ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 20

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលនោះមានមនុស្សពាលម្នាក់មានឈ្មោះថា លោកសេបា ជាកូនរបស់ប៊ីគ្រី ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គាត់បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «យើងមិនមានជាប់ជាសាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងកូនលោកអ៊ីសាយនេះដែរ។ អ៊ីស្រាអែលទាំងអស់អើយ ចូរត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ»។
2ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាកចេញពីព្រះបាទដាវីឌ ហើយតាមលោកសេបា កូនរបស់លោកប៊ីគ្រី។ ប៉ុន្តែប្រជាជនយូដាបានតាមស្តេចរបស់ពួកគេកាន់តែគៀក តាមផ្លូវពីទន្លេយ័រដាន់ទៅកាន់ក្រុងយេរូសាឡិម។
3ពេលដែលព្រះបាទដាវីឌយាងមកដល់ព្រះដំណាក់របស់ទ្រង់វិញ ទ្រង់បានយកស្នំទាំងដប់នាក់ ដែលទ្រង់បានទុកឲ្យនៅចាំព្រះរាជដំណាក់នោះ ទៅបង្ខាំងទុកក្នុងផ្ទះមួយ។ ព្រះបាទដាវីឌបានប្រទាននូវអ្វីៗដែលពួកនាងត្រូវការ ប៉ុន្តែ ស្តេចមិនបានចូលទៅផ្ទុំជាមួយពួកនាងទៀតទេ។ ដូច្នេះពួកនាងត្រូវរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4ព្រះរាជាមានរាជ្យឱង្ការមកលោកអាម៉ាសាថា៖ «ត្រូវប្រកាសប្រមូលកងទ័ពយូដាទាំងអស់ក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយនឹងលោក»។
5ដូច្នេះ អាម៉ាសាបានចេញទៅប្រមូលកងទ័ពតាមបញ្ជារបស់ស្តេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្តេចបានកំណត់ទុកជាមួយនឹងលោកនោះទេ។
6ពេលនោះព្រះបាទដាវីឌមានរាជ្យឱង្ការទៅលោកអប៊ីសាយថា៖ «សេបាកូនរបស់លោកប៊ីគ្រី នឹងនាំអន្តរាយមកយើង ខ្លាំងជាអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំយកទាហានរបស់យើងផ្ទាល់ ហើយដេញតាមអ្នកទាំងនោះ មុនពេលពួកគេរកបានជម្រកតាមក្រុងដែលមានកំពែងរឹងមាំ ហើយគេចបាត់ពីយើង»។
7ដូច្នេះ ទាហានរបស់លោកយូអាប់ និងពួកកេរេធីម ពួកពេលេធីម និងពលទាហានខ្លាំងពូកែទាំងអស់។ ពួកគេបានចេញពីក្រុងយេរូសាឡិម ហើយដេញតាមលោកសេបាកូនរបស់លោកប៊ីគ្រី។
8ពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំដែលនៅក្រុងគីបៀន លោកអាម៉ាសាក៏បានជួបនឹងពួកគេ។ ពេលនោះលោកយ៉ូអាប់បានពាក់អាវគ្រោះ ព្រមទាំងវ៉ាត់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមជាមួយផង។ នៅពេលលោកដើរទៅមុខ ដាវនោះក៏ជ្រុះ។
9លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអាម៉ាសាថា៖ «តើសុខសប្បាយជាទេ លោកប្អូន?» ដោយក្តីស្រឡាញ់លោកយ៉ូអាប់បានចាប់ពុកមាត់របស់លោកអាម៉ាសា ដោយដៃស្តាំរបស់លោកដើម្បីថើប។
10លោកអាម៉ាសា មិនបានចាប់អារម្មណ៍ នឹងដាវដែលនៅក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ ពេលនោះលោកយ៉ូអាប់បានចាក់ចំពោះរបស់លោកអាម៉ាសា ហើយធ្លាយពោះវៀនធ្លាក់មកដល់ដី។ លោកស្លាប់ដោយមិនចាំបាច់លោកយ៉ូអាប់ចាក់លោកម្តងទៀតទេ។ ដូច្នេះ លោកយ៉ូអាប់ និងលោកអប៊ីសាយ បងប្អូនរបស់គាត់បានដេញតាមសេបាកូនរបស់លោកប៊ីគ្រីទៅ។
11ទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអាម៉ាសា បាននិយាយថា៖ «អ្នកណាដែលនៅខាងលោកយ៉ូអាប់ និងខាងព្រះបាទដាវីឌ ចូរទៅតាមលោកចុះ»។
12លោកអាម៉ាសាដេកក្នុងថ្លុកឈាមនៅកណ្តាលផ្លូវ។ ទាហាននោះឃើញថា ទាហានទាំងអស់នៅឈរស្ងៀម គាត់ក៏លើកសពលោកចេញពីផ្លូវដាក់ទៅក្នុងវាលស្រែ។ ទាហាននោះបានបោះអាវធំគ្របពីលើ ដ្បិត គាត់ឃើញថាទាហានដែលនៅជាមួយគាត់នោះ ពួកគេនៅឈរស្ងៀម។
13បន្ទាប់ពីគេយកសពលោកអាម៉ាសាចេញពីផ្លូវ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
14លោកសេបា បានធ្វើដំណើរឆ្លងកាត់គ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅកាន់អេប៊ិល នៃក្រុងបេតម៉ាការ ហើយជនជាតិប៊េរី ដែលលោកបានប្រមូលទាំងអស់ក៏ដេញតាមលោកសេបាដែរ។
15ពួកគេបានឡោមព័ទ្ធលោកសេបា នៅ អេប៊ិល បេតម៉ាការ។ ពួកគេបានលើកដីឡើងខ្ពស់ ស្មើនឹងជញ្ជាំង ជុំវិញទីក្រុង។ ទាហានទាំងអស់ដែលមកជាមួយលោកយ៉ូអាប់ បានជីករំលើងជញ្ជាំងក្រុង។
16ពេលនោះស្ត្រីដ៏ឈ្លាសវៃម្នាក់បានស្រែកពីក្នុងក្រុងមកថា៖ «លោកយ៉ូអាប់អើយ! សូមមេត្តាស្តាប់! សូមស្តាប់ខ្ញុំសិន! សូមចូលមកជិតខ្ញុំ នោះខ្ញុំនឹងជម្រាបលោក»។
17ដូច្នេះ លោកយ៉ូអាប់បានចូលមកក្បែរនាង ស្ត្រីនោះនិយាយថា៖ «តើលោក គឺលោកយ៉ូអាប់ឬ?» លោកតបថា៖ «គឺខ្ញុំនេះហើយ!» នាងក៏ប្រាប់លោកថា៖ «សូមស្តាប់ពាក្យ ស្រីបម្រើរបស់លោកសិន!» លោកឆ្លេីយថា៖ «និយាយមកចុះ!»
18បន្ទាប់មក នាងប្រាប់ថា៖ «ពីដើមគេមានទម្លាប់ពោលថា៖ ត្រូវតែពីគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ហើយដំបូន្មាននោះនឹងនាំមកនូវជោគជ័យ។
19ទីក្រុងរបស់យើងជាទីក្រុងដែលសុខសាន្ត និងស្មោះត្រង់បំផុតក្នុងអ៊ីស្រាអែល។ ឯលោក លោកព្យាយាមបំផ្លាញក្រុង ដែលជាម្តាយរបស់អ៊ីស្រាអែលទៅវិញ។ ហេតុអ្វីបានជាលោកចង់បំផ្លាញ ក្រុងដែលជាកេរមរតករបស់ព្រះអម្ចាស់ដូច្នេះ?»
20លោកយ៉ូអាប់ទៅនាងថា៖ «ទេ! ខ្ញុំគ្មានបំណងបំផ្លាញវា ឬកម្ទេចទីក្រុងនេះទាល់តែសោះ។
21ប៉ុន្តែ មានបុរសម្នាក់ដែលមកពីតំបន់អេប្រាអ៊ីម ឈ្មោះថាសេបា ជាកូនរបស់ប៊ីគ្រី ដែលបានលោកដៃប្រឆាំងនឹងស្តេច ព្រះបាទដាវីឌ។ ចូលប្រគល់គេតែម្នាក់មកឲ្យយើងចុះ ហើយយើងនឹងចាកចេញពីទីក្រុង»។ បន្ទាប់មក ស្ត្រីតបទៅគាត់ថា៖ «ក្បាលរបស់គេ យើងនឹងបោះឲ្យលោក ពីលើកំពែងក្រុង»។
22ដូច្នេះ នាងបានទៅជួបនឹងប្រជាជនទាំងអស់ដោយប្រាជ្ញារបស់នាង។ ពួកគេបានកាត់ក្បាលរបស់សេបា កូនរបស់លោកប៊ីគ្រី ហើយបោះទៅឲ្យលោកយ៉ូអាប់។ លោកយ៉ូអាប់ បានឲ្យគេផ្លុំត្រែ ហើយពួកកងទ័ពរបស់លោកបានចាកចេញពីក្រុងទៅ ផ្ទះរបស់ពួកគេវិញ។ ឯលោកយ៉ូអាប់ក៏បានត្រឡប់ទៅកាន់ក្រុងយេរូសាឡិមវិញដែរ។
23លោកយ៉ូអាប់ជាមេបញ្ជាការលើកងទ័ពអ៊ីស្រាអែលទាំងមូល ហើយលោកបេណាំយ៉ា កូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើកងកេរេធីម និង ពេលេធីម។
24លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ហើយលោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។
25លោកសេវ៉ា ជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
26លោកអ៊ីរ៉ា ពីអំបូរយ៉ាអៀរ ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។