ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 19

Read Scripture freely. Divine Threads study for this chapter is coming later.

1មានគេប្រាប់លោកយ៉ូអាប់ថា៖ «មើល៍! ព្រះរាជាព្រះកន្សែង ហើយស្រណោះស្រណោកសម្តេចអាប់សូឡុម»។
2ដូច្នេះ នោះជ័យជម្នះនៅថ្ងៃនេះបានប្រែទៅជាទុក្ខព្រួយសម្រាប់ស្តេច ដ្បិត កងទ័ពទាំងមូលបានឮថា «ព្រះរាជាសោកស្រណោះសម្តេចអាប់សាឡុមបុត្ររបស់ព្រះអង្គ»។
3នៅថ្ងៃនោះ ពួកទាហានវិលត្រឡប់ចូលក្រុងវិញយ៉ាងស្ងៀមស្ងាត់ គឺដូចជាកងទ័ពដែលបាត់ទ័ពរត់ពីសមរភូមិដោយក្តីអាម៉ាស់។
4ចំណែកឯ ព្រះរាជាគ្របព្រះភក្រ្តជិត ហើយបន្លឺព្រះសូរសៀងឮៗថា៖ «អាប់សាឡុមបុត្របិតា! អាប់សាឡុម បុត្រសម្លាញ់បិតា! បុត្របិតា!»។
5ពេលនោះ លោកយ៉ូអាប់បានចូលទៅព្រះដំណាក់របស់ស្តេច ហើយទូលស្តេចថា៖ «ពួកទាហានបានសង្រ្គោះជីវិតព្រះករុណា ជីវិតបុត្រាបុត្រីរបស់ព្រះករុណាទាំងពួកស្រីស្នំ និងរាជបម្រើរបស់ព្រះករុណាផង ប៉ុន្តែ ព្រះករុណាបានធ្វើឲ្យពួកគេមានក្តីអាម៉ាសនៅថ្ងៃនេះ
6ដ្បិត ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយទ្រង់បែរជាស្អប់អ្នកដែលស្រឡាញ់ទ្រង់ទៅវិញ។ ថ្ងៃនេះ ព្រះករុណាបានបង្ហាញឲ្យយើងឃើញថា មេទ័ពនិង កងទ័ពទាំងអស់មិនមានតម្លៃអ្វីសោះសម្រាប់ទ្រង់។ ទូលបង្គំក៏ជឿថា ប្រសិនបើ ថ្ងៃនេះសម្តេចអាប់សាឡុមនៅរស់ ហើយទូលបង្គំរាល់គ្នាស្លាប់វិញនោះ ព្រះករុណាច្បាស់ជាយល់ថានោះជារឿងធម្មតា។
7ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយចេញទៅមានរាជឱង្ការលើកទឹកចិត្តពួកពលទាហានផង ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើ ទ្រង់មិនធ្វើដូច្នេះទេ នៅយប់នេះនឹងមិនមានអ្នកណាម្នាក់នៅបម្រើព្រះករុណាឡើយ។ ព្រះករុណានឹងវេទនាលើសទុក្ខវេទនា​​នានា ដែលព្រះករុណាធ្លាប់ជួបតាំងពីក្មេងរហូតដល់ឥឡូវនេះ។
8ដូច្នេះ សូមព្រះករុណាក្រោកឡើងចេញទៅមាត់ទ្វារក្រុង ហើយមនុស្សទាំងអស់នឹងប្រកាសថា៖ «មើល៍! ព្រះរាជាគង់នៅមាត់ទ្វារវាំង» ហើយពលទាហានទាំងអស់នឹងមកចំពោះព្រះរាជា។ ដូច្នេះ ទាហានអ៊ីស្រាអែលបានបាក់ទ័ពរត់ទៅជំរំរបស់គេរៀងៗខ្លួន។​
9មនុស្សទាំងអស់នៃកុលសម្ព័ន្ធអ៊ីស្រាអែលនីមួយៗបានគិតគ្នាថា៖ «ព្រះបាទដាវីឌធ្លាប់បានសង្គ្រោះយើងរាល់គ្នាចេញពីដៃខ្មាំងសត្រូវរបស់យើង ហើយទ្រង់បានសង្គ្រោះយើងពីកណ្តាប់ដៃនៃពួកជនជាតិភីលីស្ទីន ប៉ុន្តែឥឡូវនេះ ទ្រង់បែរជាភៀសខ្លួនចេញពីស្រុកដោយសារតែសម្តេចអាប់សាឡុម។
10ព្រះបាទអាប់សាឡុម ដែលយើងបានតែងតាំងជាស្តេចគ្រងរាជ្យលើយើង ទ្រង់បានសុគតនៅក្នុងសមរភូមិហើយ។ ដូច្នេះ ហេតុអ្វីបានជាយើងមិនយាងព្រះរាជាត្រឡប់មកវិញ?»។
11ព្រះបាទដាវីឌបានចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងបូជាចារ្យអបៀថើរថា៖ «ចូរសាកសួរពួកចាស់ទុំរបស់ជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ មិនយាងស្តេចចូលក្នុងព្រះដំណាក់វិញដូច្នេះ? ព្រះរាជាបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូល ក្នុងការយាងស្តេចត្រឡប់ទៅព្រះដំណាក់វិញនោះ។
12អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់យើង។ ហេតុអ្វីបានជានៅរង់ចាំធ្វើជានាក់ចុងក្រោយគេ ក្នុងការយាងស្តេចចូលព្រះដំណាក់ដូច្នេះ?»
