1លោកយ៉ូអាប់កូនរបស់លោកស្រីសេរូយ៉ា បានឃើញពីទឹកចិត្តរបស់ព្រះបាទដាវីឌដែលនឹករលឹកសម្តេចអាប់សាឡូម។
2ដូច្នេះ លោកយ៉ូអាប់បានចាត់គេឲ្យទៅភូមិតេកូអា ឲ្យគេរកស្ត្រីដែលមានប្រាជ្ញាម្នាក់ហើយនាំនាងមកជួបលោក។ លោកមានប្រសាសន៍ទៅកាន់នាងថា៖ «ចូរនាងធ្វើពុតជាមនុស្សកាន់ទុក្ខម្នាក់ ហើយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ មិនត្រូវលាបគ្រឿងក្រអូបលើខ្លួនទេ គឺត្រូវធ្វើឲ្យដូចជាមនុស្សដែលកាន់ទុក្ខជាយូរមកហើយ។
3ហើយចូលធ្វើដំណើរទៅគាល់ព្រះរាជា រួចទូលទ្រង់តាមអ្វីដែលខ្ញុំនឹងរៀបរាប់ប្រាប់នាង»។ ដូច្នេះ លោកយ៉ូអាប់បានប្រាប់ស្ត្រីនោះ នូវសេចក្តីដែលនាងត្រូវទូលថ្វាយព្រះរាជា។
4ស្រ្តីក៏ចាកចេញពីតេកូអា ដើម្បីទៅគាល់ព្រះរាជា នាងបានឱនមុខក្រាបទៅលើដី ហើយទូលស្តេចថា៖ «បពិតព្រះករុណា! សូមករុណាជួយខ្ញុំម្ចាស់ផង»។
5ព្រះបាទដាវីឌមានរាជឱង្ការសួរនាងថា៖ «តើមានរឿងអ្វី?» នាងទូលស្តេចថា៖ «ការពិតខ្ញុំម្ចាស់គឺជាស្ត្រីមេម៉ាយ ហើយស្វាមីរបស់ខ្ញុំម្ចាស់បានស្លាប់ជាយូរមកហើយ។
6ខ្ញុំម្ចាស់ជាស្រីបម្រើរបស់ព្រះករុណា មានកូនប្រុសពីរនាក់ ពួកគេបានឈ្លោះប្រកែកគ្នានៅវាលស្រែ កាលនោះមិនមានអ្នកណាម្នាក់ឃាត់ពួកគេទេ។ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់។
7ឥឡូវនេះ ញាតិសណ្តានរបស់ខ្ញុំម្ចាស់ បានទាស់ប្រឆាំងនឹងស្រីបម្រើរបស់ព្រះករុណា ពួកគេនិយាយថា៖ «អ្នកណាដែលលើកដៃសម្លាប់បងប្អូនរបស់គេ ត្រូវទទួលទោសដល់ស្លាប់ ដើម្បីសងជីវិតឲ្យបងប្អូនរបស់គេដែលគេបានសម្លាប់នោះ។ គឺពួកគេចង់បំផ្លាញអ្នកបន្តវង្សត្រកូលរបស់ខ្ញុំ។ ពួកគេនឹងកប់ក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំ ហើយពួកគេមិនចង់ទុកឲ្យវង្សត្រកូលប្តីរបស់ខ្ញុំម្ចាស់ បន្តពូជពង្សលើផែនដីនេះទេ»។
8ព្រះរាជាមានរាជឱង្ការទៅនាងថា៖ «ចូរត្រឡប់ទៅផ្ទះវិញចុះ ហើយយើងនឹងបង្គាប់ឲ្យគេដោះស្រាយរឿងនេះសម្រាប់នាង»។
9ស្រ្តីអ្នកភូមិតេកូអាទូលតបទៅព្រះរាជាថា៖ «បពិតព្រះករុណាជាម្ចាស់របស់ខ្ញុំម្ចាស់ សូមឲ្យទោសកំហុសទាំងនោះធ្លាក់មកលើខ្ញុំម្ចាស់ និងគ្រួសាររបស់ខ្ញុំម្ចាស់ទៅចុះ។ ដូច្នេះ កុំឲ្យធ្លាក់លើព្រះមហាក្សត្រ និងរាជបល្ល័ង្កឡើយ»។
10ស្តេចតបថា៖ «បើអ្នកណាម្នាក់ស្តីបន្ទោសនាង ចូរនាំគេមកជួបយើង នោះគេនឹងលែងប៉ះពាល់នាងទៀតទេ»។
11នោះនាងទូលតបវិញថា៖ «បពិតព្រះករុណា! សូមសន្យានឹងខ្ញុំម្ចាស់ក្នុងនាមព្រះអម្ចាស់ដែលជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ដែលត្រូវបានសម្លាប់នោះ ហ៊ានសម្លាប់កូនប្រុសរបស់ខ្ញុំម្ចាស់ដែលនៅសល់នោះឡើយ»។ ព្រះរាជាតបថា៖ «យើងស្បថក្នុងព្រះនាមព្រះអម្ចាស់ ថានឹងមិនមានសក់មួយសសៃណារបស់កូនប្រុសនាងដែលនឹងជ្រុះលើដីនោះទេ»។
