1កាលនោះព្រះអម្ចាស់ បានចាត់លោកណាថាន់ទៅឯព្រះបាទដាវីឌ។ លោកបានមកគាល់ស្តេច ហើយនិយាយថា៖ «មានដំណាលថា ក្នុងក្រុងមួយមានបុរសពីរនាក់។ ម្នាក់ជាអ្នកមាន និងម្នាក់ទៀតជាអ្នកក្រ។
2បុរសអ្នកមានមានហ្វូងគោ និងហ្វូងចៀមជាច្រើន
3ប៉ុន្តែបុរសអ្នកក្រមិនមានអ្វីទាំងអស់ ក្រៅពីកូនចៀមញីមួយប៉ុណ្ណោះ ដែលទិញមកហើយចិញ្ចឹមបីបាច់វាបានធំធាត់។ ចៀមនោះវាបាននៅជាមួយគាត់តាំងពីតូច ហើយក៏បានធំឡើងជាមួយគាត់។ ចៀមនោះវាតែងតែស៊ី នឹងផឹកពីពែងរបស់គាត់ ហើយវាតែងតែដេកនៅក្នុងដៃរបស់គាត់ គឺដូចជាកូនស្រីរបស់គាត់។
4ថ្ងៃមួយមានភ្ញៀវមកសួរសុខទុក្ខបុរសអ្នកមាន ប៉ុន្តែ បុរសអ្នកមានមិនចង់យកសត្វពីហ្វូងគោ ហ្វូងចៀមរបស់លោក ដើម្បីធ្វើអាហារទទួលភ្ញៀវនោះទេ។ ជំនួសវិញគាត់បានយកមេចៀមរបស់បុរសអ្នកក្រ ហើយចំអិនអាហារទទួលភ្ញៀវរបស់គាត់»។
5ព្រះបាទដាវីឌ ព្រះពិរោធយ៉ាងខ្លាំងនឹងបុរសអ្នកមាន ហើយទ្រង់មានរាជឱង្ការទៅព្យាការីណាថាន់ថា៖ «យើងសូមស្បថក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវដាក់ទោសដល់ស្លាប់។
6គេត្រូវសងចៀមមួយជាបួនឲ្យម្ចាស់ដើមវិញ ពីព្រោះគេបានប្រព្រឹត្តយ៉ាងដូច្នេះ ហើយបានកិច្ចការដ៏អាក្រក់ចំពោះអ្នកក្រ»។
7ព្យាការីណាថាន់ទូលព្រះបាទដាវីឌថា៖ «ទ្រង់គឺជាបុរសម្នាក់នោះ! ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «យើងបានចាក់ប្រេងតែងតាំងអ្នក ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកចេញពីដៃរបស់ស្តេចសូល។
8យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងអស់របស់ចៅហ្វាយរបស់អ្នក មកក្នុងកណ្តាប់ដៃរបស់អ្នក។ យើងក៏បានប្រគល់ឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងពួកយ៉ូថាដែរ។ ប្រសិនបើជានៅតែមិនគ្រប់គ្រាន់ទៀត យើងអាចបន្ថែមលើសពីនេះទៅទៀត។
9ដូច្នេះ ហេតុដូចម្តេចបានជាអ្នកមើលងាយព្រះបន្ទូលព្រះអម្ចាស់! ដោយធ្វើអំពើដ៏អាក្រក់ដែលទាស់ចិត្តយើងដូច្នេះ? គឺអ្នកបានសម្លាប់លោកអ៊ូរីជាជនជាតិហេត ដោយប្រគល់ឲ្យគេសម្លាប់ដោយមុខដាវ ហើយអ្នកបានយកប្រពន្ធរបស់គេមកធ្វើជាប្រពន្ធ។ អ្នកបានប្រគល់គេឲ្យទៅពួកសាសន៍អាំម៉ូនប្រហារជីវិតរបស់គេ។
10ដូច្នេះហើយបានជាក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមាក់ងាយយើង ដោយយកប្រពន្ធអ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរស់ខ្លួន។
11ព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើឲ្យមានមហន្តរាយកើតមាននៅក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ឲ្យទៅសាច់ញាតិរបស់អ្នក ហើយគេនឹងរួមដំណេកជាមួយស្ត្រីស្នំរបស់អ្នកនៅកណ្តាលវាល នៅចំពោះមុខរបស់អ្នក។
12អ្នកបានប្រព្រឹត្តអំពើបាបដោយស្ងាត់កំបាំង ឯយើងវិញ យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកនៅកណ្តាលវាល ចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល»។
13ព្រះបាទដាវីឌមានរាជឱង្ការទៅព្យាការីណាថាន់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់»។ ព្យាការីតបទៅស្តេចវិញថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា។ ព្រះករុណានឹងមិនសោយទិវង្គតទេ។
14ប៉ុន្តែ ទោះជាយ៉ាងណាក្តី ដោយអ្នកបានមាក់ងាយព្រះអម្ចាស់ នោះក្មេងដែលកើតមកនោះនឹងត្រូវស្លាប់ជាប្រាកដ»។
15បន្ទាប់មក ព្យាការីណាថាន់បានត្រឡប់ទៅលំនៅរបស់លោកវិញ។ ព្រះអម្ចាស់បានធ្វើឲ្យកូនដែលភរិយាលោកអ៊ូរី បានធ្វើឲ្យព្រះបាទដាវីឌមានជម្ងឺជាទម្ងន់។
16ព្រះបាទដាវីឌបានទូលអង្វរព្រះអម្ចាស់សម្រាប់ក្មេងនោះ។ ស្តេចបានតមអាហារ ហើយកាលស្តេចយាងចូលក្រឡាបន្ទំ ស្តេចបានផ្ទុំផ្ទាល់ដី។
