ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 17

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលនោះលោកអហ៊ីថូផែលទូលស្តេចអាប់សូឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ព ចំនួនមួយម៉ឺនពីរពាន់នាក់ ហើយទូលបង្គំនឹងចេញដេញតាមព្រះបាទដាវីឌយប់នេះ។
2ទូលបង្គំនឹងវាយប្រហារស្តេចនៅពេលដែលទ្រង់អស់កម្លាំង ហើយចុះខ្សោយ រួចទូលបង្គំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត។ មនុស្សទាំងប៉ុន្មានដែលនៅជាមួយទ្រង់ នឹងរត់ចោលទ្រង់ ហើយទូលបង្គំនឹងធ្វើគុតស្តេចតែមួយអង្គគត់។
3ទូលបង្គំនឹងនាំមនុស្សទាំងអស់មកព្រះករុណាវិញ គឺដូចជាកូនក្រមុំវិលមករកស្វាមី ហើយប្រជាជនទាំងអស់នឹងរស់នៅដោយសុខសាន្តក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។
4ស្តេចអាប់សូឡុម និងចាស់ទុំទាំងអស់របស់អ៊ីស្រាអែលឃើញថាយោបល់នេះជាការសមរម្យ។
5សម្តេចអាប់សុឡុមមានរាជឱង្ការទៅលោកថា៖ «ចូរអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ឮយោបល់របស់គាត់»។
6ពេលដែលលោកហ៊ូសាយមកដល់ សម្តេចអាប់សូឡុមបានរៀបរាប់លោកពីអ្វីដែលដែលលោកអហ៊ីថូផែលបានទូលទ្រង់ បន្ទាប់មកទ្រង់សួរលោកហ៊ូសាយថា៖ «តើយើងគួរធ្វើតាមយោបល់របស់លោកអាហ៊ូថូផែល ឬមិនធ្វើ? ប្រសិនបើ មិនត្រូវធ្វើ តើលោកមានយោបល់អ្វីផ្សេងឬទេ?»
7ដូច្នេះលោកស៊ូហាយទូលទ្រង់ថា៖ «យោបល់ដែលលោកអាហ៊ីថូផែលទូលទ្រង់នៅពេលនេះគឺមិនល្អទេ»។
8លោកហ៊ូសាយទូលថា៖ «ព្រះករុណាស្គាល់ព្រះបិតាទ្រង់ស្រាប់ហើយថា បិតារបស់ទ្រង់ និងបរិវាររបស់ទ្រង់សុទ្ធតែជាពលទាហានដែលខ្លាំងពូកែ ហើយពួកគេកំពុងតែក្រៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម៉្យាងវិញទៀត ព្រះបិតារបស់ព្រះករុណាជាអ្នកចម្បាំង ទ្រង់ប្រាកដជាមិនផ្ទុំនៅពេលយប់ជាមួយពលទាហានរបស់ទ្រង់ទេ។
9ពេលនេះប្រហែលជាទ្រង់លាក់ខ្លួននៅក្នុងរូងភ្នំ ឬនៅកន្លែងណាមួយផ្សេងមិនខានឡើយ។ ប្រសិនបើ មានទាហានណាម្នាក់ស្លាប់នៅក្នុងជួរ ចាប់តាំងពីពេលចាប់ផ្តើមប្រយុទ្ធ នោះនឹងឮមានដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។
10ដូច្នេះ ទាហានដែលក្លាហាន ហើយមានចិត្តអង់អាចដូចជាសត្វសិង្ហ ក៏បាក់ទឹកចិត្តដែរ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់ដឹងថាព្រះបិតារបស់ទ្រង់ជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយទ្រង់ទាំងអស់ក៏សុទ្ធតែជាមនុស្សក្លាហាន។
