1នេះជាពាក្យបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាបុត្ររបស់លោកអេសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកឡើងយ៉ាងខ្ពស់បំផុត ជាម្នាក់ដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្តេចដែលប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
2«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈខ្ញុំ ហើយព្រះអង្គដាក់ព្រះបន្ទូលលើអណ្តាតរបស់ខ្ញុំ។
3ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ព្រះដែលជាថ្មដានៃជនជាតិអ៊ីស្រាអែលមានបន្ទូលមកខ្ញុំថា៖ ស្តេចណាដែលគ្រប់គ្រងលើប្រជាជាតិដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយកោតខ្លាចព្រះអម្ចាស់។
4ស្តេចនោះប្រៀបបាននឹងពន្លឺព្រះអាទិត្យរះឡើងនៅពេលព្រឹក ដោយមិនមានពពកបាំង ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចីឡើងក្រោយពេលភ្លៀង។
5ជាការពិតណាស់ តើគ្រួសាររបស់ខ្ញុំមិនយ៉ាងដូច្នេះ ចំពោះព្រះអង្គទេឬ? តើព្រះអង្គមិនបានចងសម្ព័ន្ធមេត្រីស្ថិតស្ថេរអស់កល្ប គឺជាសម្ព័ន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវជាមួយខ្ញុំទេឬ? តើព្រះអង្គមិនបានប្រទានឲ្យខ្ញុំមានជ័យជម្នះ និងអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការទេឬ?
6ប៉ុន្តែ មនុស្សពាលវិញ ប្រៀបបាននឹងបន្លាដែលគេបោះចោលទៅ ដ្បិត មិនដែលមានអ្នកណានឹងយកដៃទៅពាល់វាទេ។
7មនុស្សដែលប៉ះវា ពួកគេត្រូវតែប្រើទម្ពក់ដែក ឬដងលំពែង។ ពួកគេត្រូវដុតនៅនឹងកន្លែងនោះ។
8ទាំងនេះគឺជាឈ្មោះទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ៖ លោកយេសបាអាល ជាជនជាតិតាកមូនី ជាមេបញ្ជាការនៃកងទាហានដែលអង់អាចក្លាហាន។ លោកបានសម្លាប់មនុស្សអស់ប្រាំរយនាក់ក្នុងសមរភូមិមួយ។
9បន្ទាប់មក គឺលោកអេឡាសារ ជាកូនរបស់លោកដូដូ លោកជាទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចក្លាហានទាំងបីនាក់របស់ព្រះបាទដាវីឌ។ លោកជាមេទ័ពម្នាក់ ក្នុងគ្រាដែលពួកភីលីស្ទីនប្រមូលគ្នាលើកទ័ពមកច្បាំងនឹងអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលដកទ័ពថយ។
10កាលនោះ មានតែលោកអេឡាសារ ប៉ុណ្ណោះដែលនៅឈរទប់ទល់ និងវាយពួកភីលីស្ទីនជាច្រើន រហូតដល់ដៃរបស់គាត់រោយ ហើយម្រាមដៃរបស់គាត់ក្តាប់ដាវលែងជាប់។ ព្រះជាម្ចាស់ប្រទានឲ្យលោកនូវជ័យជម្នះដ៏ធំធេងនៅថ្ងៃនោះ។ ពួកទាហានបានវិលត្រឡប់មករកលោកវិញ ដោយគ្រាន់តែប្រមូលសាកសពតែប៉ុណ្ណោះ។
11បន្ទាប់មក គឺលោកសាំម៉ា ជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្នានោះកងទពភីលីស្ទីនប្រមូលគ្នានៅវាលមួយ ដែលពេញទៅដោយសណ្តែក ហើយទាហានអ៊ីស្រាអែលបានបាក់ទ័ពនៅចំពោះមុខពួកគេ។
12ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្តាលចម្ការហើយវាយដណ្តើមយកចំការនោះមកវិញ។ លោកបានសម្លាប់ជនជាតិភីលីស្ទីនយ៉ាងច្រើន ហើយព្រះអម្ចាស់បានប្រទានជ័យជម្នះដ៏ធំធេង។
13ទាហានបីនាក់ ក្នុងចំណោមទាហានសាមសិបនាក់ បានចុះទៅគាល់ព្រះបាទដាវីឌ នៅរដូវចម្រូតនៅក្នុងល្អាងភ្នំអាឌូឡាម។ ពួកទាហានភីលីស្ទីនបានបោះជំរំ នៅជ្រលងភ្នំរេផាអ៊ីម។
14នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយដ៏រឹងមំារបស់ទ្រង់ ដែលនៅក្នុងជ្រលងភ្នំ។ ស្របពេលជាមួយគ្នាពួកភីលីស្ទីន ក៏ឈរជើងនៅបេថ្លេហឹមដែរ។
15ព្រះបាទដាវីឌស្រេកទឹក ទ្រង់ក៏មានរាជឱង្ការថា៖ «តើអ្នកណាអាចយកទឹកពីអណ្តូងដែលនៅភូមិបេថ្លេហឹម មកឲ្យយើងសោយបាន គឺអណ្តូងដែលនៅមាត់ទ្វារក្រុង!»
