1ព្រះបាទដាវីឌបានរាប់ចំនួនពលទាហានដែលនៅជាមួយទ្រង់ និងតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច គ្រប់គ្រងលើពួកគេ។
2បន្ទាប់មក ស្តេចចែកពលទាហានជាបីកង មួយភាគបីនៅក្រោមការដឹកនាំរបស់លោកយ៉ូអាប់ កងទីពីរនៅក្រោកការបញ្ជារបស់លោកអប៊ីសាយ កូនប្រុសរបស់លោកស្រីសេរ៉ូយ៉ា ប្អូនប្រុសរបស់លោកយ៉ូអាប់ និងមួយភាគបីផ្សេងទៀតស្ថិតក្រោមការដឹកនាំរបស់លោកអ៊ីតាយ ជាជនជាតិកាថ។ ព្រះរាជាមានព្រះរាជឱង្ការទៅកាន់ពលទាហានថា៖ «យើងនឹងចេញទៅច្បាំងជាមួយអ្នករាល់គ្នាដែរ»។
3ប៉ុន្តែ ពួកទាហានទូលទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅសមរភូមិទេ ព្រោះប្រសិនបើ យើងរាល់គ្នាចាញ់សង្រ្គាម នោះពួកគេនឹងមិនចាប់អារម្មណ៍នឹងយើងរាល់គ្នានោះទេ ឬក៏ប្រសិនបើ ពួកយើងពាក់កណ្តាលស្លាប់ក្តីក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ។ ប៉ុន្តែ ព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់! ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុងចាំជួយយើងរាល់គ្នាវិញ»។
4នោះព្រះបាទដាវីឌមានរាជឱង្ការទៅពួកគេថា៖ «យើងនឹងធ្វើតាមការស្នើសុំរបស់អ្នករាល់គ្នា»។ នោះស្តេចគង់ប្រថាប់នៅត្រង់មាត់ទ្វារក្រុង ខណៈពេលដែលពួកទាហានចេញទៅ តាមក្រុម តាមកងរបស់ខ្លួន។
5ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតាយថា៖ «បើអ្នករាល់គ្នាស្រឡាញ់យើង សូមកុំធ្វើបាបសម្តេចអាប់សាឡុម ជាបុត្ររបស់យើងឡើយ»។ ពលទាហានទាំងអស់បានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីសម្តេចអាប់សាឡុម។
6ដូច្នេះ ពួកទាហានបានចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយសង្រ្គាមបានផ្ទុះឡើងនៅក្នុងព្រៃអេប្រាអ៊ីម។
7ទាហានអ៊ីស្រាអែលបានចាញ់ទាហានរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះពួកគេត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ គឺមានទាហានចំនួនពីរម៉ឺននាក់បានស្លាប់។
8ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយមនុស្សដែលស្លាប់ក្នុងព្រៃមានចំនួនច្រើនជាងមនុស្សដែលស្លាប់ដោយមុខដាវ។
9សម្តេចអាប់សាឡុមបានជួបជាមួយទាហានរបស់ព្រះបាទដាវីឌ។ ពេលនោះសម្តេចអាប់សាឡុមកំពុងតែជិះលារបស់ទ្រង់ ហើយលានោះបានចូលទៅក្រោមឈើដ៏ធំ ដែលមានមែកសាខា ស្រាប់តែព្រះសិរសារបស់ទ្រង់បានជាប់នឹងប្រគាបមែកឈើ។ សត្វលានៅតែដើរទៅមុខដោយទុកឲ្យស្តេចអាប់សាឡុមនៅព្យួរនឹងមែកឈើ ជើងផុតពីដី។
10ទាហានម្នាក់បានឃើញការនេះ ហើយប្រាប់លោកយ៉ូអាប់ថា៖ «មើល៍! ខ្ញុំបានឃើញស្តេចអាប់សាឡុម ព្យួរជាប់នឹងមែនឈើ!»។
