1បន្ទាប់ពីព្រះបាទសូល សោយទិវង្គតទៅ លោកដាវីឌបានត្រឡប់មកវិញ បន្ទាប់ពី វាយឈ្នះជនជាតិអាម៉ាឡេក ហើយបានស្នាក់នៅក្រុងស៊ីគឡាក់រយៈពេលពីរថ្ងៃ។
2នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល ជាមួយនឹងសម្លៀកបំពាក់រហែក ហើយរោយដីនៅលើក្បាលផង។ ពេលដែលគាត់បានជួបនឹងលោកដាវីឌ គាត់ឱនមុខចុះ ហើយក្រាបថ្វាយបង្គំដល់ដី។
3លោកដាវីឌសួរគាត់ថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
4លោកដាវីឌមានប្រសាសន៍ទៅគាត់ថា៖ «សូមប្រាប់យើងមកមើល៍ តើមានរឿងអ្វីកើតឡើង?» គាត់ឆ្លើយថា៖ «ពួកទាហានបានបាក់ទ័ពរត់ពីសមរភូមិ។ មានមនុស្សជាច្រើនបានដួលស្លាប់។ ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ បុត្ររបស់ទ្រង់ក៏សុគតដែរ»។
5លោកដាវីឌសួរទៅបុរសវ័យក្មេងនោះថា៖ «ហេតុអ្វីបានជាឯងដឹងថា ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ សោយទិវង្គត?»
6បុរសនោះរៀបរាប់ថា៖ «នៅពេលកើតហេតុការណ៍នោះ ខ្ញុំក៏នៅលើភ្នំគីលបោរដែរ ហើយព្រះបាទសូលបានច្រត់លើលំពែងរបស់ព្រះអង្គ មានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវតាមមកយ៉ាងប្រកិតនឹងព្រះអង្គ។
7ព្រះបាទសូលងាកមកបានឃើញខ្ញុំ ហើយបានហៅខ្ញុំ។ ខ្ញុំក៏បានឆ្លើយថា៖ ព្រះករុណាថ្លៃវិសេស ទូលបង្គំនៅទីនេះ។
8ព្រះអង្គបានមានបន្ទូលមកខ្ញុំថា៖ «តើឯងជាអ្នកណា?» ខ្ញុំក៏បានទូលទៅព្រះអង្គថា៖ «ទូលបង្គំជាជនជាតិអាម៉ាឡេក»។
9ព្រះអង្គក៏បង្គាប់មកខ្ញុំថា៖ «ចូរមកឈរនៅពីមុខយើង ហើយសម្លាប់យើងទៅ ព្រោះសេចក្តីឈឺចាប់ជាមួយនឹងរបួសរបស់យើងណាស់ ប៉ុន្តែ យើងនៅមានជីវិត។
10ដូច្នេះ ខ្ញុំក៏បានឈរនៅពីមុខព្រះអង្គហើយបានធ្វើគត់ព្រះអង្គទៅ ព្រោះខ្ញុំបានដឹងថា ព្រះរាជានឹងសោយទិវង្គតបន្ទាប់ពី ព្រះអង្គបរាជ័យ។ បន្ទាប់មក ខ្ញុំបានដោះយកមកុដ ដែលនៅលើព្រះសិរ របស់ព្រះអង្គ ព្រមទាំងខ្សែដៃរបស់ព្រះអង្គហើយនាំយកមកជូនលោក ជាម្ចាស់របស់ខ្ញុំ»។
11បន្ទាប់មក លោកដាវីឌ បានហែកសម្លៀកបំពាក់របស់លោក រីឯមនុស្សទាំងអស់ដែលនៅជាមួយលោកក៏បានហែកសម្លៀកបំពាក់របស់ពួកគេដែរ។
12ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ពេលល្ងាច ដើម្បីរំលឹកដល់ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ បុត្រារបស់ស្តេច និងសម្រាប់ប្រជាជនរបស់ព្រះអម្ចាស់ ព្រមទាំងសម្រាប់ស្រុកអ៊ីស្រាអែលទាំងមូល ដែលពួកគេបានបាត់បង់ជីវិតដោយសារសង្ក្រាម។
13លោកដាវីឌបានសួរទៅកាន់បុរសនោះថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាកូនរបស់ជនជាតិអាម៉ាឡេក ដែលរស់នៅក្នុងស្រុកនះ»។
14លោកដាវីឌមានប្រសាសន៍ទៅបុរសនោះថា៖ «ហេតុអ្វីបានជាអ្នកមិនមានការភ័យខ្លាច ដែលធ្វើគត់ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេធ ដោយដៃរបស់អ្នកដូច្នេះ?»
