1ក្រោយការនោះ លោកដាវីឌបានទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរនឹងឡើងទៅក្រុងណាមួយរបស់ស្រុកយូដាឬ?» ព្រះអម្ចាស់បានតបទៅលោកថា៖ «ចូរទៅចុះ!» លោកដាវីឌក៏ទូលទៀតថា៖ «តើក្រុងមួយណាដែលទូលបង្គំគួរនឹងឡើងទៅ?» នោះព្រះអម្ចាស់មានបន្ទូលថា៖ «ត្រូវទៅក្រុងហេប្រុន!»។
2ដូច្នេះ លោកដាវីឌបានចេញទៅជាមួយភរិយាទាំងពីរនាក់របស់លោកគឺ៖ នាងអហ៊ីណោម អ្នកស្រុកយេសរាល និងនាងអប៊ីកែល ភរិយារបស់លោកណាបាល អ្នកស្រុកគើមែល
3លោកដាវីឌបាននាំមនុស្សទាំងអស់ដែលនៅជាមួយលោក ទាំងគ្រួសាររបស់លោក ទៅកាន់ទីក្រុងហេប្រុន ជាទីកន្លែងដែលពួកគេនឹងត្រូវរស់នៅ។
4ពេលនោះ អ្នកស្រុកយូដា បាននាំគ្នាមកក្រុងហេប្រុន ហើយធ្វើការចាក់ប្រេងតាំងលោកដាវីឌឲ្យធ្វើជាស្តេចដឹកនាំលើកស្រុកយូដា។ ពួកគេបានប្រាប់លោកដាវីឌថា៖ «មានបុរសម្នាក់ឈ្មោះយ៉ាប៊េស ជាអ្នកស្រុកកាឡាត បានបញ្ចុះសពព្រះបាទសូល»។
5ដូច្នេះ ព្រះបាទដាវីឌបានចាត់អ្នកនាំសារឲ្យទៅជួបនឹងលោកយ៉ាប៊េស ជាអ្នកស្រុកកាឡាត ហើយមានរាជឱង្ការទៅលោកថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ដ្បិត លោកបានបង្ហាញសេចក្តីស្មោះស្ម័គ្រចំពោះព្រះបាទសូលជាម្ចាស់របស់លោក ហើយបានបញ្ចុះសពរបស់ព្រះអង្គ។
6ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នា។ ហើយយើងក៏នឹងសម្តែងសេចក្តីសប្បុរស និងភាពស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាបានធ្វើយ៉ាងដូច្នេះចំពោះម្ចាស់របស់អ្នករាល់គ្នា។
7ដូច្នេះ ចូរមានកម្លាំងឡើង ដោយព្រះបាទសូលម្ចាស់របស់អ្នក បានសោយទិវង្គតទៅហើយ ហើយអ្នកស្រុកយូដាក៏បានតែងតាំងខ្ញុំជាស្តេចគ្រប់គ្រងលើពួកគេដែរ។
8ប៉ុន្តែ លោកអប៊ីនើរ ជាកូនរបស់លោក នើរ ជាមេទ័ពរបស់ព្រះបាទសូលបាននាំសម្តេចអ៊ីសបូសែត ជាបុត្រព្រះបាទសូល ឆ្លងទៅស្រុកម៉ាហាណាអ៊ីម។
9គាត់បានលើកសម្តេចអ៊ីសបូសែត ធ្វើជាស្តេចគ្រងរាជ្យលើស្រុកកាឡាត ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន គឺលើស្រុកអ៊ីស្រាអែលទាំងមូល។