12នាងទូលទ្រង់ថា៖ «សូមអនុញ្ញាតិឲ្យខ្ញុំម្ចាស់ជាស្រីបម្រើរបស់ព្រះករុណា ទូលថែមមួយម៉ាត់ទៀត»។ ទ្រង់តបថា៖ «ចូរនិយាយមកចុះ»។
13នោះនាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ ក៏មានគំនិតដូច្នេះដែល គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? គឺក្នុងសាច់រឿងអំបាញមិញនេះ ព្រះករុណាដូចជាមនុស្សម្នាក់ដែលមានកំហុស គឺព្រះករុណាមិនបានត្រាស់ហៅសម្តេចអាប់សាឡូមដែលបានរត់ភៀសខ្លួននោះត្រឡប់មកវិញទេ។
14មនុស្សយើងទាំងអស់នឹងស្លាប់នៅពេលណាមួយ គឺយើងដូចជាទឹកដែលចាក់ទៅលើដី ដែលមិនអាចប្រមូលត្រឡប់មកវិញបាន។ ព្រះអម្ចាស់មិននាំមនុស្សដែលស្លាប់ទៅហើយនោះមកវិញទេ តែទ្រង់បានរៀចំគម្រោងការណ៍ សម្រាប់សម្តេចអាប់សាឡុមដែលបរទេះទៅឆ្ងាយពីព្រះអង្គនោះត្រឡប់មកវិញ។
15ឥឡូវនេះ ខ្ញុំម្ចាស់ទូលរឿងនេះថ្វាយព្រះករុណាជារាជានៃខ្ញុំម្ចាស់ ដោយព្រោះមនុស្សបានធ្វើឲ្យខ្ញុំម្ចាស់មានភាពភ័យខ្លាច។ ដូច្នេះហើយ បានជាស្រីបម្រើរបស់ទ្រង់និយាយមកកាន់ខ្លួនឯងថា៖ «ខ្ញុំនឹងទូលរឿងនេះទៅព្រះរាជា។ នោះទ្រង់ប្រហែលជាដោះស្រាយរឿងនោះសម្រាប់ស្រីបម្រើរបស់ទ្រង់។
16ព្រះរាជាមុខជាស្តាប់ពាក្យរបស់ខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ ចេញពីដៃរបស់ពួកដែលចង់បំផ្លាញយើងអោយបាត់ពីទឹកដី ដែលជាកេរមរតករបស់ព្រះអម្ចាស់។
17នោះខ្ញុំម្ចាស់អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមឲ្យព្រះឱង្ការរបស់ព្រះរាជាប្រទានឲ្យខ្ញុំម្ចាស់បានធូរស្បើយ ដ្បិត ទ្រង់ដូចជាទេវតានៃព្រះជាម្ចាស់ ដែលនឹងប្រាប់ខ្ញុំម្ចាស់ពីព្រះវិញ្ញាណ។ សូមព្រះអម្ចាស់ជាព្រះរបស់ព្រះរាជាគង់ជាមួយទ្រង់»។
18ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរកុំលាក់បាំងការទាំងឡាយដែលយើងនឹងសួរពីយើងឡើង»។ នាងទូលទ្រង់ថា៖ «សូមទ្រង់មានព្រះបន្ទូលសួរមកចុះ»។
19នោះស្តេចសួរថា៖ «តើយ៉ូអាប់ឬ ដែលរួមគំនិតជាមួយនាងក្នុងរឿងទាំងអស់នេះ?» នាងក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃខ្ញុំ មិនមានអ្នកណាអាចគេចទៅឆ្វេងឬទៅស្តាំ ពីអ្វីដែលព្រះរាជាមានបន្ទូលបានទេ។ គឺលោកយ៉ូអាប់ ជារាជបម្រើរបស់ព្រះករុណាដែលបានបង្គាប់ និងប្រាប់ខ្ញុំម្ចាស់ឲ្យនិយាយនូវអ្វីៗដែលខ្ញុំម្ចាស់បាននិយាយនោះ។
20លោកធ្វើការអស់ទាំងនេះដើម្បីផ្លាស់ប្តូរសភាពការណ៍ដែលបានកើតឡើង។ ព្រះរាជារបស់ខ្ញុំម្ចាស់មានប្រាជ្ញាប្រៀបបាននឹងទេវេតារបស់ព្រះជាម្ចាស់ ហើយទ្រង់ជ្រាបគ្រប់សព្វដែលកើតឡើងនៅលើផែនដីនេះ»។
21ស្តេចមានរាជឳង្ការទៅលោកយ៉ូអាប់ថា៖ «មើល! ឥឡូវនេះយើងនឹងធ្វើការនេះ។ ចូរទៅ ហើយនាំសម្តេចអាប់សាឡុម ត្រឡប់មកវិញ»។