16ដូច្នេះ មេទាហានទាំងបីរូបដែលក៏នាំគ្នាសម្រុកទៅក្នុងបន្ទាយរបស់ពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅភូមិបេថ្លេហឹម គឺអណ្តូងទឹកដែលនៅមាត់ទ្វារក្រុង។ ពួកគេបានយកទឹកនោះទៅថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ទ្រង់មិនព្រមសោយទឹកនោះទេ។ ជំនួសវិញ ទ្រង់បានច្រូចទឹកនោះថ្វាយព្រះជាម្ចាស់។
17បន្ទាប់មក ទ្រង់មានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! សូមឲ្យការនេះឆ្ងាយពីទូលបង្គំ ថាទូលបង្គំនឹងទទួលទានទឹកនេះ។ តើទូលបង្គំ នឹងផឹកឈាមរបស់ទាហានដែលបានប្តូរជីវិតរបស់ពួកគេ ទៅដងឲ្យទូលបង្គំឬ?» ដូច្នេះ ទ្រង់មិនសោយវាទេ។ នេះហើយជាស្នាដៃ ដែលទាហានអង់អាចទាំងបីនាក់បានប្រព្រឹត្ត។
18លោកអប៊ីសាយ ប្អូនប្រុសលោកយ៉ូអាប់ ជាកូនប្រុសរបស់លោកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមទាហានទាំងបីរូប។
19តើគាត់មិនល្បីល្បាញជាងអ្នកទាំងបីទេឬ? លោកត្រូវបានតែងតាំងជាមេបញ្ជាការនៃកងទ័ព។ ប៉ុន្តែ លោកពុំអាចប្រៀបស្មើរនឹងមេក្រុមបីរូបទៀតបានឡើយ។
20លោកបេនណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចម្នាក់។ លោកបានសម្លាប់កូនប្រុសទាំងពីររបស់អរាល អ្នកស្រុកម៉ូអាប់។ គាត់ក៏បានចុះទៅក្នុងអណ្តូង ហើយបានសម្លាប់សត្វសិង្ហមួយ នៅពេលដែលធ្លាក់ទឹកកក។
21គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានមាឌធំសម្បើម។ ទាហានអេស៊ីបនោះ មានលំពែងនៅនឹងដៃ ប៉ុន្តែលោកបេណាយ៉ា ប្រយុទ្ធជាមួយនឹងគេដោយប្រើតែដំបងមួយប៉ុណ្ណោះ។ លោកបេណាយ៉ាបានដណ្តើមយកលំពែងពីដៃរបស់ទាហាននោះ ហើយបានសម្លាប់គេដោយលំពែងរបស់គេ។
22ទាំងនេះគឺជាស្នាដៃរបស់លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ហើយគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមវីរជនទាំងបី។
23ក្នុងចំណោមទាហានដ៏អង់អាចសាមសិបនាក់ លោកទទួលបានកិត្តិយសខ្លាំងជាងគេ ប៉ុន្តែលោកមិនអាចប្រៀបស្មើរនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
24ទាហានទាំងសាមសិបនាក់នោះរួមមាន៖ លោកអសាអែល ជាប្អូនប្រុសរបស់លោកយ៉ូអាប់ លោកអែលហាណាន កូនប្រុសលោកដូដូ ជាអ្នកភូមិបេថ្លេហឹម
25លោកសាំម៉ា ជាអ្នកស្រុកហារ៉ូដ លោកអេលីកា ជាអ្នកស្រុកហារ៉ូដ
26លោកហេលេស ជាអ្នកស្រុកប៉ាលធី លោកអ៊ីរ៉ា កូនប្រុសរបស់លោកអ៊ីកកែស ជាអ្នកក្រុងតេកូ
27លោកអាប៊ីអាស៊ើរ អ្នកស្រុកអាណាថោត លោកមេប៊ូណាយ អ្នកស្រុនហ៊ូសាយ
28លោកសាលម៉ូន អ្នកស្រុកអហូអា លោកម៉ាហារ៉ៃ អ្នកស្រុកណេថូផាត
29លោកហេលែប កូនរបស់លោកបាណា អ្នកស្រុកណែថូផា លោកអ៊ីតាយ កូនរបស់លោករីបាយ អ្នកស្រុកគីបៀ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន
30លោកបេណាយ ជាអ្នកស្រុកពីរ៉ាថូ លោកហ៊ីតដាយ អ្នកស្រុកនៃជ្រលងភ្នំអាកាស។
31លោកអប៊ី អាល់បូន អ្នកស្រុកអើរ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហូមីត
32លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន លោកយ៉ូណាថាន់ កូនៗរបស់លោកយ៉ាសេន លោកយ៉ូណាថាន់ កូនប្រុសលោកសាំម៉ា អ្នកស្រុកហារ៉ារីត
33លោកអាហីយ៉ាម កូនលោកសារ៉ា អ្នកស្រុកហារ៉ារីត
34លោកអែលលីផេឡែត កូនរបស់លោកអាហាសបាយ អ្នកស្រុកម៉ាកាត់ លោកអែលីយ៉ាម កូនរបស់លោកអហីថូផែល អ្នកស្រុកគីឡូន
35លោកហេសរ៉ូ ជានជាតិកាមែល លោកផាអារ៉ៃ អ្នកស្រុកអាប៊ីត
36លោកអ៊ីកាល កូនរបស់លោកណាថាន់ ដែលមកពីភូមិស៊ូបា លោកបានី ដែលមកពីកុលសម្ព័ន្ធកាថ
37លោកសេឡែក ជាជនជាតិអាំម៉ូន លោកណាហារ៉ាយ អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ កូនប្រុសរបស់លោកស្រីសេរូយ៉ា
38លោកអ៊ីរ៉ា អ្នកស្រុកយេធើ លោកកេរែប អ្នកស្រុកយេធើ
39លោកអ៊ូរី ជនជាតិហេត សរុបមកមានសាមសិបប្រាំពីរនាក់។