1នៅរដូវស្លឹកឈើលាស់ ជារដូវកាលដែលស្តេចទាំងឡាយទម្លាប់ធ្វើសង្គ្រាម នោះព្រះបាទដាវីឌបានចាត់លោកយ៉ូអាប់ ជាមេទ័ពរបស់ទ្រង់ និងពួកកងទ័ពរបស់អ៊ីស្រាអែលឲ្យចេញទៅ។ ពួកគេបានកម្ទេចកងទ័ពអាំម៉ូន និងបានឡោមព័ទ្ធក្រុងរ៉ាបាត។ ចំណែកឯព្រះបាទដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡិម។
2មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌបានតើនពីក្រឡាបន្ទំ ហើយស្តេចបានយាងកំសាន្តតាមថែវដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់បានទតឃើញនារីម្នាក់ដែលកំពង់ងូតទឹក ស្ត្រីម្នាក់នោះមានរូបឆោមស្អាតណាស់ស្រស់
3ស្តេចបានចាត់គេឲ្យទៅស៊ើបសួរអំពីស្រ្តីនោះ។ មានគេនិយាយថា៖ «តើនេះមិនមែនជានាងបេតសេបា ជាកូនស្រីរបស់លោក អេលាំ ជាភរិយារបស់លោកអ៊ូរី ជាជនជាតិហេតនោះទេឬ?»
4ព្រះបាទដាវីឌបានចាត់គេឲ្យនាំនាងមក នាងបានចូលគាល់ស្តេច ហើយស្តេចបានរួមដំណេកជាមួយនាង (គឺនាងទើបតែបានសម្អាតខ្លួនពីការមានរដូវរបស់នាង)។ បន្ទាប់មក នាងបានត្រឡប់ទៅផ្ទះរបស់នាងវិញ។
5នាងបេតសេបាក៏ចាប់មានទម្ងន់ ហើយនាងក៏ចាត់មនុស្សឲ្យទៅទូលព្រះបាទដាវីឌ ថា៖ «ខ្ញុំម្ចាស់មានទម្ងន់ហើយ»។
6នោះ ព្រះបាទដាវីឌមានរាជឱង្ការបញ្ជាទៅលោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ ដូច្នេះលោកយ៉ូអាប់បានចាត់លោកអ៊ូរីមកឯព្រះបាទដាវីឌ។
7នៅពេលដែលលោកអ៊ូរី មកដល់ ព្រះបាទដាវីឌបានសួរសុខទុក្ខរបស់លោកយ៉ូអាប់ អំពីពួកពលទាហាន ហើយនិងសភាពការណ៍សង្រ្គាម តើយ៉ាងណាទៅហើយ។
8ព្រះបាទដាវីឌ ក៏មានរាជឱង្ការទៅកាន់លោកអ៊ូរីថា៖ «ចូរត្រឡប់ទៅផ្ទះរបស់លោក ហើយសម្អាតជើងរបស់លោកចុះ»។ ដូច្នេះ លោកអ៊ូរីក៏ចាកចេញពីព្រះរាជវាំងទៅ ហើយបន្ទាប់ពីលោកចាកចេញទៅ ស្តេចបានផ្ញើអំណោយទៅឲ្យលោក។
9ប៉ុន្តែ លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ គឺលោកបានសម្រាន្ដនៅមាត់ទ្វារចូលព្រះរាជវាំងរបស់ស្តេចជាមួយនឹងអ្នកបម្រើទាំងអស់របស់ចៅហ្វាយរបស់លោក។
10ពេលនោះមានគេទូលរឿងនេះដល់ព្រះបាទដាវីឌថា៖ «លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ»។ ព្រះបាទដាវីឌសួរលោកអ៊ូរីថា៖ «តើអ្នកបានធ្វើអ្វី? តើហេតុអ្វីបានជាលោកមិនត្រឡប់ទៅផ្ទះរបស់លោក?»
