ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 8

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនអើយ យើងចង់ឲ្យបងប្អូនដឹងអំពី ព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យដល់ពួកជំនុំនៅស្រុកម៉ាសេដូន។
2កំឡុងពេលជួបនឹងការល្បងលដោយសារ​ទុក្ខ​វេទនាជាមួយនឹងភាពក្រីក្រយ៉ាងខ្លាំងយ៉ាងក៏ដោយ ពួកគេនៅតែមានអំណរជាបរិបូរ ហើយក៏នៅតែមានភាពសប្បុរសដដែល។
3ដ្បិត ខ្ញុំអាចធ្វើជាសាក្សីថា ពួកគេពិតជាបានផ្តល់ប្រាក់ទៅតាមសមត្ថ‌ភាពដែលពួកគេអាចធ្វើបាន ហើយពេលខ្លះពួកគេបានថ្វាយច្រើនជាងអ្វីដែលគេមានផង។ ហើយពួកគេធ្វើការទាំងនេះដោយការពេញចិត្តផងដែរ
4ពួកគេសូមអង្វរ ហើយទទូចដើម្បីឲ្យយើងអនុញ្ញាតឲ្យពួកគេអាចមានចំណែកបម្រើការងារជាមួយបងប្អូនអ្នកជឿដែរ។
5ការនេះមិនបានកើតឡើងតាមអ្វីដែលបានរំពឹងទុកឡើយ។ ផ្ទុយទៅវិញ ពួកគេបានថ្វាយជីវិតរបស់ពួកគេទៅព្រះអម្ចាស់ជាដំបូង។ បន្ទាប់មក ពួកគេក៏បានថ្វាយខ្លួនគេដល់យើងដែរ ដោយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
6ដូច្នេះ យើងបានដាស់តឿនដល់ទីតុស ដែលជាអ្នកបានចាប់ផ្តើមការងារនេះ ដើម្បីធ្វើឲ្យសម្រេចការនេះស្របតាមភាពសប្បុរសនិងចំណែករបស់បងប្អូនដែរ។
7ប៉ុន្តែ បងប្អូននឹងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ក្នុងជំនឿ ក្នុងការនិយាយ ក្នុងសេចក្តីចេះដឹង ក្នុងសេចក្តីព្យាយាម ហើយនៅក្នុងសេចក្តីស្រឡាញ់ដល់ពួកយើង។ ដូច្នេះ សូមឲ្យប្រកដថាបងប្អូនបានចម្រើន ក្នុងកិច្ចការសប្បុរសទាំងនេះដែរ។
8ខ្ញុំនិយាយការទាំងនេះមិនមែនដោយបង្គាប់បញ្ជានោះទេ។ ផ្ទុយទៅវិញ ខ្ញុំនិយាយការទាំងនេះតាមលំដាប់លំដោយ ដើម្បីល្បងលពីភាពស្មោះត្រង់នៃសេចក្តីស្រឡាញ់របស់បងប្អូន ដោយប្រៀបធៀបវាជាមួយទឹកចិត្តរបស់មនុស្សផ្សេងទៀត។
9ដ្បិត បងប្អូនបានស្គាល់ពីព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងហើយ។ ទោះបីជា ព្រះជាម្ចាស់មានសម្បត្តិយ៉ាងណាក្តី តែដោយសារបងប្អូនព្រះអង្គត្រឡប់ជាក្រវិញ​ ហើយដោយសារភាពក្រីក្ររបស់ព្រះជាម្ចាស់នោះ បងប្អូននឹងត្រឡប់ទៅជាអ្នកមានទ្រព្យសម្បត្តិវិញ។
10នៅក្នុងរឿងនេះ ខ្ញុំនឹងផ្តល់នូវគំនិតជាជំនួយដល់បងប្អូន។ កាលពីឆ្នាំមុន បងប្អូនមិនទាន់ទាំងចាប់ផ្តើមធ្វើអ្វីផង ប៉ុន្តែ បងប្អូនមានចិត្តក្នុងការធ្វើវារួចទៅហើយ។
11ដូច្នេះ ចូរបង្ហើយវាចុះ។ ដូចអ្វីដែលបងប្អូនមានដួងចិត្តចង់ធ្វើយ៉ាងណា ដូច្នេះ ចូរធ្វើវាចុះ ហើយបងប្អូននឹងបង្ហើយវា តាមអ្វីដែលបងប្អូនអាចធ្វើទៅបាន។
12ដ្បិត ប្រសិនបើ បងប្អូនមានចិត្តស្មោះក្នុងការធ្វើការនេះ វាគឺជាការល្អ ហើយអាចទទួលយកបានផង។ ហើយវាអាស្រ័យទៅលើអ្វីដែលអ្នកនោះមាន មិនមែនផ្អែកទៅលើអ្វីដែលពួកគេគ្មាននោះទេ។
