1ព្រះបាទដាវីឌបានលើកទំនុកស្មូតសសើរតម្កើងព្រះអម្ចាស់ នៅថ្ងៃដែលព្រះអម្ចាស់បានរំដោះទ្រង់ឲ្យរួចពីដៃរបស់ខ្មាំងសត្រូវរបស់ទ្រង់ និងឲ្យរួចពីដៃរបស់ព្រះបាទសូល។
2ទ្រង់ទូលថា៖ «ព្រះអម្ចាស់គឺជាថ្មដារបស់ទូលបង្គំ ជាបន្ទាយ ដែលសង្គ្រោះទូលបង្គំ។
3ព្រះអម្ចាស់ជាថ្មដា។ ខ្ញុំពឹងជ្រកក្នុងទ្រង់។ ទ្រង់គឺជាកំពែងការពារ ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ខ្ញុំ ទ្រង់ជាកម្លាំង និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្គ្រោះខ្ញុំចេញពីពួកឃោរឃៅ។
4ពេលដែលខ្ញុំស្រែករកព្រះអម្ចាស់ ទ្រង់នឹងសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់។
5សេចក្តីស្លាប់បានរួមរឹតខ្ញុំ ឯសេចក្តីវិនាសអន្តរាយបានគ្រប់ដណ្តប់លើខ្ញុំ។
6សំណាញ់នៃស្ថានឃុំព្រលឹងបានរុំព័ទ្ធខ្ញុំ ដូចជាអន្ទាក់នៃសេចក្តីស្លាប់ដែលបានទាក់ខ្ញុំ។
7នៅពេលមានទុក្ខវេទនា ខ្ញុំស្រែករកព្រះអម្ចាស់ ខ្ញុំស្រែករកព្រះរបស់ខ្ញុំ ទ្រង់ឮសម្លេងរបស់ខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយស្នូរសម្រែករបស់ខ្ញុំបានឮដល់ព្រះកាណ៌របស់ព្រះអង្គ។
8ដោយសារព្រះពិរោធរបស់ព្រះអង្គ ផែនដីកក្រើកញាប់ញ័រ។ ផ្ទៃមេឃរង្គើររហូតដល់គ្រឹះរបស់វា។
9មានផ្សែងហុយចេញពីព្រះនាសាររបស់ព្រះអង្គ ហើយមានអណ្តាតភ្លើងចេញពីព្រះឱស្ឋរបស់ព្រះអង្គមក។ រងើកភ្លើងក៏ខ្ទាតចេញមកជាមួយនឹងភ្លើងនោះដែរ។
10ទ្រង់បានបើកចំហផ្ទៃមេឃ ហើយយាងចុះមក ដោយមានពពកខ្មួលខ្មាញនៅពីក្រោមព្រះបាទាទ្រង់ផង។
11ទ្រង់យាងលើយេរ៉ូប៊ីន ហើយហោះមក។ ទ្រង់យាងចេញមកនៅលើវាយោ ដូចជាគង់លើស្លាបបក្សី។
12ទ្រង់បានធ្វើឲ្យមានភាពងងឹតនៅជុំវិញព្រះពន្លារបស់ទ្រង់ ដោយពពកដែលពេញទៅដោយទឹក។
13មានរងើកភ្លើងធ្លាក់ចេញពីផ្លេកបន្ទោរមកនៅចំពោះទ្រង់។
14ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ពីលើមេឃមក។ ព្រះដ៏ខ្ពង់ខ្ពស់មានព្រះសូរសៀងលាន់កងរំពង។
15ទ្រង់បាញ់ព្រួញទៅលើពួកខ្មាំងសត្រូវ ហើយទ្រង់បាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
16បាតសមុទ្របានលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏បានលេចមកដែរ ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់ និងដោយសារខ្យល់ដែលបក់ចេញពីព្រះនាសាររបស់ព្រះអង្គមក។
17ទ្រង់បានលាតព្រះហស្តមករកខ្ញុំ ហើយទ្រង់បានស្រង់ខ្ញុំចេញផុតពីទឹកសមុទ្រ។
18ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែរបស់ខ្ញុំ នឹងពីអស់អ្នកដែលស្អប់ខ្ញុំ ហើយពួកគេមានកម្លាំងខ្លាំងជាងខ្ញុំ។