11នោះលោកអ៊ូរីទូលស្តេចថា៖ «ហឹបរបស់ព្រះអម្ចាស់ទាំងពលទាហានអ៊ីស្រាអែល ព្រមទាំងយូដា ពួកគេស្នាក់នៅក្នុងត្រសាលនៅឡើយ ហើយចៅហ្វាយរបស់ទូលបង្គំលោកយ៉ូអាប់ និងអ្នកបម្រើរបស់លោកទាំងអស់ក៏សម្រាកនៅទីវាល។ តើនឹងឲ្យទូលបង្គំចូលទៅក្នុងផ្ទះ ស៊ីផឹក ហើយដេកជាមួយភរិយារបស់ទូលបង្គំយ៉ាងដូចម្តេចបាន? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណានៅមានព្រះជន្មគង់នៅ ទូលបង្គំនឹងមិនធ្វើដូច្នេះជាដាច់ខាត។
12ព្រះបាទដាវីឌមានរាជឱង្ការមកលោកអ៊ូរីថា៖ «ថ្ងៃនេះសូមលោកស្នាក់នៅទីនេះចុះ ហើយថ្ងៃស្អែកសឹមចេញដំណើរទៅ»។ ដូច្នេះ លោកក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះនឹងថ្ងៃបន្ទាប់។
13នៅពេលដែលព្រះបាទដាវីឌ ត្រាស់ហៅលោកនោះ លោកបានបរិភោគ នឹងផឹកមុនស្តេច។ នៅរសៀលបន្ទាប់លោកអ៊ូរីបានសម្រាន្តលើគ្រែរបស់លោកជាមួយពួកអ្នកបម្រើចៅហ្វាយរបស់លោក គឺលោកមិនបានត្រឡប់ទៅផ្ទះរបស់លោកទេ។
14នៅពេលព្រឹកព្រះបាទដាវីឌបានសរសេរសំបុត្រផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។
15ស្តេចបានសរសេរនៅក្នុងសំបុត្រនោះថា៖ «ចូរបញ្ជូនលោកអ៊ូរីទៅកាន់សមរភូមិមុខ គឺទៅកាន់ខ្សែប្រយុទ្ធ ហើយដកអ្នកដទៃទៀតចេញពីគេមក នោះគាត់នឹងត្រូវគេវាយប្រហារហើយសម្លាប់នៅទីនោះ។
16លោកយ៉ូអាប់ សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ លោកក៏បានដាក់លោកអ៊ូរីនៅកន្លែងដែលលោកបានដឹងថាមានសត្រូវដែលខ្លាំងពូកែ។
17នៅពេលដែលកងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់ ពួកគេបានសម្លាប់កងទ័ពមួយចំនួន នៅក្នុងជួរទ័ពរបស់ស្តេចដាវីឌ ហើយលោកអ៊ូរី ជាជនជាតិហេត ក៏ត្រូវបានគេសម្លាប់នៅទីនោះដែរ។
18លោកយ៉ូអាប់ បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ សព្វគ្រប់អំពីសភាពការណ៍ចម្បាំង
19គឺលោកបញ្ជាអ្នកនាំសារថា៖ «នៅពេលដែលអ្នកបានទូលថ្វាយស្តេចចប់សព្វគ្រប់អំពីសភាពការណ៍ចម្បាំងហើយ
20ប្រសិនបើ ស្តេចខ្ញាល់ ហើយទ្រង់មានរាជឱង្ការថា «ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ តើអ្នកមិនដឹងទេឬថា ខ្មាំងនឹងបាញ់ព្រួញពីលើកំពែងក្រុងមក?
21តើអ្នកណាជាអ្នកសម្លាប់លោកអប៊ីមាឡេក ជាកូនប្រុសរបស់លោកយេរូបាលដែលនៅថេប៊េស? តើមិនមែនជាមនុស្សស្រីទេឬដែលបានទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក? ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុងនោះ? នោះ អ្នកត្រូវទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេតុ ក៏បានស្លាប់នៅទីនោះដែរ។
22ដូច្នេះ អ្នកនាំសារបានចាកចេញទៅគាល់ព្រះរាជា និងបានទូលថ្វាយទ្រង់គ្រប់សព្វ តាមដែលលោកយ៉ូអាប់បានបង្គាប់លោកឲ្យនិយាយ។
23អ្នកនាំសារទូលស្តេចថា៖ «ពួកខ្មាំងសត្រូវមានប្រៀបជាងយើង គេចេញមកវាយយើងខ្ញុំនៅតាមវាល ប៉ុន្តែ យើងបានវាយបកទៅវិញ រហូតពួកគេទៅដល់ក្លោងទ្វារក្រុង។
24ពេលនោះ ពួកខ្មាំងសត្រូវបានបាញ់ព្រួញពីលើកំពែងក្រុង មកលើកងទ័ពរបស់ព្រះករុណា ធ្វើអោយពលទាហានមួយចំនួនបានស្លាប់ ហើយអ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេត ក៏បានស្លាប់នៅទីនោះដែរ។
25«នោះព្រះបាទដាវីឌ មានរាជឱង្ការទៅអ្នកនាំសារថា «ចូរប្រាប់យ៉ូអាប់ថា សូមកុំពិបាកចិត្តព្រោះតែរឿងនេះឡើយ ដ្បិត ការធ្វើសង្គ្រាមគឺតែងតែមានការស្លាប់ទាំងសងខាងដូច្នេះហើយ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំង ហើយបំផ្លាញក្រុងនេះឲ្យបាន»។
26នៅពេលដែលភរិយារបស់លោកអ៊ូរី បានដឹងដំណឹងថាប្តីរបស់ស្លាប់ នាងបានធ្វើពិធីកាន់ទុក្ខសពប្តីរបស់នាង។
27លុះពេលវេលានៃការកាន់ទុកបានចប់សព្វគ្រប់ហើយ ព្រះបាទដាវីឌបានចាត់គេឲ្យទៅនាំនាងពីផ្ទះមក ចូលទៅក្នុងព្រះរាជវាំង ហើយនាងបានក្លាយជាមហេសីរបស់ស្តេច ហើយសម្រាលបានបុត្រមួយថ្វាយស្តេច។ ប៉ុន្តែ អំពើដែលដាវីឌបានធ្វើ មិនគាប់ព្រះទ័យព្រះអម្ចាស់ឡើុយ។