13ដ្បិត កាតព្វកិច្ចទាំងនេះមិនមែនដើម្បីឲ្យអ្នកណាម្នាក់បានធូស្រាល ហើយឲ្យនរណាម្នាក់ទៀតមានបន្ទុកវិញនោះទេ។ ផ្ទុយទៅវិញ គួរតែធ្វើដោយស្មើរភាពគ្នា។
14តែបន្ទុករបស់បងប្អូនក្នុងពេលឥឡូវនេះ គឺត្រូវផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ។ ដូចដែលពួកគេមានបន្ទូកក្នុងការផ្គត់ផ្គង់ដល់តម្រូវការរបស់បងប្អូនដែរ ដើម្បីឲ្យមានភាពស្មើរគ្នា។
15ដ្បិត មានសេចក្តីចែងទុកមកថា៖ «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់អ្វី​ឡើយ រីឯ​អ្នក​ដែល​រើស​បាន​តិច ក៏មិន​ខ្វះ​ទេ»។
16ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលបានដាក់នៅក្នុងដួងចិត្តរបស់លោកទីតុសឲ្យមានដួងចិត្តដូចជាខ្ញុំដែរ ក្នុងការមើលថែបងប្អូន។
17ដ្បិត គាត់់មិនមែនគ្រាន់តែទទួលការស្នើសុំរបស់យើងនោះទេ ប៉ុន្តែ គាត់ពិតជាមានចិត្តស្មោះជាមួយនឹងការនោះដែរ។ លោកទីតុសបានមករកបងប្អូនដោយស្ម័គ្រពីចិត្តរបស់គាត់វិញ។
18ពួកយើងបានចាន់បងប្អូនផ្សេងទៀត មកជាមួយគាត់គឺជាអ្នកដែលមានការសរសើរនៅតាមក្រុមជំនុំផ្សេងៗ ដើម្បីជួយការងារគាត់ក្នុងការប្រកាសដំណឹងល្អ។
19មិនតែប៉ុណ្ណោះ គាត់ត្រូវបានជ្រើសរើសតាមរយៈក្រុមជំនុំ ដើម្បីឲ្យធ្វើដំណើរជាមួយយើងក្នុងការនាំយកកិច្ចការ និងទង្វើសប្បុរសរបស់យើងផង។ ការទាំងនេះសម្រាប់ជាសិរីល្អនៃព្រះអម្ចាស់ដោយខ្លួនគាត់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្តឆេះឆួលចង់ជួយយើងដែរ។
20ពួកយើង ​ខំ​ចៀស​វាងពីការអ្វីដែលអាចកើតឡើង ពីនរណាម្នាក់ដែលមិនពេញចិត្តហើយបារម្ភ​ពី​ដំណើរ​សប្បុរស​​នេះ ដែល​យើង​ខ្ញុំ​កំពុងតែនាំចេញទៅផងដែរ។
21ពួកយើងយកចិត្តទុកដាក់ក្នុងការធ្វើការនេះដោយស្មោះត្រង់ មិនមែនតែនៅចំពោះព្រះអម្ចាស់ឡើយ ប៉ុន្តែ នៅចំពោះមនុស្សដែរ។
22ពួកយើងបានចាត់បងប្អូនផ្សេងទៀតទៅជាមួយពួកគេដែរ។ ពួកយើងបានល្បងលគាត់ជាញឹកញាប់ ហើយយើងបានរកឃើញថាគាត់ពិតជាមានចិត្តក្លៀវក្លា សម្រាប់ការងារជាច្រើនដែរ។ គាត់ពេលនេះកាន់តែព្យាយាមទៀត ពីព្រោះតែគាត់មានទំនុកចិត្តជាខ្លាំងនៅក្នុងបងប្អូន។
23ដ្បិត លោកទីតុស គាត់គឺជាគូកនរបស់ខ្ញុំ ហើយក៏ជាអ្នករួមការងារសម្រាប់បងប្អូនដែរ។ ដ្បិត បងប្អូនទាំងនោះ ក្រុមជំនុំជាអ្នកចាត់ឲ្យពួកគេទៅ។ ពួកគេទាំងនោះគោរពកោតខ្លាចព្រះគ្រិស្ត។
24ដូច្នេះ សូមបង្ហាញដល់ពួកគេនូវសេចក្តីស្រឡាញ់របស់បងប្អូន ហើយបង្ហាញដល់ក្រុមជំនុំ ពីមូលហេតុដែលមានអំនួតរបស់យើងអំពីបងប្អូនដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។