11លោកយ៉ូអាប់មានប្រសាសន៍ទៅបុរសនោះថា៖ «មើល៍! អ្នកបានឃើញគាត់! ហេតុអ្វីបានជាអ្នកមិនសម្លាប់គាត់នៅនឹងកន្លែងនោះទៅ» នោះខ្ញុំនឹងឲ្យប្រាក់ឯងដប់ស៊ីគែល និងខ្សែក្រវាត់មួយជារង្វាន់»។
12បុរសនោះតបទៅលោកវិញថា៖ «ទោះបីជាខ្ញុំបានទទួលរហូតដល់មួយពាន់ស៊ីគែលក្តី ក៏ខ្ញុំមិនលើកដៃរបស់ខ្ញុំទាស់នឹងបុត្ររបស់ស្តេចដែរ ព្រោះយើងទាំងអស់គ្នាបានឮព្រះឱង្ការស្តេច បញ្ជាមកលោកអប៊ីសាយ និងលោកអ៊ីតាយថា៖ «សូមប្រណីដល់អាប់សាឡុមផង!។
13ប្រសិនបើ ខ្ញុំធ្វើគត់បុត្រាស្តេច (មិនមានអ្វីមួយដែលអាចលាក់លៀមនឹងស្តេចបានឡើយ) លោកក៏មិនការពារខ្ញុំដែរ។
14លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ខ្ញុំនឹងមិនចាំឯងទេ»។ ដូច្នេះ លោកយ៉ូអាប់ចាប់ជន្លួញបី ហើយចាក់ទំលុះបេះដូងស្តេចអាប់សាឡុម ពេលដែលស្តេចនៅរស់ហើយជាប់នឹងមែកឈើនោះទៅ។
15បន្ទាប់មក ពលទាហាបដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់បានចោមរោមសម្តេចអាប់សាឡុម ហើយវាយទ្រង់ រហូតសុគត។
16លោកយ៉ូអាប់បានហៅពួកទាហានឲ្យត្រឡប់ពីការដេញតាមទ័ពអ៊ីស្រាអែលវិញ ដោយឲ្យគេផ្លុំត្រែឡើង។
17ពួកទាហានបានដាក់សពសម្តេចអាប់សាឡុមចុះ ហើយបោះចោលក្នុងរណ្តៅដ៏ធំមួយនៅក្នុងព្រៃ ហើយបានយកថ្មយ៉ាងច្រើនមកគរពីលើផង ពេលនោះទាហានអ៊ីស្រាអែលបាក់ទ័ព ហើយរត់ទៅជំរំរបស់គេរៀងៗខ្លួន។
18នៅពេលមានព្រះជន្មរស់នៅឡើយ សម្តេចអាប់សាឡុមបានសាងបង្គោលថ្មធំមួយ នៅក្នុងជ្រលងភ្នំរបស់ស្តេច ដោយទ្រង់មានរាជឱង្ការថា៖ «យើងមិនមានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ទ្រង់បានដាក់ឈ្មោះរបស់ទ្រង់ផ្ទាល់នៅលើបង្គោលថ្មនោះ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា៖ «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃនេះ។
19នៅពេលនោះ លោកអហ៊ីម៉ាស់ កូនរបស់បូជាចារ្យសាដុកមានប្រសាសន៍ថា៖ «ចូលយើងនាំយកដំណឹងល្អនេះ ទៅទូលស្តេចឥឡូវនេះ ថាព្រះអម្ចាស់បានរកយុត្តិធ៌មឲ្យព្រះករុណា ដោយរំដោះទ្រង់ពីដៃរបស់សត្រូវ»។
20លោកយ៉ូអាប់តបទៅគាត់ថា៖ «ទេ! លោកមិនត្រូវនាំដំណឹងនៅថ្ងៃនេះនោះទេ មិនត្រូវទូលស្តេចនៅថ្ងៃនេះទេ។ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អនោះទេ ព្រោះបុត្រារបស់ស្តេចសុគត»។
21លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌនូវហេតុការណ៍ដែលលោកបានឃើញ»។ ជនជាតិអេត្យូពីនោះក្រាបថ្វាយបង្គំលោកយ៉ូអាប់ ហើយចាកចេញទៅ។
22ពេលនោះ លោកអហ៊ីម៉ាស់ កូនរបស់បូជាចារ្យសាដុក សូមលោកយ៉ូអាប់ម្តងទៀតថា៖ «មិនថាមានអ្វីកើតឡើងទេ! សូមអនុញ្ញាតឲ្យខ្ញុំរត់ទៅតាមសាសន៍អេត្យូពីនេះផងចុះ»។ លោកយ៉ូអាប់តបថា៖ «ហេតុអ្វីបានជាឯងចង់ទៅដូច្នេះកូនប្រុស? ដំណឹងនេះមិនផ្តល់រង្វាន់អ្វីដល់អ្នកនោះទេ!»