19ពួកគេបានលើកគ្នាមកវាយប្រហារខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា ក៏ប៉ុន្តែព្រះអម្ចាស់ជាបង្អែករបស់ខ្ញុំ។
20ព្រះអង្គក៏បាននាំខ្ញុំចេញពីគ្រោះថ្នាក់។ ទ្រង់បានសង្គ្រោះខ្ញុំ ដោយព្រោះទ្រង់មានសេចក្តីមេត្តាដល់ខ្ញុំ។
21ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ព្រះអង្គក៏បានតបស្នងមកខ្ញុំស្របតាមសេចក្តីបរិសុទ្ធរបស់ខ្ញុំដែរ។
22ដោយព្រោះខ្ញុំបានរក្សាក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយបែរទៅប្រព្រឹត្តការអាក្រក់ណាមួយនោះទេ។
23គឺខ្ញុំបានប្រព្រឹត្តតាមសេចក្តីសុចរិតទាំងអស់របស់ទ្រង់ ខ្ញុំក៏មិនបានបំពានលើច្បាប់ណាមួយរបស់ព្រះអង្គឡើយ។
24ខ្ញុំមិនមានភាពសៅហ្មងអ្វីឡើយនៅចំពោះទ្រង់ ហើយខ្ញុំបានរក្សាខ្លួនរបស់ខ្ញុំពីអំពើបាបទាំងឡាយ។
25ដូច្នេះហើយ បានជាព្រះអម្ចាស់ប្រណីសន្តោសខ្ញុំ ស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ព្រោះទ្រង់ឈ្វេងយល់ដល់សេចក្តីបរិសុទ្ធរបស់ខ្ញុំ។
26ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ ចំពោះអស់អ្នកដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។
27ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គសម្តែងថា ព្រះអង្គបរិសុទ្ធ ប៉ុន្តែ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ ចំពោះមនុស្សដែលមានចិត្តវៀចវេរ។
28ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ប៉ុន្តែទ្រង់ប្រឆាំងនឹងមនុស្សឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេចុះ។
29ព្រះអម្ចាស់អើយ ព្រះអង្គគឺជាពន្លឺរបស់ទូលបង្គំ។ ព្រះអម្ចាស់បំភ្លឺភាពងងឹតរបស់ទូលបង្គំ។
30ព្រះអម្ចាស់អើយ ដោយសារព្រះអង្គទូលបង្គំអាចហក់រំលងរនាំងបាន ហើយដោយសារទ្រង់ទូលបង្គំអាចលោកលើកំពែងបាន។
31មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ពិតទាំងស្រុង។ ទ្រង់គឺជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
32គឺមានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលពិតជាព្រះជាម្ចាស់ ហើយមានតែព្រះរបស់យើងមួយព្រះអង្គគត់ ដែលជាថ្មដា។
33ព្រះអម្ចាស់គឺជាជម្រកដ៏រឹងមាំរបស់ទូលខ្ញុំ ហើយព្រះអង្គដឹកនាំមនុស្សសុចរិត ឲ្យដើរក្នុងមាគ៌ារបស់ទ្រង់។
34ព្រះអង្គធ្វើឲ្យខ្ញុំរត់លឿនដូចជាសត្វក្តាន់ ហើយឲ្យខ្ញុំអាចឈរនៅលើទីខ្ពស់។
35ទ្រង់បង្រៀនឲ្យដៃរបស់ខ្ញុំមានកម្លាំងធ្វើសង្គ្រាម និងអាចយឹតធ្នូលង្ហិនបាន។
36ព្រះអង្គបានប្រទានខែលនៃសេចក្តីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។
37ទ្រង់បានបង្កើតកន្លែងដ៏ធំទូលាយសម្រាប់ជើងរបស់ទូលបង្គំ ហើយការពារមិនឲ្យជើងទូលបង្គំត្រូវរអិលដួលឡើយ។
38ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយបំផ្លាញពួកគេ។ ទូលបង្គំមិនត្រឡប់មកវិញឡើយ លុះត្រាតែពួកគេត្រូវបំផ្លាញ។
39ទូលបង្គំលេបត្របាក់ ហើយកម្ទេចពួកគេ ពួកគេមិនអាចត្រឡប់មកវិញបានទេ។ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
40ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំ ដូចជាខ្សែក្រវាត់ ដើម្បីធ្វើសង្គ្រាម ហើយដាក់អស់អ្នកដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ឲ្យនៅក្រោមទូលបង្គំ។
41ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព នៅខាងមុខទូលបង្គំ ហើយទូលបង្គំបានធ្វើឲ្យអ្នកដែលស្អប់ទូលបង្គំវិនាសសូន្យ។
42ពួកគេបានស្រែករកជំនួយ ប៉ុន្តែ មិនមានអ្នកណាម្នាក់ជួយពួកគេទេ ពួកគេស្រែករកព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនបានឆ្លើយតបនឹងពួកគេទេ។
43ទូលបង្គំវាយកម្ទេចពួកគេ ដូចជាធូលីដី ទូលបង្គំជាន់ឈ្លីពួកគេដូចជាភក់នៅតាមផ្លូវ។
44ព្រះអង្គក៏បានសង្រ្គោះទូលបង្គំពីការបះបោររបស់ប្រជាជន។ ព្រះអង្គទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំលើជាតិសាសន៍នានា។ ប្រជាជាតិមួយ ដែលទូលបង្គំមិនស្គាល់បានចុះចូលនឹងទូលបង្គំ។
45ជនបរទេសបាននាំគ្នាស្តាប់បង្គាប់ទូលបង្គំ។ នៅពេលដែលពួកគេបានឮពាក្យរបស់ទូលបង្គំ ពួកគេក៏ធ្វើតាមភ្លាម។
46ជនបរទេសបានបាក់ទឹកចិត្ត ហើយចេញទៅទាំងភ័យញាប់ញ័រ។
47ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ! សូមសរសើរតម្កើងព្រះអង្គដ៏ជាថ្មដារបស់ទូលបង្គំ! សូមលើតម្កើងព្រះអម្ចាស់ ជាថ្មដានៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ។
48ព្រះជាម្ចាស់ដែលបានប្រទានឲ្យទូលបង្គំមានជ័យជម្នះ ទ្រង់បានបន្ទាបប្រជាជននានាឲ្យមកនៅក្រោមអំណាចរបស់ទូលបង្គំ។
49ព្រះអង្គបានរំដោះទូលបង្គំឲ្យមានសេរីភាពពីខ្មាំងសត្រូវរបស់ទូលបង្គំ។ ព្រះអង្គក៏បានលើកទូលបង្គំឡើងខ្ពស់ជាង ពួកដែលប្រឆាំងនឹងទូលបង្គំ។ ព្រះអង្គក៏រំដោះទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ។
50ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ នៅកណ្តាលចំណោមប្រជាជាតិនានា ព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ។
51ព្រះអង្គបានប្រទានជ័យជម្នះដ៏អស្ចារ្យដល់ស្តេច ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គសម្តែងសេចក្តីស្មោះត្រង់នៃសម្ព័ន្ធមេត្រីរបស់ទ្រង់ ចំពោះស្តេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្តេចដាវីឌ និងពូជពង្សរបស់ទ្រង់រហូតតទៅ»។