13បន្ទាប់មក ពួកគេប្រាប់លោកអាម៉ាសាថា តើលោកមិនមែនជាសាច់ញាតិរបស់យើងទេ? ប្រសិនបើ​ យើងមិនតែងតាំងលោកជាមេទ័ពរបស់យើងជំនួសលោកយ៉ូអាប់ទេនោះ! សូមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដាក់ទោសយើងទៅចុះ»។
14ដូច្នេះ ព្រះបាទដាវីឌ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលទន់ចិត្តមកឯទ្រង់ដូចមនុស្សតែម្នាក់។ ពួកគេបានចាត់មនុស្សមកគាល់ស្តេចថា៖ «បពិតព្រះករុណា! សូមយាងត្រឡប់មកព្រះដំណាក់វិញ ជាមួយនឹងរាជ្យបម្រើរបស់ទ្រង់»។
15ពេលដែលព្រះបាទដាវីឌបានមកដល់ទន្លេយ័រដាន់ ពួកជនជាតិយូដាបានមកដល់គីលកាល់ ដើម្បីទទួលស្តេច និងជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។
16លោកស៊ីម៉ាយ កូនប្រុសរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលមកពីភូមិបាហ៊ូរីម ក៏បានប្រញាប់ប្រញាល់ចុះមកជាមួយប្រជាជនយូដា ដើម្បីគាល់ព្រះបាទដាវីឌដែរ។
17មានមនុស្សមួយពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលមកជាមួយលោកស៊ីម៉ាយ និងលោកស៊ីបា ជាអ្នកបម្រើរបស់ព្រះបាទសូល រួមទាំងកូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើទាំងម្ភៃនាក់របស់លោក។ ពួកគេបានឆ្លងទន្លេយ័រដាន់ មកគាល់ស្តេច។
18ពួកគេជួយចម្លងព្រះរាជ្យវង្សឆ្លងទន្លេ ហើយនឹងធ្វើអ្វីដែលពួកគេគួរនឹងធ្វើ។ ពេលដែលស្តេចឆ្លងដល់ត្រើយម្ខាងហើយ លោកស៊ីម៉ាយ កូនប្រុសលោកកេរ៉ា ឲ្យក្រាបថ្វាយបង្គំស្តេច។
19លោកស៊ីម៉ាយទូលព្រះរាជាថា៖ «បពិតព្រះករុណា ជាម្ចាស់របស់ទូលបង្គំ សូមកំុប្រកាន់ទោសទូលបង្គំ ឬសូមបំភ្លេចកំហុសដែលទូលបង្គំបានប្រព្រឹត្ត នៅថ្ងៃដែលព្រះករុណាបានយាងចេញពីក្រុងយេរូសាឡឹមផង។ សូមកុំចងកគំនំុនឹងទូលបង្គំអី។
20ទូលបង្គំបានដឹងថាទូលបង្គំពិតជាបានធ្វើអំពើបាបមែន។ ដូច្នេះហើយបានជាថ្ងៃនេះក្នុងអំបូររបស់លោកយូសែប ទូលបង្គំបានចុះមកមុន ដើម្បីថ្វាយបង្គំព្រះករុណាជាម្ចាស់នៃទូលបង្គំ»។
21ប៉ុន្តែ លោកអប៊ីសាយ កូនប្រុសលោកស្រីសេរូយ៉ាទូលស្តេចថា៖ «តើស៊ីម៉ាយគួរតែស្លាប់ឬទេ ព្រោះគេបានដាក់បណ្តាសាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»
22ព្រះបាទដាវីឌមានរាជ្យឱង្ការថា៖ «តើយើងគួរធ្វើយ៉ាងដូចម្តេចជាមួយអ្នក កូនអ្នកស្រីសេរូយ៉ាអើយ ដែលអ្នកប្រឆាំងនឹងយើងដូច្នេះ? តើគួរមានជនជាតិអ៊ីស្រាអែលណាម្នាក់ត្រូវស្លាប់ក្នុងថ្ងៃនេះឬ? តើខ្ញុំមិនដឹងឬថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ?»
