1ព្រះអម្ចាស់ព្រះពិរោធទាស់នឹងប្រជាជនអ៊ីស្រាអែលសារជាថ្មី ហើយទ្រង់បានធ្វើឲ្យព្រះបាទដាវីឌទាស់នឹងពួកគេ ដោយបន្ទូលថា៖ «ចូលទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា»។
2ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ជាមេទ័ព ដែលនៅជាមួយទ្រង់ថា៖ «ចូលចេញទៅគ្រប់ទាំងកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់ រហូតដល់បៀសេបា ហើយរាប់ចំនួនមនុស្សទាំងអស់ ដូច្នេះយើងអាចដឹងពីចំនួនសរុបនៃមនុស្សប្រុសដែលពេញកម្លាំងអាចចេញច្បាំងបាន។
3លោកយ៉ូអាប់ទូលព្រះរាជាថា៖ «សូមព្រះជាម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនរបស់ព្រះករុណាកើនចំនួនទ្វេរឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងភ្នែក។ ប៉ុន្តែហេតុអ្វីបានជាព្រះរាជា ចង់ជំរឿនប្រជាជនដូច្នេះ?»
4ដោយសារតែ បទបញ្ជារបស់ព្រះរាជាជំទាស់នឹងលោកយ៉ូអាប់ ហើយជំទាស់នឹងពួកមេទ័ព។ ដូច្នេះលោកយ៉ូអាប់ និងពួកមេទ័ពឯទៀតៗបានចេញពីព្រះរាជា ដើម្បីទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល។
5ពួកគេបានឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំ។ បន្ទាប់មក ពួកគេធ្វើដំណើរឆ្លងតាមកាថ ទៅកាន់ក្រុងយ៉ាស៊ើរ។
6ពួកគេបានទៅដល់ស្រុកកាឡាត និងស្រុកថាសធីម ហុដស៊ី បន្ទាប់មក ទៅស្រុកដាន់យ៉ាអ៊ន និងតំបន់ស៊ីដូន។
7ពួកគេបានបន្តដំណើរទៅដល់បន្ទាយក្រុងទីរុស ហើយនិងក្រុងនានារបស់ក្រុងហេវី និងជនជាតិកាណាន។ បន្ទាប់មក ពួកគេបានចេញតម្រង់ទៅណេកេវ ក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
8ក្រោយពីពួកគេបានធ្វើដំណើរឆ្លងកាត់ស្រុកទាំងមូល អស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃ បន្ទាប់ពួកគេបានត្រឡប់មកក្រុងយេរូសាឡិម។
9លោកយ៉ូអាប់ចូលទៅគាល់ស្តេច និងរាយការណ៍អំពីចំនួនមនុស្សដែលប្រយុទ្ធបានដល់ព្រះរាជា។ គឺនៅក្នុងអ៊ីស្រាអែលមានបុរសក្លាហានដែលអាចប្រដាប់អាវុធបាន ចំនួនប៉ែតសិបម៉ឺននាក់ និងមានហាសិបម៉ឺននាក់ក្នុងស្រុកយូដា។
10ព្រះបាទដាវីឌដឹងកំហុសដែលរបស់ទ្រង់ បន្ទាប់ពីការធ្វើជំរឿនប្រជាជន។ ដូច្នេះ ព្រះបាទដាវីឌបានទូលអង្វរព្រះអម្ចាស់ថា៖ «ទូលបង្គំបានធ្វើអំពើបាបធំណាស់ ដោយបានធ្វើការនេះ។ បពិត្រព្រះអម្ចាស់! សូមអត់ទោសឲ្យទូលបង្គំផង ដ្បិត ទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11នៅពេលដែលព្រះបាទដាវីឌតើនឡើងនៅពេលព្រឹក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌតាមរយៈព្យាការីរបស់ទ្រង់ លោកព្យាការីកាថ
12«ចូរទៅប្រាប់ដាវីឌថា៖ នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «យើងឲ្យជម្រើសបីដល់អ្នក។ ត្រូវជ្រើសរើសយកមួយក្នុងចំណោមបីនោះ»។
13ព្យាការីកាថបានចូលគាល់ព្រះបាទដាវីឌហើយទូលទ្រង់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យ ឲ្យមានគ្រោះទុរ្ភិករយៈពេលបីឆ្នាំក្នុងស្រុក? ឬព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខសត្រូវរយៈពេលបីខែ? ឬចង់ឲ្យមានជម្ងឺអាសន្នរោគ ក្នុងស្រុករយៈពេលបីថ្ងៃ? ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះអម្ចាស់ដែលបានចាត់ទូលបង្គំឲ្យមក។
14ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ព្យាការីកាថថា៖ «យើងតប់ប្រមល់ខ្លាំងណាស់។ សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិត ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
15ព្រះអម្ចាស់បានធ្វើឲ្យមានជម្ងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែលតាំងពីព្រឹករហូតដល់ពេលកំណត់ មានមនុស្សចំនួនប្រាំពីរម៉ឺននាក់ បានស្លាប់ចាប់ពីដាន់រហូតដល់បៀរសេបា។
16នៅពេលដែលទេវតាលើកព្រះហស្តឡើងបម្រុងប្រហារក្រុងយេរូសាឡិម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមបំផ្លាញក្រុងនេះទេ ហើយព្រះអង្គមានព្រះបន្ទូលទៅទេវតាដែលកំពុងបំផ្លាញប្រជាជនថា៖ «គ្រប់គ្រាន់ហើយ! ឥឡូវនេះ ចូរដកដៃរបស់អ្នកចេញចុះ»។ ពេលនោះទេវតារបស់ព្រះអម្ចាស់កំពុងស្ថិតនៅក្បែរលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
17កាលព្រះបាទដាវីឌបានឃើញទេវតាប្រហារប្រជាជនដូច្នេះ ទ្រង់ទូលព្រះអម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្តអំពើរបាប ហើយទូលបង្គំទេតើដែលបានធ្វើខុស។ ប៉ុន្តែកូនចៀមទាំងនេះ តើពួកគេបានធ្វើអ្វីទៅ? សូមទ្រង់ដាក់ទោសទូលបង្គំ និង ក្រុមគ្រួសាររបស់ទូលបង្គំទៅចុះ!»
18នៅថ្ងៃនោះ ព្យាការីកាថបានចូលមកគាល់ និងទូលទ្រង់ថា៖ «ចូលក្រោកឡើងទៅលានបោកស្រូវរបស់លោកអារ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់ចុះ»។
19ដូច្នេះព្រះបាទដាវីឌបានយាងទៅតាមពាក្យរបស់ព្យាការីកាដ ដូចព្រះអម្ចាស់បង្គាប់មក។
20លោកអារ៉ៅណាក្រឡេកទៅឃើញថាព្រះរាជា និងរាជបម្រើររបស់ទ្រង់មកដល់។ ដូច្នេះា លោកចេញទៅហើយក្រាបចុះអោនមុខដល់ដីថ្វាយបង្គំស្តេច។
21លោកអារ៉ៅណាទូលស្តេចសួរថា៖ «ហេតុអ្វីបានជាព្រះរាជាជាម្ចាស់យាងមករកទូលបង្គំដូច្នេះ?» ព្រះបាទដាវីឌតបថា៖ «គឺយើងមកទិញលានបោកស្រូវរបស់លោក ដើម្បីសង់អាសនៈថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។
22លោកអារ៉ៅណាទូលទៅព្រះរាជាថា៖ «សូមព្រះករុណាជាអម្ចាស់ យកអ្វីៗទុកជារបស់ទ្រង់ទៅចុះ។ សូមធ្វើតាមការសព្វព្រះហឫទ័យរបស់ទ្រង់ចុះ។ ទតចុះ នៅទីនេះមានគោសម្រាប់ជាតង្វាយដុតទាំងមូល ព្រមទាំងនឹមនឹងរនាស់សម្រាប់ជាអុសដុតតង្វាយផង។
23ទូលបង្គំសូមថ្វាយរបស់ទាំងអស់នេះទៅព្រះរាជា»។ បន្ទាប់មក លោកទូលស្តេចថា៖ «សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះរាជាទទួកយកតង្វាយទាំងនេះ»។
24ព្រះបាទដាវីឌតបទៅលោកថា៖ «ទេ! យើងចង់ទិញរបស់ទាំងនេះពីលោកដោយពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបានបង់ប្រាក់ ទៅដុតថ្វាយព្រះអម្ចាស់បានទេ»។ ដូច្នេះ ព្រះបាទដាវីឌបានទិញលានបោកស្រូវនិងគោអស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
25ទ្រង់ក៏បានសង់អាសនៈសម្រាប់ព្រះអម្ចាស់នៅទីនោះហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់។ ដូច្នេះ ពួកគេបានទូលអង្វរព្រះអម្ចាស់ជំនួសស្រុក ហើយព្រះអម្ចាស់បានបញ្ចៀសគ្រោះកាចនោះចេញពីស្រុកអ៊ីស្រាអែល។