1ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សរយៈពេលបីឆ្នាំ ហើយទ្រង់បានទូលសួរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទុរ្ភិក្សនេះគឺបណ្តាលមកពីស្តេចសូល និងគ្រួសារដែលរបស់ពួកគេ គឺដោយសារតែពួកគេបានកាប់សម្លាប់ជនជាតិគីបៀន»។
2អ្នកស្រុកគីបៀន មិនមែនជាជនជាតិអ៊ីស្រាអែលទេ ពួកគេជាជនជាតិអាម៉ូរី។ ជនជាតិអ៊ីស្រាអែល បានស្បថថាមិនសម្លាប់ពួកគេទេ ប៉ុន្តែ ព្រះបាទសូលបានព្យាយាមសម្លាប់ពួកគេក្នុងគ្រប់មធ្យោបាយ ដើម្បីបង្ហាញឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាទ្រង់ជាស្តេចដែលស្រឡាញ់ជាតិ។
3ព្រះបាទដាវីឌបានហៅជនជាតិគីបៀនមក ហើយសួរពួកគេថា៖ «តើគួរឲ្យយើងធ្វើដូចម្តេចជាមួយអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមវិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់រាស្ត្ររបស់ព្រះអម្ចាស់ ដែលប្រកាន់សេចក្តីល្អ និងសេចក្តីសន្យារបស់ទ្រង់?
4អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និងញាតិវង្សជំពាក់យើង មិនអាចសងដោយមាសឬប្រាក់បាននោះទេ។ ដូចគ្នាដែរ គឺយើងមិនអាចសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលបានទេ»។ ព្រះបាទមានរាជ្យឱង្ការថា៖ «សូមនិយាយមក តើយើងគួរធ្វើដូចម្តេចជាមួយនឹងអ្នករាល់គ្នា?»
5ពួកគេតបថា៖ «អ្នកដែលមានផែនការណ៍សម្លាប់ផ្តាច់ពូជ និងបំផ្លាញយើងមិនឲ្យសល់ក្នុងស្រុកអ៊ីស្រាអែលនេះគឺព្រះបាទសូល
6ដូច្នេះ សូមយកមនុស្សប្រាំពីរនាក់ពីចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើង ហើយយើងនឹងយកពួកគេទៅព្យួរកនៅចំពោះព្រះអម្ចាស់ក្នុងក្រុងគីបៀន ដែលជ្រើសរើសដោយព្រះអម្ចាស់»។ ព្រះបាទដាវីឌមានរាជ្យឱង្ការថា៖ «យើងនឹងប្រគល់ពួកគេឲ្យអ្នករាល់គ្នា»។
7ប៉ុន្តែ ព្រះបាទដាវីឌបានប្រណីសណ្តោសលោកមេភីបូសែត បុត្ររបស់សម្តេចយ៉ូណាថាន់ ត្រូវជាចៅរបស់ព្រះបាទសូល ដោយសារព្រះបាទដាវីឌ និងសម្តេចយ៉ូថាន់បុត្ររបស់ព្រះបាទសូលបានស្បថនៅចំពោះព្រះអម្ចាស់។
8ព្រះបាទដាវីឌបានបង្គាប់ឲ្យគេចាប់លោកអាម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា កូនស្រីរបស់អយ៉ា គឺបុត្រដែលនាងបង្កើតថ្វាយព្រះបាទសូល ហើយព្រះរាជាក៏បង្គាប់ឲ្យគេចាប់បុត្រទាំងប្រាំរបស់ព្រះនាងមីលកា ជាបុត្រីរបស់ព្រះបាទសូល ដែលនាងបង្កើតឲ្យលោកអទ្រីអែល កូនរបស់លោកស៊ីបាឡៃ អ្នកស្រុកមេហូឡា។
9ព្រះបាទដាវីឌបានប្រគល់ពួកគេទៅឲ្យជនជាតិគីបៀន។ ពួកជនជាតិគីបៀនបានព្យួរពួកគេនៅលើភ្នំនៅចំពោះព្រះអម្ចាស់ ដូច្នេះពួកគេទាំងប្រាំពីរនាក់បានស្លាប់រួមគ្នាដូច្នេះឯង។ ជនជាតិគីបៀនបានសម្លាប់ពួកគេក្នុងរដូវកាលប្រមូលផល គឺនៅដើមនៃរដូវប្រមូលផលស្រូវឱក។
10នាងរីសប៉ា កូនស្រីរបស់លោកអយ៉ា បានយកបាវមកក្រាលនៅលើផ្ទាំងថ្ម ហើយអង្គុយនៅក្បែរសពកូនរបស់នាង ចាប់តាំងពីដើមរដូវចម្រូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសាកសព។ នៅពេលថ្ងៃនាងដេញសត្វមិនឲ្យទុំលើសាកសព ហើយពេលយប់នាងក៏បានបណ្តេញពួកសត្វព្រៃ។