22នោះលោកយ៉ូអាប់ក្រាបថ្វាយបង្គំស្តេច អោនមុខដល់ដី ហើយអរព្រះគុណស្តេច។ លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសណ្តោសទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា ដែលទ្រង់បានយល់ព្រមតាមការស្នើសុំរបស់ទូលបង្គំ»។
23លោកយ៉ូអាប់ក្រោកឡើយ ហើយចាកចេញទៅកាន់កេសើុរ និងនាំសម្តេចអាប់សាឡុមត្រឡប់មកយេរូសាឡិមវិញ។
24ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរឲ្យគេត្រឡប់ទៅកាន់ដំណាក់របស់គេចុះ តែកុំឲ្យគេមកជួបមុខរបស់យើងឡើយ»។ ដូច្នេះ សម្តេចអាប់សាឡុមត្រឡប់ទៅកាន់ដំណាក់វិញ ដោយមិនបានឃើញព្រះភក្ត្ររបស់ស្តេចទេ។
25ពេលនេះ នៅក្នុងអ៊ីស្រាអែលទាំងមូល មិនមានអ្នកណាដែលមានរូបសម្បត្តិស្រស់សង្ហា ជាងសម្តេចអាប់សាឡុមទៀតទេ។ ពីចុងជើងដល់ចុងសក់របស់សម្តេចគឺមិនមានកន្លែងទាស់ទាល់តែសោះ។
26ជារៀងរាល់ចុងឆ្នាំ សម្តេចតែងតែកាត់សក់របស់សម្តេច ព្រោះវាមានទម្ងន់ធ្ងន់ពេកនៅលើសម្តេច សក់នោះមានទម្ងន់ប្រមាណពីរគីឡូក្រាម តាមរង្វាល់របស់ស្តេច។
27ព្រះបាទអាប់សាឡុម មានបុត្រាបីអង្គ និងបុត្រីមួយអង្គ មាននាមថាតាម៉ារ។ នាងមានរូបឆោមស្រស់ស្អាតណាស់។
28ព្រះបាទអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមរយៈពេលពីរឆ្នាំ ដោយមិនបានឃើញព្រះភក្ត្រព្រះរាជាទេ។
29សម្តេចអាប់សាឡុម បានចាត់គេអោយទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលគាល់ព្រះរាជា ប៉ុន្តែលោកយ៉ូអាប់មិនមកជួបសម្តេចទេ។ ដូច្នេះសម្តេចបានអោយគេទៅអញ្ជើញលោកជាលើកទីពីរ តែលោកនៅតែមិនមក។
30សម្តេចអាប់សាឡុម បានបង្គាប់ទៅអ្នកបម្រើថា៖ «ចូរទៅមើលស្រែរបស់លោកយ៉ូអាប់ ដែលនៅជិតស្រែរបស់យើង ដែលគាត់សាបព្រោះនៅទីនោះ។ ទៅដុតវាទៅ»។ ដូច្នេះអ្នកបម្រើរបស់សម្តេចបានដុតស្រែរបស់លោកយ៉ូអាប់ តាមបញ្ជារបស់សម្តេច។
31ពេលនោះលោកយ៉ូអាប់ បានក្រោកឡើងទៅឯដំណាក់របស់សម្តេចអាប់សាឡុមហើយសួរថា៖ «ហេតុអ្វីបានជារាជបម្រើរបស់ទ្រង់ដុតស្រែរបស់ទូលបង្គំដូច្នេះ?»
32សម្តេចតបថា៖ «មើល៍! យើងបានចាត់មនុស្សអោយអញ្ជើញលោកមក ដើម្បីយើងអាចចាត់លោកទៅគាល់ព្រះរាជា ដើម្បីសួរថា «តើហេតុអ្វីអនុុញ្ញាតអោយយើងត្រឡប់ពីកេសើរមក? វាប្រសើរជាងសម្រាប់យើងបើនៅទីនោះ។ ឥឡូវនេះចូរនាំយើង ទៅគាល់ស្តេច ហើយប្រសិនបើយើងមានកំហុស នោះអោយទ្រង់សម្លាប់យើងទៅចុះ»។
33បន្ទាប់មកលោកយ៉ូអាប់ បានគាល់ព្រះរាជាហើយទូលទ្រង់នូវអ្វីដែលសម្តេចអាប់សូឡុម មានបន្ទូល។ ពេលនោះព្រះបាទដាវីឌ បានហៅសម្តេចអាប់សាឡុម ហើយសម្តេចក៏យាងមក ក្រាបចុះដល់ដីនៅចំពោះព្រះភក្ត្រស្តេច ពេលនោះព្រះរាជាបានថើបទ្រង់។