11ទូលបង្គំសូមផ្តល់យោបល់ថា៖ សូមព្រះករុណាប្រមូលកងទ័ពអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់បៀរសេបា ឲ្យមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ហើយព្រះករុណានឹងដឹកនាំពួកគេចេញទៅធ្វើសង្រ្គាម។
12យើងនឹងទៅទាន់ស្តេចដាវីឌនៅកន្លែងណាមួយដែលពួកគេស្នាក់ ហើយយើងនឹងសង្រ្គប់លើពួកគេ។ យើងនឹងប្រហារពួកគេដោយមិនទុកឲ្យអ្នកណាម្នាក់នៅមានជីវិតឡើយ គឺទាំងមនុស្សរបស់ទ្រង់ ទាំងព្រះបិតាទ្រង់។
13ប្រសិនបើ ពួកគេរត់ទៅជ្រកនៅក្រុងណាមួយ នោះប្រជាជនអ៊ីស្រាអែលទាំងអស់នឹងចងខ្សែពួរក្រុងនោះ ហើយទាញវាទំលាក់ទៅក្នុងទន្លេ ឥតឲ្យសល់ដុំថ្មណាមួយឡើង»។
14ព្រះបាទអាប់សាឡុម និងពួកចាស់ទុំនិយាយថា៖ «យោបល់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់អហ៊ីថូផែល ដើម្បីធ្វើឲ្យសម្តេចអាប់សាឡុមវិនាស។
15លោកហ៊ូសាយរៀបរាប់ប្រាប់លោកបូជាចារ្យសាដុក និងបូជាចារ្យអបៀរ​ធើរ​ថា​៖ «លោកអហ៊ី​ថូ​ផែល​​បានផ្តល់​យោបល់ដល់សម្តេចអាប់សាឡុមឲន្យដេញតាមព្រះបាទដាវីឌ ប៉ុន្តែ ខ្ញុំបានឲ្យយោបល់ផ្សេង។
16ឥឡូវនេះ ចូរចាត់អ្នកនាំសារទៅរាយការណ៍សេចក្តីទាំងនេះថ្វាយព្រះបាទដាវីឌ៖ យប់នេះសូមកុំឈប់នៅវាលទំនាបអារ៉ាបាឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង គឺដើម្បីកុំឲ្យព្រះរាជា និងអ្នកនៅជាមួយត្រូវវិនាស»។
17លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅចាំត្រង់ អេន រូកែន។ ស្ត្រីអ្នកនាំសារបានមកជួបលោក ហើយជម្រាបលោកទាំងពីរនូវកិច្ចការដែលលោកត្រូវដឹង គឺពួកគេមិនត្រូវចូលទៅស្នាក់នៅក្នុងទីក្រុងនោះទេ។ បន្ទាប់ពី បានទទួលដំណឹង ពួកគេបាននាំយកទៅទូលព្រះបាទដាវីឌ។
18ប៉ុន្តែ មានយុវជនម្នាក់បានឃើញពួកគេ ហើយបានទូលទៅសម្តេចអាប់សាឡុម។ ដូច្នេះ លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់បានចាកចេញពីទីនោះយ៉ាងប្រញាប់ប្រញាល់ ហើយទៅផ្ទះរបស់មនុស្សម្នាក់នៅភូមិបាហ៊ូរីម ដែលផ្ទះរបស់នោះមានអណ្តូងទឹកនៅក្នុងបរិវេនផ្ទះ ដែលពួកគេអាចចូលពួនបាន។
19ស្រ្តីម្ចាស់ផ្ទះបានយកគម្របអណ្តូង មកគ្របពីលើមាត់អណ្តូង ហើយចាក់គ្រាប់ស្រូវរាយពីលើ ដូច្នេះ មិនមានអ្នកដឹងទេថា លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅក្នុងអណ្តូងនោះទេ។