11មានគេទូលព្រះបាទដាវីឌ អំពីអ្វីដែលនាងរីសប៉ា កូនស្រីលោកអយ៉ា ជាស្រីស្នំរបស់ព្រះបាទសូលបានធ្វើ។
12ដូច្នេះ ព្រះបាទដាវីឌបានយាងទៅយកធាតុរបស់ព្រះបាទសូល និងធាតុរបស់សម្តេចយ៉ូណាថាន់ពីអ្នកក្រុងយ៉ាបេស ក្នុងក្រុងកាឡាដ ដែលពួកគេបានលួចយកពីទីធ្លាក្រុងបេតសាន ជាទីកន្លែងដែលពួកភីលីស្ទីនបានព្យួរទ្រង់ទាំងពីរអង្គ គឺបន្ទាប់ពីពួកភីលីស្ទីនមានជ័យជម្នះ និងបានធ្វើគត់ពួកទ្រង់នៅគីលបោ។
13ព្រះបាទដាវីឌបានយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្តេចយ៉ូណាថាន់បុត្ររបស់ទ្រង់ ព្រមទាំងប្រមូលអដ្ឋិធាតុអ្នកទាំងប្រាំពីរដែលត្រូវគេព្យួរនោះផង។
14ពួកគេបានបញ្ចុះសពព្រះបាទសូល និងសម្តេចយ៉ូណាថាន់ ក្នុងផ្នូរលោកគីសជាឪពុកព្រះបាទសូល នៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ ពួកគេធ្វើគ្រប់បែបយ៉ាងទាំងអស់តាមរាជ្យបង្គាប់របស់ព្រះរាជា។ បន្ទាប់មក ព្រះអម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគេសម្រាប់ទឹកដី។
15គ្រានោះ ពួកភីលីស្ទីនបានលើកទ័ពមកធ្វើសង្គ្រាមជាមួយប្រជាជនអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌបានចេញទៅជាមួយពួកទាហានរបស់ទ្រង់ប្រយុទ្ធជាមួយពួកភីលីស្ទីន។ ព្រះបាទដាវីឌហត់នឿយជាខ្លាំង។
16ជនជាតិភីលីស្ទីនម្នាក់ ដែលជាពូជពង្សរបស់ពួកខ្លាំងពូកែ មានឈ្មោះថា យីសប៊ីបេណូប គេលំពែងរបស់គេមានទំងន់ប្រហែលបីគីឡូក្រាម និងប្រដាប់ដោយអាវុធសង្រ្គាមថ្មី គេមានបំណងធ្វើគត់ព្រះបាទដាវីឌ។
17លោកអប៊ីសាយ កូនរបស់លោកស្រីសេរ៉ូយ៉ា បានសង្រ្គោះស្តេច ហើយបានវាយប្រហារនេះពួកភីលីស្ទីន និងសម្លាប់យីសប៊ីបេណូប។ បន្ទាប់មក ពួកទាហានរបស់ព្រះបាទដាវីឌបានស្បថចំពោះស្តេចថា៖ «ព្រះករុណាជាអម្ចាស់ គឺមិនត្រូវមកសមរភូមិទៀតជាដាច់ខាត ដូច្នេះ ព្រះករុណនឹងមិនធ្វើឲ្យប្រជាជនអ៊ីស្រាអែលបាត់បង់ពន្លឺនោះទេ»។
18ក្រោមមកជនជាតិភីលីស្ទីន ច្បាំងនឹងជនជាតិអ៊ីស្រាអែលជាថ្មីនៅកូប ពេលនោះលោកស៊ីបបេកាយ ជាជនជាតិហ៊ូសា បានសម្លាប់លោកសាភ ដែលជាពូជពង្សរបស់រេផាអ៊ីម។
19ក្រោយមកមានចម្បាំងសារជាថ្មីជាមួយភីលីស្ទីន នៅកូប ពេលនោះលោកអែលហាណាន កូនរបស់លោកយ៉ារី អ្នកភូមិបេថ្លេហឹម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ ដែលដងលំពែងរបស់របស់គាត់មានរាងដូចជាថ្នឹមរបស់កីដំបាញ។
20បន្ទាប់មក មានកើតចម្បាំងសារជាថ្មីនៅក្រុងកាថ ដែលមានទាហានភីលីស្ទីនម្នាក់ដែលមានមាឌធំ និងមានម្រាមដៃម្ខាងប្រាំមួយ និងមានម្រាមជើងម្ខាងក៏ប្រាំមួយដែល សរុបទាំងអស់គាត់មានម្រាមចំនួនម្ភៃបួន។ គាត់ក៏ជាពូជពង្សរបស់រេផាអ៊ីមដែរ។
21ទាហាននោះបាននិយាយចំអកឡកឡាយជនជាតិអ៊ីស្រាអែល ពេលនោះលោកយ៉ូណាថាន់កូនប្រុសរបស់សាំម៉ា និងក្មួយប្រុសរបស់ព្រះបាទដាវីឌ ក៏សម្លាប់ទាហាននោះ។
22ពួកគេសុទ្ធតែជាពូជពង្សរបស់រេផាអ៊ីម ជាអ្នកក្រុងកាថ ដែលត្រូវព្រះបាទដាវីឌ និងពួកទាហានរបស់ទ្រង់សម្លាប់។