23ស្តេចមានរាជ្យឱង្ការទៅលោកសាម៉ាយថា៖ «អ្នកនឹងមិនស្លាប់ទេ!» ស្តេចបានស្បថនឹងលោកដូច្នេះ។
24ពេលនៅលោកមេភីបូសែត ចៅព្រះបាទសូលបានចុះមកគាល់ព្រះបាទដាវីឌដែរ។ ចាប់តាំងពីថ្ងៃដែលស្តេចចាកចេញពីក្រុងទៅ ហើយត្រឡប់មកវិញដោយសុខសាន្ត លោកមិនបានលាងជើងរបស់លោក ក៏មិនបានកោរពុកមាត់ ឬក៏បោកសម្លៀកបំពាក់របស់លោកដែរ។
25នៅពេលដែលលោកចេញពីក្រុងយេរូសាឡឹមមកជួបនឹងព្រះបាទដាវីឌ ទ្រង់មានរាជ្យឳង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកមិនចាកចេញទៅជាមួយយើង?»
26គាត់ទូលស្តេចថា៖ «បពិតព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ ដោយទូលបង្គំនិយាយថា៖ «ខ្ញុំនឹងចងកែបលា ដូច្នេះខ្ញុំនឹងជិះវាទៅជាមួយស្តេច ព្រោះទូលបង្គំជាមនុស្សខ្វិន។
27ស៊ីបា អ្នកបម្រើរបស់ទូលបង្គំបានមួលបង្កាច់ទូលបង្គំ ថ្វាយព្រះករុណាជាម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបបាននឹងទេវតារបស់ព្រះអម្ចាស់។ ដូច្នេះសូមព្រះករុណាសម្រេចតាមការដែលទ្រង់បានទតឃើញទៅចុះ។
28ទោះបីព្រះករុណាយល់ឃើញថាញាតិសន្តានរបស់ព្រះបាទសូល ជីតារបស់ទូលបង្គំដូចជាមនុស្សស្លាប់ទៅហើយនោះ ក៏ព្រះករុណាបានប្រោសប្រទានអោយទូលបង្គំចូលរួម ក្នុងចំណោមអ្នកដែលបរិភោគជាមួយព្រះករុណា តើទូលបង្គំមានសិទ្ធិអ្វី នឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតនោះ»។
29ព្រះរាជាមានរាជ្យឳង្ការថា៖ «មិនចាំបាច់បរិយាយអ្វីផ្សេងទៀតទេ! យើងបានសម្រេចអោយអ្នកនិងស៊ីបាបែងចែកដីស្រែចំការរបស់ស្តេចសូល»។
30លោកមេភីបូសែតទូលស្តេចថា៖ «បពិតព្រះករុណា! សូមអោយគាត់យកទាំងអស់ទៅចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»
31លោកបាស៊ីឡៃ អ្នកស្រុកកាឡាតបានចុះពីរ៉ូកេលីម ឆ្លងទន្លេយ័រដាន់មកគាល់ស្តេច ហើយគាត់បានជួយស្តេចឆ្លងទន្លេយ័រដាន់។
32កាលនោះលោកបាស៊ីឡៃ មានវ័យចាស់ហើយ គឺលោកមានអាយុប៉ែតសិបឆ្នាំហើយ។ លោកបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលព្រះរាជាត្រូវការ កាលដែលស្តេចគង់នៅម៉ាហានាម ដ្បិតលោកជាអ្នកមានស្តុកស្តម្ភ។
33ព្រះបាទដាវីឌមានព្រះរាជឳង្ការទៅកាន់គាត់ថា៖ «សូមលោកមកក្រុងយេរូសាឡឹមជាមួយយើង ហើយស្នាក់នៅចុះ យើងនឹងផ្គត់ផ្គង់លោកគ្រប់យ៉ាង»។
34លោកបាស៊ីឡៃទូលស្តេចវិញថា៖ «ទូលបង្គំមានអាយុប៉ុណ្ណោះហើយ តើអាចរស់បានប៉ុន្មានថ្ងៃ ដែលគួរនឹងអោយទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយនឹងទ្រង់នោះ?
35ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ។ តើទូលបង្គំអាចដឹងអ្វីស្អាត អ្វីអាក្រក់ឬ? តើទូលបង្គំអាចទទួលរស់ជាតិពីអាហារដែលទទួលទាន ឬពីអ្វីដែលផឹកនោះឬ? តើទូលបង្គំអាចស្តាប់ឮសូរសម្លេងដ៏ពិរោះរបស់ពួកអ្នកចម្រៀងប្រុសស្រីនោះឬ? តើហេតុអ្វីបានជាទូលបង្គំត្រូវរំខានព្រះរាជាជាអម្ចាស់ដូច្នេះ?
36ទូលបង្គំមកគ្រាន់តែចង់ជូនដំណើរព្រះរាជាតែប៉ុណ្ណោះ។ ហេតុអ្វីបានជាព្រះរាជាតបស្នងនូវរង្វាន់ដូច្នេះមកទូលបង្គំ?
37សូមព្រះករុណាអនុញ្ញាតអោយទូលបង្គំត្រឡប់ទៅផ្ទះវិញផងចុះ ដូច្នេះទូលបង្គំអាចស្លាប់នៅក្នុងក្រុងរបស់ទូលបង្គំ ក្នុងផ្នូរឪពុកម្តាយរបស់ទូលបង្គំ។ ប៉ុន្តែព្រះករុណាអើយ គីមហាំ នៅទីនេះ សូមព្រះករុណាអនុញ្ញាតអោយគេឆ្លងទៅជាមួយព្រះអង្គ ហើយប្រព្រឹត្តចំពោះគេតាមតែការសព្វព្រះទ័យរបស់ទ្រង់ចុះ»។
38ព្រះបាទដាវីឌតបទៅលោកស៊ីបាឡៃថា៖ «លោកគីមហាំនឹងទៅជាមួយយើង ហើយយើងនឹងប្រព្រឹត្តចំពោះគេនូវការល្អដូចជាចំពោះអ្នកដែរ និងអ្វីដែលអ្នកសូមពីយើង គឺយើងនឹងធ្វើសម្រាប់អ្នក»។​
39បន្ទាប់ពី មនុស្សទាំងអស់បានឆ្លងទន្លេយ័រដាន់ហើយ ស្តេចក៏ឆ្លងទៅដែរ ព្រះបាទដាវីឌបានថើបលាលោកស៊ីបាឡៃ ព្រមទាំងជូនពរលោក។ រួចមកលោកក៏ប្រឡប់ទៅផ្ទះរបស់លោកវិញ។
40​ព្រះបាទដាវីឌបានឆ្លងមកដល់គីលកាល់ ដោយមានលោកគីមហាំឆ្លងមកជាមួយផង។ មានកងទ័ពយូដាទាំងអស់ និងកងទ័ពអ៊ីស្រាអែលចំនួនពាក់កណ្តាលបានដង្ហែស្តេចមក។
41ភ្លាមនោះពួកជនជាតិអ៊ីស្រាអែលបានចូលមកគាល់ព្រះបាទដាវីឌ ហើយទូលសួរទ្រង់ថា៖ «ហេតុអ្វីបានជាបងប្អូនរបស់ទូលបង្គំ គឺពួកជនជាតិយូដា លួចយកព្រះករុណា ហើយនាំព្រះករុណានិងញាតិវង្ស ព្រមទាំងមនុស្សទាំងអស់របស់ព្រះករុណា ឆ្លងទន្លេយ័រដាន់ដូច្នេះ?»
42ប្រជាជនយូដាបានឆ្លើយទៅពួកគេថា៖ «គឺដោយសារតែព្រះរាជា មានទំនាក់ទំនងជាមួយយើងជិតជាង។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងរឿងនេះ? តើយើងបានហូបអ្វីដែលព្រះរាជាបានបង់ថ្លៃសម្រាប់យើងឬ? តើទ្រង់បានប្រទានរង្វាន់អ្វីដល់យើងឬ?»
43នោះប្រជាជនអ៊ីស្រាអែលតបទៅពួកយូដាវិញថា៖ «យើងមានកុលសម្ព័ន្ធចំនួនដប់ដែលមានទំនាក់ទំនងជាមួយព្រះរាជា ដូច្នេះយើងមានសិទ្ធិច្រើនជាងចំពោះព្រះបាទដាវីឌ ជាជាងពួកអ្នក។ ហេតុអ្វីបានជាអ្នករាល់គ្នាស្អប់យើង? តើគំនិតដំបូងក្នុងការយាងព្រះរាជាត្រឡប់មកវិញ មិនមែនជាគំនិតរបស់យើងទេឬ?» ប៉ុន្តែ ពាក្យសំដីរបស់ជនជាតិយូដា មានភាពម៉ឺងម៉ាត់ជាងជនជាតិអ្វីស្រាអែល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។