17ពួកចាស់ទុំបានទទូចអង្វរសូមឲ្យស្តេចតើនឡើង ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមក្រោកទេ ហើយទ្រង់ក៏មិនសោយអាហារជាមួយពួកគេដែរ។
18នៅថ្ងៃទីប្រាំពីរ កូននោះក៏បានស្លាប់។ ពួករាជបម្រើរបស់ព្រះបាទដាវីឌមិនហ៊ានទូលស្តេចពីការស្លាប់របស់កូននោះទេ ដោយពួកគេនិយាយថា៖ «មើល៍ កាលកូននៅមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្តាប់យើងនោះទេ។ ចុះទម្រាំបើពេលនេះកូនស្លាប់ទៅហើយ តើទ្រង់នឹងធ្វើយ៉ាងណាចំពោះរូបកាយទ្រង់។
19ប៉ុន្តែ ពេលដែលព្រះបាទដាវីឌបានឃើញពួករាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូនបានស្លាប់ហើយ។ ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា៖ «តើកូនរបស់យើងស្លាប់ហើយឬ?» ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសសុគតហើយ»។
20នោះ ព្រះបាទដាវីឌ បានក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា។ ទ្រង់បានយាងចេញទៅទីសក្ការៈ ហើយថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ ហើយស្តេចត្រឡប់មកព្រះដំណាក់របស់ទ្រង់វិញ។ ស្តេចបានបញ្ជាឲ្យគេរៀបចំអាហារ ពួកគេបានរៀបចំអាហារនៅចំពោះព្រះរាជា ហើយស្តេចក៏សោយ។
21ពួករាជបម្រើទូលសួរទ្រង់ថា៖ «ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ? ទ្រង់បានតមអាហារ និងយំសោកនៅពេលដែលរាជកុមារនៅមានជីវិតនៅឡើយ ប៉ុន្តែ ពេលនេះព្រះឱរសចូលទិវង្គត ទ្រង់បែរជាក្រោកឡើង ហើយសោយព្រះស្ងោយទៅវិញ»។
22ព្រះបាទដាវីឌតបថា៖ «កាលកូននៅរស់នៅឡើយ យើងបានតមអាហារ និងសោកសង្រេងដោយយើងនឹកថា៖ ព្រះអម្ចាស់នឹងប្រណីសន្តោសដល់យើង ដោយទុកឲ្យកូននោះមានជីវិតបន្តទៀត។
23ប៉ុន្តែ ពេលនេះកូនបានស្លាប់ផុតទៅហើយ តើឲ្យយើងតមធ្វើអ្វីទៀត? តើយើងអាចនឹងអាចយកគេត្រឡប់មកវិញឬ? គឺយើងទេដែលនឹងត្រូទៅជួបវា គឺវានឹងមិនត្រឡប់មកជួបយើងនោះទេ។
24ព្រះបាទដាវីឌបានសម្រាលទុក្ខនាងបេតសេបាជាមហេសីរបស់ទ្រង់ ហើយរួមរស់ជាមួយនាង។ បន្ទាប់មក នាងប្រសូត្របានបុត្រាមួយអង្គ និងប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់សព្វព្រះទ័យនឹងបុត្រនេះណាស់
25ព្រះអម្ចាស់បានចាត់ព្យាការីណាថាន ទៅទូលព្រះបាទដាវីឌជ្រាបថា ត្រូវដាក់នាមកូនថា យេឌីឌីយ៉ា មានន័យថា អ្នកដែលព្រះអម្ចាស់ស្រឡាញ់។
26គ្រានោះ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយហើយដណ្តើមយកវាំងរបស់ស្តេច។
27ដូច្នេះ លោកយ៉ូអាប់បានចាត់អ្នកនាំសារទៅឯព្រះបាទដាវីឌទូលថា៖ «ទូលបង្គំបានវាយទីក្រុងរ៉ាបាត ហើយដណ្តើមបានទីកន្លែងផ្គត់ផ្គង់ទឹក។
28ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ ហើយមកវាយយកក្រុងនេះដោយព្រះករុណាផ្ទាល់ចុះ ក្រែងលោពេលដែលទូលបង្គំវាយយកបានក្រុង ហើយគេនិយាយថា ក្រុងនេះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
29ព្រះបាទដាវីឌបានប្រមូលកងទ័ពទាំងអស់ ហើយចេញទៅរ៉ាបាត ទ្រង់វាយយកបានទីក្រុង។
30ទ្រង់បានយកមកុដដែលស្ថិតនៅលើព្រះសិរសារបស់ស្តេចអាំម៉ូន ដែលមកុដនោះធ្វើពីមាសមានទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងទៀតផង។ ទ្រង់បានពាក្យមកុដលើព្រះសិរសារបស់ទ្រង់។ បន្ទាប់មក ព្រះបាទដាវីឌបានរឹបអូសយកជ័យភ័ណ្ឌជាច្រើនពីក្រុងនេះ។
31ទ្រង់បានចាប់ប្រជាជនក្រុងនេះទៅជាឈ្លើយ ព្រមទាំងបង្ខំឲ្យពួកគេអាឈើ វាយដែកធ្វើចប ធ្វើពូថៅ ហើយទ្រង់ក៏ឲ្យគេធ្វើឥដ្ឋដែរ។ ព្រះបាទដាវីឌក៏បានធ្វើដូច្នេះចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេច និងពួកកងទ័ពរបស់ទ្រង់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។