23«ទោះមានអ្វីកើតឡើងក៏ដោយខ្ញុំនឹងរត់ទៅ!» អហ៊ីម៉ាស់តប។ ដូច្នេះ លោកយ៉ូអាប់ក៏ឆ្លើយថា៖ «រត់ទៅចុះ!» នោះ លោកអហ៊ីម៉ាស់ក៏រត់តាមពីក្រោយបុរសជនជាតិអេត្យូពីនោះទៅ។
24ពេលនោះព្រះបាទដាវីឌកំពុងគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងកំពែងក្រុង។ អ្នកល្បាតបានឡើងទៅខាងលើកំពែងក្រុង ហើយសម្លឹងទៅខាងក្រៅ។ អ្នកល្បាតនោះបានឃើញមានបុរសម្នាក់រត់តម្រង់មក។
25គេបានស្រែកទូលទៅស្តេច។ នោះ ព្រះរាជាមានរាជឱង្ការថា៖ «ប្រសិនបើ គេមកតែម្នាក់ឯង នោះគឺគេមកដើម្បីនាំដំណឹងមកឲ្យយើង»។ អ្នករត់នោះចូលមកកាន់តែជិតទីក្រុង។
26បន្ទាប់មក អ្នកល្បាតនោះឃើញថាមានម្នាក់ទៀតកំពុងរត់ពីក្រោយមកដែរ រួចគាត់ក៏ស្រែកប្រាប់ទៅអ្នកយាមទ្វារថា៖ «មើល៍! មានមនុស្សម្នាក់ទៀតកំពុងរត់ពីក្រោយមក»។ នោះ ព្រះបាទដាវីឌមានបន្ទូលថា៖ «គេក៏នាំដំណឹងមកឲ្យយើងដែរ!»
27អ្នកល្បាតស្រែកថា៖ «អ្នកដែលរត់ខាងក្រោយនោះ មើលទៅដូចជាលោកអហ៊ីម៉ាស់ កូនបូជាចារ្យសាដុក»។ ព្រះរាជាមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អហើយក៏នាំដំណឹងល្អមកដែរ»។
28លោកអហ៊ីម៉ាស់ស្រែកឡើង និងទូលស្តេចថា៖ «គ្រប់យ៉ាងគឺប្រសើរណាស់!»។ គាត់ឲ្យមុខចុះ និងក្រាបដល់ដីនៅចំពោះមុខព្រះរាជា ហើយទូលថា៖ «សូមព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា ប្រទានពរព្រះករុណ! ព្រះអម្ចាស់បានបណ្តេាញមនុស្សដែលបានលើកដៃទាស់នឹងព្រះរាជា ជាម្ចាស់របស់ខ្ញុំម្ចាស់»។
29ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើវាបានកើតឡើងចំពោះសម្តេចអាប់សាឡុម បុត្ររបស់យើងឬ?» លោកអហ៊ីម៉ាស់ទូលថា៖ «ពេលដែលលោកយ៉ូអាប់ចាត់ទូលបង្គំនិងអ្នកបម្រើម្នាក់ទៀត មកគាល់ទ្រង់នោះ មានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានអ្វីកើតឡើងនោះទេ»។
30នោះព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅឈរនៅមួយចំហៀងទៅ!» លោកអហ៊ីម៉ាស់ក៏ថយខ្លួនចេញ ហើយនៅឈររង់ចាំ។
31ភ្លាមនោះអ្នកបម្រើជនជាតិអេត្យូពីបានមកដល់ ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកទូលថ្វាយព្រះករុណា ថ្ងៃនេះព្រះអម្ចាស់បានរកយុត្តិធ៌មថ្វាយព្រះករុណាពីមនុស្សដែលបះបោរនឹងព្រះរាជាហើយ»។
32នោះព្រះរាជាមានរាជឱង្ការមកអ្នកបម្រើសាសន៍អេត្យូពីនោះថា៖ «ចុះអាប់សាឡុមសុខសប្បាយឬយ៉ាងណា?» ជនជាតិអេត្យូពីនោះទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យពួកខ្មាំងសត្រូវ ដែលបះបោរប្រឆាំងនឹងព្រះករុណា វិនាសដូចជាបុរសនោះចុះ!»
33ពេលនោះព្រះបាទដាវីឌក្តុកក្តួលព្រះហឫទ័យយ៉ាងខ្លាំង ទ្រង់បានយាងឡើងទៅលើបន្ទប់នៅខាងលើក្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្តេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមបុត្របិតា! ឱបុត្របិតា! អាប់សាឡុមបុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។