20ទាហានរបស់សម្តេចអាប់សាឡុមបានមកដល់ផ្ទះរបស់ស្ត្រីនោះ ហើយសួរនាងថា៖ «តើលោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅឯណា?»។ នាងឆ្លើយថា៖ «ពួកគេបានឆ្លងទន្លេទៅហើយ»។ បន្ទាប់ពីពួកគេបានស្វែងរកមើលគ្រប់ទីកន្លែងហើយ តែរកមិនឃើញអ្នកទាំងពីរ ពួកទាហានក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
21បន្ទាប់ពី ពួកទាហានចាកចេញទៅ នោះលោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់បានឡើងពីអណ្តូងមក។ ពួកគេបាននាំយកដំណឹងទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ ពួកគេទូលថា៖ «សូមព្រះរាជាក្រោកឡើង ហើយឆ្លងទន្លេជាប្រញាប់ ព្រោះមានគេថ្វាយយោបល់សម្តេចអាប់សាឡុម ឲ្យដេញតាមទ្រង់ហើយ»។
22ដូច្នេះ ព្រះបាទដាវីឌ និងបណ្តាជនដែលនៅជាមួយទ្រង់ទាំងអស់ បានក្រោកឡើងឆ្លងទន្លេយ័រដាន។ លុះព្រលឹមស្រាងៗពួកគេបានឆ្លងទន្លេយ័រដានទាំងអស់គ្នា មិនមាននៅសេសសល់នរណាម្នាក់ឡើយ។
23នៅពេលដែលលោកអហ៊ីថូផែលឃើញថាគេមិនអនុវត្តតាមយោបល់របស់លោកដូច្នេះ លោកបានចងកែបលា ហើយចាកចេញទៅ។ លោកបានត្រឡប់ទៅស្រុកកំណើតរបស់លោកវិញ គាត់បានធ្វើការផ្តែផ្តាំ ហើយបានចងករសម្លាប់ខ្លួនឯង។ គាត់ស្លាប់ដោយរបៀបនេះ ហើយគេបញ្ចុះសព្វរបស់លោកក្នុងផ្នូរឪពុករបស់លោក។
24ព្រះបាទដាវីឌបានមកដល់ម៉ាហា​ណែម នៅពេលដែលសម្តេចអាប់សាឡុម និងអស់អ្នកដែលនៅជាមួយសម្តេចកំពុងឆ្លងទន្លេរយ័រដាន់
25ស្តេចអាប់សាឡុម បានតែងតាំងលោកអាម៉ាសាឲ្យធ្វើជាមេបញ្ជាការកងទ័ពជំនួសលោកយ៉ូអាប់។ លោកអាម៉សា ជាកូនរបស់លោកយេថើរ ជាជនជាតិអ៊ីស្មាអែល ដែលបានយកនាងអប៊ីហ្គែល ដែលជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
26ពួកអ៊ីស្រាអែល និងស្តេចអាប់សាឡុមបានបោះជំរំទ័ពនៅស្រុកកាឡាដ។
27កាលព្រះបាទដាវីឌបានមកដល់ក្រុងម៉ាហាណែម ស្តេចបានជួបនឹងលោកស៊ូបី ជាកូនប្រុសរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនប្រុសរបស់លោកអាំមាល នៅឡូដេបា និងលោកបាស៊ីឡៃ អ្នកភូមិរ៉ូគីលីម ស្រុកកាឡាដ
28បាននាំយកមុង ភួយ ក្នើយ ហើយនិងចាន ឆ្នាំង ស្រូវសាលី ម៉្សៅស្រូវសាលី លាជ សណ្តែក
29ទឹកឃ្មុំ ប័រ ចៀម និង ប្រូម៉ាស ដែលព្រះបាទដាវីឌ និងពួកដែលនៅជាមួយទ្រង់អាចបរិភោគបាន។ ដោយពួកគេបាននិយាយថា៖ «ពួកបណ្តាលជនប្រាកដជាឃ្លាន អស់កម្លាំង និងខ្សោយហើយ នៅវាលរហោស្ថាន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។