10សម្តេចអ៊ីសបូសែត បុត្ររបស់ព្រះបាទសូលមានព្រះជន្មសែសិបព្រះវស្សា ពេលដែលព្រះអង្គចាប់ផ្តើមគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ព្រះអង្គគ្រងរាជ្យអស់រយៈពេលពីរឆ្នាំ។ ប៉ុន្តែ មានតែស្រុកយូដាប៉ុណ្ណោះដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចដាវីឌ។
11ព្រះបាទដាវីឌ បានសោយរាជ្យនៅក្រុងហេប្រុន និងគ្រប់គ្រងលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំ និងប្រាំមួយខែ។
12លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាអ្នកបម្រើរបស់សម្តេចអ៊ីសបូសែត បុត្រព្រះបាទសូល បានចាកចេញពីម៉ាហាណាអ៊ីមទៅកាន់ក្រុងគីបៀន។
13លោកយ៉ូអាប់ ជាកូនរបស់លោកស្រីសេរូយ៉ា ព្រមទាំងរាជ្យបម្រើរបស់ស្តេចដាវីឌក៏បានចេញទៅច្បាំងដែរ ហើយពួកគេបានជួបគ្នានៅត្រង់បឹងគីបៀន។ នៅទីនោះ ពួកគេបានបោះទ័ពប្រឈមមុខគ្នានៅបឹងម្នាក់ម្ខាង។
14លោកអប៊ីនើរមានប្រសាសន៍ទៅលោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជន ក្រោកឡើង ហើយប្រយុទ្ធគ្នានៅខាងមុខយើង»។ លោកយ៉ូអាប់តបទៅវិញថា៖ «ចូរឲ្យគេក្រោកឡើងប្រកួតគ្នាចុះ»។
15យុវជនទាំងនោះក៏ក្រោកចេញទៅមានចំនួនស្មើគ្នា គឺម្ភៃនាក់ពីពួកបេនយ៉ាមីន និងពីពួកសម្ដេចអ៊ីសបូសែតបុត្រព្រះបាទសូល ហើយម្ភៃនាក់ទៀតពីពួករាជ្យបម្រើរបស់ស្តេចដាវីឌ។
16ពួកគេម្នាក់ៗចាប់ក្បាលដៃគូប្រយុតរៀងៗខ្លួន ហើយហូតដាវរបស់គេចាក់ទៅចន្លោះឆ្អឹងជំនីដៃគូរប្រយុទ្ធរបស់ខ្លួន ហើយក៏ដួលស្លាប់ទាំងអស់គ្នា។ កន្លែងដែលពួកគេបានប្រយុទ្ធគ្នានោះក្នុងភាសាហេព្រេីរហៅថា៖ «ហេលកាត-ហាស៊ូរីម» ឬ «ទីវាលនៃដាវ» គឺនៅក្នុងក្រុងគីបៀន។
17ការប្រយុទ្ធយ៉ាងសាហាវបានកើតឡើងនៅថ្ងៃនោះ។ លោកអប៊ីនើរ និងទាហានរបស់លោក បានប្រយុទ្ធចាញ់អ្នកបម្រើរបស់ស្តេចដាវីឌ។
18កូនប្រុសទាំងបីរបស់លោកស្រីសេរូយ៉ា ដែលនៅទីនោះមាន៖ លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអសាហែល អាចរត់លឿនដូចជាប្រើសព្រៃ។
19លោកអេសាអែល បានដេញតាមលោកអប៊ីនើរ យ៉ាងប្រកិតដោយមិនបានងាកឆ្វេង ឬស្តាំឡើយ។
20លោកអប៊ីនើរបានក្រឡេកមើលក្រោយហើយសួរថា៖ «តើអ្នកជាេអសាអែលឬ?» គាត់ក៏តបថា៖ «គឺយើងនេះហើយ»។
21លោកអប៊ីនើរមានប្រសាសន៍ទៅគាត់ថា៖ «ចូរដេញតាមក្មេងណាម្នាក់ដែលនៅខាងស្តាំ ឬនៅខាងឆ្វេងអ្នក ហើយដោះយកគ្រឿងសាស្ត្រាវុធរបស់គេទៅ!
