្សែងយ៉ាងខ្លាំងនៅផ្នូររបស់លោកអប៊ីនើរ ហើយប្រជាជនទាំងអស់ក៏បានយំសោកដែរ។
33ព្រះរាជាបានលើកទំនួញត្អូញត្អែររំលឹកពីលោកអប៊ីនើរដូចតទៅ៖ «លោកអប៊ីនើរអើយ ហេតុអ្វីបានជាលោកស្លាប់ដូចជាមនុស្សលេលាដូច្នេះ
34ដៃរបស់លោកគ្មានជាប់ចំណងសោះ។ ជើងរបស់លោកក៏មិនជាប់ច្រវាក់ដែរ។ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងអស់នាំគ្នាយំសោកស្តាយស្រណោះលោកអប៊ីនើរសារជាថ្មី។
35ប្រជាជនបានចូលមកឯព្រះបាទដាវីឌ​ ដើម្បីថ្វាយព្រះស្ងោយទាន់នៅភ្លឺ ប៉ុន្តែ ព្រះបាទដាវីឌបានស្បថថា៖ «សូមឲ្យព្រះអម្ចាស់ដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅចុះ​ប្រសិនបើ យើងបរិភោគនំប៉័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច»។
36ប្រជាជនបានកត់សម្គាល់ឃើញសេចក្តីសោកសៅរបស់ស្តេច ហើយពួកគេមានការពេញចិត្តណាស់​ដូចដែលពួកគេធ្លាប់ពេញចិត្តនឹងអ្វីដែលស្តេចបានធ្វើ។
37ដូច្នេះ ប្រជាជនទាំងអស់ ក៏ដូចជាពួកអ៊ីស្រាអែលបានដឹងថា ការសម្លាប់លោកអប៊ីនើរនៅថ្ងៃនោះ មិនមែនជាការសម្រេចចិត្តរបស់ព្រះរាជានោះទេ។
38ព្រះរាជាមានព្រះរាជឳង្ការទៅពួកអ្នកបម្រើរបស់ព្រះអង្គថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា ថ្ងៃនេះវីរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់ បានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល?
39ទោះបីជាខ្ញុំបានទទួលការចាក់ប្រេងតាំងពីព្រះជាម្ចាស់ក្តី ក៏ខ្ញុំនៅតែជាមនុស្សទន់ខ្សោយដែរ។ ចំណែកឯកូនៗរបស់លោកស្រីសេរូយ៉ា គេជាមនុស្សឃោរឃៅជាងខ្ញុំ។ សូមឲ្យព្រះអម្ចាស់ ដាក់ទោសមនុស្សឃោរឃៅ ទៅតាមអំពើរឃោរឃៅរបស់គេទៅចុះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។