ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 3

Read Scripture freely. Divine Threads study for this chapter is coming later.

1តើយើងចាប់ផ្ដើមសរសើរតម្កើងខ្លួនយើងទៀតហើយឬ? យើងមិនត្រូវការយកលិខិតណែនាំខ្លួនបង្ហាញទៅអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ តើមែនទេ?
2បងប្អូនអើយ បងប្អូនរាល់គ្នាហើយជាលិខិតណែនាំខ្លួនរបស់យើង ដែលបានសរសេរនៅក្នុងដួងចិត្តយើង បានទទួលស្គាល់ និងបានអានដោយមនុស្សគ្រប់គ្នា។
3បងប្អូនបានបង្ហាញថា បងប្អូនគឺជាសំបុត្រលិខិតរបស់ព្រះគ្រិស្ត ដែលយើងបានរៀបចំ។ លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ តែបានសរសេរឡើងដោយព្រះវិញ្ញាណដ៏រស់របស់ព្រះជាម្ចាស់វិញ។ លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ។
4​​នេះហើយជាទំនុកចិត្តដែលយើងមានតាមរយៈព្រះគ្រិស្តនៅចំពោះព្រះជាម្ចាស់។
5យើងមិនមានសមត្ថភាពនៅក្នុងយើងដើម្បីប្រកាសអ្វីមួយ ដែលមកពីយើងនោះទេ។ ផ្ទុយទៅវិញ សមត្ថភាពគឺមកពីព្រះជាម្ចាស់។
6គឺព្រះជាម្ចាស់ទេដែល​​​ធ្វើឲ្យយើងអាចក្លាយជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី។​​​ សម្ពន្ធមេត្រីនេះមិនមែនគ្រាន់តែជាអក្សរទេ ប៉ុន្តែ គឺជាព្រះវិញ្ញាណវិញ។ ដ្បិត អក្សរគឺជាការសម្លាប់ ចំណែកឯព្រះវិញ្ញាណវិញគឺប្រទានជីវិត។
7ឥឡូវនេះ ការបម្រើដែលនាំឲ្យស្លាប់ ដែលបានចារឹកទុកជាអក្សរថ្ម មានសិរីល្អដែលធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចមើលមុខលោកម៉ូសេដោយផ្ទាល់បាន។ នោះគឺដោយសាតែសិរីល្អនៃមុខរបស់លោកម៉ូសេ គឺជាសេចក្ដីដែលកំពុងសាបសូន្យបាត់ទៅ។
8តើមានសិរីរុងរឿងច្រើនប៉ុណ្ណាទៅនៃការបម្រើដែលព្រះវិញ្ញាណធ្វើ?
9ដ្បិត ប្រសិនបើ កិច្ចការបម្រើនៃការកាត់ទោសមានសិរីរុងរឿងប៉ុណ្ណឹងទៅហើយ ចុះបើកិច្ចការបម្រើខាងឯសេចក្ដីសុចរិតនឹងមានសិរីរុងរឿងប៉ុណ្ណាទៅ!
10ពិតណាស់ សិរីរុងរឿងខាងឯសេចក្ដីសុចរិតធ្វើឲ្យសិរីរុងរឿងខាងឯការកាត់ទោសលែងមានតម្លៃ ដោយសារតែសិរីរុងរឿងនេះប្រសើរជាងសិរីរុងរឿងនោះ។
11ដ្បិត អ្វីដែលកន្លងផុតទៅ មានសិរីល្អប៉ុណ្ណឹងទៅហើយ ចុះបើអ្វីដែលស្ថិតស្ថេរមានសិរីរុងរឿងប៉ុណ្ណាទៅ។
12ចាប់តាំងពីពេលដែលយើងមានសង្ឃឹម យើងពិតជាក្លាហានណាស់។
13យើងមិនដូចជាលោកម៉ូសេទេ ដែលពាក់ស្បៃនៅលើមុខរបស់គាត់ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងមិនអាចឃើញផ្ទាល់ពីទីបញ្ចប់នៃសិរីរុងរឿងដែលនឹងសាបសូន្យនោះទេ។
14ប៉ុន្តែ គំនិតរបស់ពួកគេត្រូវបានបិទ។ សូម្បីតែរហូតដល់សព្វថ្ងៃនេះ ស្បៃនៅតែបាំងភ្នែកពួកគេដដែល ក្នុងការដែលគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ វាមិនបានដោះចេញទេ ដោយសារតែព្រះគ្រិស្តទើបអាចដោះចេញបាន។
15ទោះបីសព្វថ្ងៃនេះក៏ដោយ នៅពេលដែលនរណាអានក្រឹត្យវិន័យរបស់លោកម៉ូសេ ស្បៃនោះនៅតែបាំងដួងចិត្តរបស់គេដដែល។
16ប៉ុន្តែ នៅពេលដែលមនុស្សបែរទៅរកព្រះអម្ចាស់ ស្បៃនោះនឹងត្រូវដកចេញ។
17ឥឡូវនេះ ព្រះអម្ចាស់គឺជាពវិញ្ញាណ។ កន្លែងណាដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅ កន្លែងនោះនឹងមានសេរីភាព។
18ឥឡូវនេះ ពួកយើង ឃើញសិរីល្អរបស់ព្រះជាម្ចាស់ដោយ មិនបាំងមុខទេ។ យើងកំពុងតែផ្លាស់ប្រែទៅរកសិរីល្អមួយដែលដូចជាព្រះអម្ចាស់ ពីសិរីល្អមួយទៅសិរីល្អមួយ ដែលព្រះអង្គជាព្រះវិញ្ញាណ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។