1ដូច្នេះ ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯងហើយថា ខ្ញុំនឹងមិនមកនៅក្នុងស្ថានភាពដែលពេញដោយការឈឺចាប់ម្ដងទៀតនោះទេ។
2ប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកឈឺចាប់ តើអ្នកណាអាចលើកទឹកចិត្តខ្ញុំបាន ក្រៅពីពួកអ្នកឈឺចាប់ដោយសារខ្ញុំនោះ?
3ខ្ញុំបានសរសេរ ដូចអ្វីដែលខ្ញុំបានធ្វើ ដើម្បីនៅពេលដែលខ្ញុំមកឯអ្នករាល់គ្នា ខ្ញុំអាចនឹងមិនឈឺចាប់ ដោយសារអស់អ្នកដែលធ្វើឲ្យខ្ញុំមានអំណរនោះទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំចំពោះអ្នកទាំងអស់គ្នាថា អ្នករាល់គ្នាមានអំណរដូចអំណរដែលខ្ញុំមានដែរ។
4ដ្បិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាចេញពីទុក្ខលំបាក និងសេចក្ដីទុក្ខព្រួយនៅក្នុងចិត្ត ព្រមទាំងទឹកភ្នែកជាច្រើនផង។ ខ្ញុំមិនចង់ធ្វើឲ្យអ្នករាល់គ្នាឈឺចាប់នោះទេ ផ្ទុយទៅវិញ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីជម្រៅនៃក្ដីស្រឡាញ់ ដែលខ្ញុំមានសម្រាប់បងប្អូន។
5ប្រសិនបើ នរណាម្នាក់ធ្វើឲ្យមានការឈឺចាប់ អ្នកនោះមិនគ្រាន់តែធ្វើឲ្យខ្ញុំឈឺចាប់នោះទេ គឺបងប្អូនទាំងអស់គ្នាមានការឈឺចាប់ដូចគ្នាដែរ តែមិនត្រូវដាក់ទោសអ្នកទាំងនោះខ្លាំងពេកទេ។
6ការដាក់អ្នកនោះគឺទុកឲ្យមនុស្សភាគច្រើនជាអ្នកដាក់ទោសគេវិញគឺគ្រប់គ្រាន់ហើយ។
7ដូច្នេះ ជំនួសឲ្យការដាក់ទោសអ្នកនោះ បងប្អូនគួរតែអត់ទោស ហើយលើកទឹកចិត្តគាត់វិញ។ ធ្វើដូច្នេះ ដើម្បីកុំឲ្យគាត់មានទុក្ខព្រួយខ្លាំងពេក។
8ដូច្នេះ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនចំពោះគាត់នៅទីសាធារណៈ។
9នេះគឺជាហេតុផលដែលខ្ញុំសរសេរមក ដូច្នេះ ខ្ញុំអាចនឹងល្បងលបងប្អូន ហើយដឹងថាបងប្អូនស្ដាប់បង្គាប់ខ្ញុំគ្រប់ការទាំងអស់។
10ប្រសិនបើ បងប្អូនអត់ទោសឲ្យអ្នកណាម្នាក់ ខ្ញុំក៏អត់ទោសឲ្យអ្នកនោះដូចគ្នាដែរ។ អ្វីដែលខ្ញុំបានអត់ទោស ប្រសិនបើខ្ញុំបានអត់ទោសរឿងអ្វីមួយ គឺខ្ញុំបានអត់ទោសដោយយល់ដល់អ្នករាល់គ្នានៅក្នុងព្រះវត្តមានរបស់ព្រះគ្រិស្ត។
11ដូច្នេះទើបសាតាំងមិនអាចបោកប្រាស់យើងបាន។ ដ្បិត យើងយល់មិនដល់គម្រោងការរបស់វាឡើយ។
12ព្រះអម្ចាស់បានបើកទ្វារក្រុងចំហរឲ្យខ្ញុំ នៅពេលដែលខ្ញុំបានទៅទីក្រុងទ្រអាស ដើម្បីប្រកាស់ដំណឹងល្អអំពីព្រះគ្រិស្តនៅទីនោះ។
13ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងចិត្តរបស់ខ្ញុំគ្មានសន្តិភាពទេ ព្រោះនៅទីនោះ ខ្ញុំរកលោកទីតុសជាបងប្អូនរបស់ខ្ញុំមិនឃើញទេ។ ដូច្នេះ ទើបខ្ញុំចាកចេញពីពួកគេ ហើយត្រឡប់ទៅស្រុកម៉ាសេដូនវិញ។
14ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលតែងតែដឹកនាំយើងចូលក្នុងជ័យជម្នះរបស់ព្រះគ្រិស្តជានិច្ច។ តាមរយៈយើង ព្រះអង្គបានសាយភាយក្លិនក្រអូបដែលនាំឲ្យស្គាល់ព្រះអង្គគ្រប់ទីកន្លែង។
15ដ្បិត យើងជាក្លិនក្រអូបរបស់ព្រះគ្រិស្តចំពោះព្រះអង្គ ក្នុងចំណោមអ្នកដែលបានសង្គ្រោះ និងអ្នកដែលកំពុងវិនាស។
16ចំពោះមនុស្សដែលកំពុងវិនាស វាជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់។ ចំពោះអ្នកដែលបានសង្គ្រោះ វាជាក្លិននៃជីវិតដែលនាំឲ្យមានជីវិត។ តើអ្នកណាដែលស័ក្តិសមសម្រាប់ការទាំងនេះ?
17ដ្បិតយើងមិនដូចជាក្រុមមនុស្សដែលលក់ព្រះបន្ទូលព្រះជាម្ចាស់ដើម្បីបានផលប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ យើងនិយាយលើកទឹកចិត្តចេញពីភាពបរិសុទ្ធនៅក្នុងព្រះគ្រិស្ត ដោយព្រះជាម្ចាស់បានចាត់យើងមក នៅចំពោះព្រះភក្ររបស់ព្រះជាម្ចាស់។