22លោកអប៊ីនើរមានប្រសាសន៍ទៅលោកអេសាអែលម្តងទៀតថា៖ «ឈប់ដេញតាមយើងទៅ។ តើចង់ឲ្យយើងវាយផ្តួលឯងទៅលើដីឬអី? បើដូច្នេះ តើឲ្យយើងប្រឈមមុខនឹងលោកយ៉ូអាប់ជាបងប្រុសរបស់ឯងយ៉ាងដូចម្តេច»។
23ប៉ុន្តែ លោកអេសាអែលនៅតែមិនព្រមឈប់ដេញតាមគាត់ ដូច្នេះ លោកអប៊ីនើរបានបុកលោកអេសាអែល នឹងចុងលំពែងរបស់លោក នោះចុងលំពែងបានបុកទំលុះពីពោះធ្លាយដល់ខ្នង។ លោកអេសាអែល បានដួលហើយស្លាប់នៅកន្លែងនោះទៅ។ នៅពេលដែលពួកអ្នកដែលរត់តាមមកដល់កន្លែងដែលលោកអេសាអែលដួលស្លាប់នោះ ក៏បាននាំគ្នាឈប់ហើយឈរនៅទីនោះ។
24ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ។ នៅពេលថ្ងៃលេច ពួកគេបានមកដល់ជំរាលអាំម៉ា ដែលនៅជិតគីយ៉ា តាមផ្លូវទៅទីរហោស្ថានគីបៀន។
25ពួកទាហានបេនយ៉ាមីនបានប្រមូលគ្នាមកឈរពីក្រោយលោកអប៊ីនើរ ហើយផ្តុំគ្នាឈរនៅលើកំពូលភ្នំ។
26នៅពេលនោះលោកអប៊ីនើរស្រែកសួរទៅលោកយ៉ូអាប់ថា៖ «តើយើងត្រូវច្បាំងគ្នារហូតឬ? តើលោកមិនដឹងថា ការនេះនឹងបញ្ចប់ទៅដោយជូរចត់ទេឬ? តើរហូតដល់ពេលណាទើបលោកប្រាប់ពលទាហានរបស់លោកឲ្យឈប់ដេញតាមបងប្អូនរបស់ពួកគេ។
27លោកយ៉ូអាប់តបវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអង្គដែលមានព្រះជន្មគង់នៅថា ប្រសិនបើ អ្នកមិនសូមយើងទេ នោះទាហានរបស់យើងនឹងដេញតាមបងប្អូនរបស់ពួកគេរហូតដល់ព្រឹកមិនខាន!»។
28លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយទាហានរបស់គាត់ទាំងអស់បានឈប់ដេញតាមពួកទ័ពអ៊ីស្រាអែល ហើយក៏មិនប្រយុទ្ធជាមួយពួកគេទៀតដែរ។
29នៅយប់នោះលោកអប៊ីនើរពួកទាហានបន្តធ្វើដំណើរពេញមួយយប់ ដោយធ្វើដំណើរកាត់តាមអារ៉ាបា។ ពួកគេដើរតាមវាលទំនាបទន្លេយ័រដាន រហូតដល់ព្រឹកបន្ទាប់ ទើបពួកគេទៅដល់ម៉ាហាណាអ៊ីម។
30លោកយ៉ូអាប់បានត្រឡប់ពីដេញតាមលោកអប៊ីនើរវិញ។ លោកបានប្រមូលទាហានរបស់គាត់ នោះលោកឃើញមានមនុស្សដប់ប្រាំបួននាក់អវត្តមាន រួមទាំងលោកអសាអែល។
31ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់លោកបេនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរទាំងអស់បីរយហុកសិបនាក់។
32ពួកគេក៏បានលើកសពរបស់លោកអេសាអែល ហើយបានបញ្ចុះនៅក្នុងផ្នូរឪពុករបស់គាត់ ដែលនៅភូមិបេថ្លេហិម។ លោកយ៉ូអាប់ និងទាហានរបស់គាត់ដើរពេញមួយយប់ រហូតដល់ពេលថ្ងៃរះពួកគេបានទៅដល់ហេប្រុន។