15លោកដាវីឌបានហៅក្មេងអ្នកបម្រើរបស់គាត់ម្នាក់មក ហើយបង្គាប់ថា៖ «ចូរទៅក្បែរគេ! ហើយសម្លាប់គេទៅ»។ ដូច្នេះ អ្នកបម្រើរបស់លោកដាវីឌបានចូលទៅក្បែរ ហើយសម្លាប់ជនជាតិអាម៉ាឡេកនោះស្លាប់ទៅ។
16លោកដាវីឌបានមានប្រសាសន៍ទៅកាន់សាកសពជនជាតិអាម៉ាឡេកនោះថា៖ «ឈាមរបស់អ្នកធ្លាក់ទៅលើក្បាលរបស់អ្នក ព្រោះមាត់របស់អ្នកបានធ្វើបន្ទាល់ប្រឆាំងនឹងអ្នក ដោយអ្នកបាននិយាយថា៖ «ខ្ញុំបានសម្លាប់ ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងតែងតាំង!»។
17លោកដាវីឌបានស្មូតទំនុកចម្រៀងដែលរំលឹកអំពីព្រះបាទសូល និងសម្តេចយ៉ូណាថាន់ ជាបុត្ររបស់ព្រះអង្គ។
18ហើយលោកក៏បានបញ្ជាឲ្យពួកគេបង្រៀនបទនេះ គឺជាទំនុកធ្នូរ ដល់កូនចៅយូដា ដែលមានកត់ត្រាទុកក្នុងសៀវភៅ ពួកសុចរិត។
19«អ៊ីស្រាអែលអើយ!ហេតុអ្វីវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងដូច្នេះ?
20អ្នកមិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅតាមផ្លូវនៃក្រុងអេស្កាឡូនដែរ ក្រែងលោកូនស្រីរបស់ពួកភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោពួកកូនស្រីនៃជនជាតិដែលមិនកាត់ស្បែកនាំគ្នាអរសប្បាយ។
21ជួរភ្នំគីលបោរអើយ! សូមកុំឲ្យមានភ្លៀង ឬទឹកសន្សើមធ្លាក់លើអ្នកឡើយ ទាំងស្រែចម្ការ សូមកុំឲ្យមានផលសម្រាប់តង្វាយឡើយ ព្រោះនៅទីនោះខែលរបស់អ្នកខ្លាំងពូកែត្រូវគេបន្ទាបបន្ថោក។ ខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ។
22ធ្នូររបស់សម្តេចយ៉ូណាថាន់មិនរុញរាឡើយ ហើយដាវរបស់ព្រះបាទសូលក៏មិនវិលចូលស្រោមវិញដែរ ប្រសិនបើ មិនបានបង្ហូរឈាមសត្រូវ ដែលបានសម្លាប់គេនោះ។
23ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ គួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលដែលនៅរស់ ហើយពេលដែលពួកគេស្លាប់ ក៏ពួកគេមិនបែកគ្នាដែរ។ ពួកគេរហ័សដូចជាឥន្រ្ទី ពួកគេខ្លាំងដូចជាសិង្ហ។
24ឳកូនស្រីអ៊ីស្រាអែលអើយ! ចូរយំសោកស្រណោះព្រះបាទសូលដែលធ្លាប់ស្លៀកសម្លៀកបំពាក់រុងរឿងដ៏ត្រចះត្រចង់ ព្រមទាំងមានរំយោលធ្វើពីមាសនៅលើសម្លៀកបំពាក់។
25ហេតុអ្វីបានជាអ្នកដ៏ខ្លាំងពូកែ ត្រូវស្លាប់នៅកណ្តាលសមរភូមិដូច្នេះ! សម្តេចយ៉ូណាថាន់អើយ! ហេតុអ្វីបានជាសម្តេចត្រូវខ្មាំងសត្រូវចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?
26ទូលបង្គំខ្លោចផ្សារក្នុងចិត្តដោយសារបាត់បង់សម្តេច! សម្តេចយូណាថាន់អើយ! សម្តេចមានសេចក្តីករុណាណាស់ចំពោះទូលបង្គំណាស់។ ក្តីស្រឡាញ់របស់សម្តេច គឺវិសេសណាស់ គឺប្រសើរជាងក្តីស្រឡាញ់របស់មនុស្សស្រីទៅទៀត!
27ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ដូច្នេះ ហេតុអ្វីបានជាគ្រឿងសាស្ត្រាវុធ ត្រូវវិនាសដូច្នេះ!»