ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលោកធីម៉ូថេជាបងប្អូនរបស់យើង សូមជម្រាបសួរដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្រុងកូរិនថូស និងបងប្អូនដែលរួមជំនឿទាំងអស់គ្នា ដែលនៅក្នុងស្រុកអាខៃទាំងមូល។
2សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តមកពីព្រះ​ដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។
3សូមលើកតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ ព្រះជាម្ចាស់កម្សាន្តចិត្តយើង គ្រប់ទាំងសេចក្ដីលំបាករបស់យើង។
4យើងកម្សាន្តចិត្តអ្នកដទៃ​ដោយសេចក្ដីកម្សាន្តចិត្តដដែល ដែលព្រះជាម្ចាស់បានកម្សាន្តចិត្តយើង។
5ដ្បិត ព្រះគ្រិស្តបានរងទុក្ខលំបាកដោយព្រោះយើងច្រើនយ៉ាងណា ដូច្នេះសេចក្ដីកម្សាន្តចិត្តរបស់យើងក៏បានច្រើនឡើងតាមរយៈព្រះគ្រិស្តដែរ។
6ប៉ុន្តែប្រសិនបើ យើងមានទុក្ខលំបាក វាជាសេចក្ដីកម្សាន្តចិត្ត និងជាសេចក្តីសង្គ្រោះដល់បងប្អូន។ ​សេចក្ដីកម្សាន្តចិត្តរបស់បងប្អូនបានធ្វើការយ៉ាងមានប្រសិទ្ធភាពនៅពេលដែលបងប្អូនអត់ធ្មត់ក្នុងការរួមចំណែកក្នុងទុក្ខលំបាក ដូចយើងមានទុក្ខលំបាកដែរ។
7យើងមានការជឿជាក់លើបងប្អូនច្បាស់ណាស់ ដ្បិត យើងដឹងថា នៅពេលបងប្អូនរួមចំណែកក្នុងទុក្ខលំបាកយ៉ាងណា បងប្អូនក៏មានចំណែកនៅក្នុងការកម្សាន្តចិត្តដូចគ្នាដែរ។
8ដ្បិត យើងមិនចង់ឲ្យបងប្អូនដឹងពីបញ្ហាដែលយើងមាននៅស្រុកអាស៊ីនោះទេ។ ពួកយើងមានបន្ទុកយ៉ាងខ្លាំងដែលយើងមិនអាចទ្រាំទ្របាន ហើយយើងក៏អស់សង្ឃឹមក្នុងនៅរស់ផងដែរ។
9ពិតណាស់ ពួកយើងមានទោសស្លាប់នៅជាប់ជាមួយយើង។ ប៉ុន្តែ ការនេះធ្វើឲ្យយើងមិនដាក់សេចក្ដីជំនឿលើខ្លួនរបស់យើងឡើយ ផ្ទុយទៅវិញ យើងបានសេចក្តីជំនឿលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
10ព្រះអង្គបានសង្គ្រោះយើងឲ្យចេញពីសេចក្ដីស្លាប់ដ៏គ្រោះថ្នាក់ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ យើងបានដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។
11ព្រះអង្គនឹងធ្វើការនេះដូចដែលបងប្អូនបានជួយពួកយើងតាមរយៈការអធិស្ឋានរបស់បងប្អូនដែរ។ ហេតុនេះហើយ មនុស្សជាច្រើននឹងអរព្រះគុណព្រះអង្គ ដែលសណ្ដោសប្រណីអត់ទោសដល់យើងតាមរយៈសេចក្ដីទូលអង្វររបស់បងប្អូនជាច្រើន។
12យើងមានអំនួតដោយព្រោះ សេចក្ដីបន្ទាល់នៃមនសិការរបស់យើង។ ដ្បិត នេះជាសេចក្តីបរិសុទ្ធ និងស្មោះត្រង់មកពីព្រះជាម្ចាស់ ដែលយើងបានប្រព្រឹត្តដោយខ្លួនយើងនៅក្នុងលោកីយ៍នេះ។ យើងបានធ្វើការទាំងអស់នេះជាច្រើនជាមួយបងប្អូន មិនមែនដោយពឹងអាងលើប្រាជ្ញារបស់យើង ប៉ុន្តែ ដោយពឹងអាងលើព្រះគុណរបស់ព្រះជាម្ចាស់វិញ។
13យើងមិនបានសរសេរអ្វីផ្សេងផ្ញើមកបងប្អូន ដែលបងប្អូនអានមិនបាន ឬមិនយល់នោះទេ។ ខ្ញុំសង្ឃឹមថា
14បងប្អូនបានយល់ពីពួកយើងខ្លះហើយថា បងប្អូនជាហេតុដែលយើងនឹងមានអំនួតនៅក្នុងថ្ងៃរបស់ព្រះអម្ចាស់យេស៊ូ ហើយយើងក៏ជាហេតុដែលធ្វើឲ្យបងប្អូនមានអំនួតដូចគ្នាដែរ។
15ដោយសារខ្ញុំមានទំនុកចិត្តអំពីការនេះ បានជាខ្ញុំចង់មករកបងប្អូនមុន ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​អត្ថប្រយោជន៍ពីរដងនៃការមកសួរសុខទុក្ខរបស់ខ្ញុំ​។
16ខ្ញុំមានគម្រោងមកសួរសុខទុក្ខបងប្អូននៅក្នុងដំណើរដែលខ្ញុំទៅស្រុកម៉ាសេដូន។ បន្ទាប់មកគឺខ្ញុំចង់សួរសុខទុក្ខបងប្អូនម្ដងទៀតក្នុងដំណើរដែលខ្ញុំចេញពីស្រុកម៉ាសេដូន​ និងដើម្បីឲ្យបងប្អូនជូនដំណើរខ្ញុំទៅស្រុកយូដាផងដែរ។
17នៅពេលដែលខ្ញុំគិតពីការនេះ តើ​ខ្ញុំស្ទាក់ស្ទើរមែនទេ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាមខ្នាតតម្រារបស់មនុស្ស ដូច្នេះហើយបានជាខ្ញុំនិយាយថា​ «បាទ» ​ផង​ «ទេ‍»​ ផង​ ដូច្នេះ?​
18ក៏ប៉ុន្តែ ដោយព្រះជាម្ចាស់ស្មោះត្រង់ ទើបយើងមិនអាចនិយាយ «បាទ» ផង «ទេ» ផងបានទេ។
19ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ ដែលលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ព្រមទាំងខ្ញុំបានប្រកាសនៅក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។
20គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។ ដូច្នេះ ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន» ដើម្បីថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។
21ឥឡូវនេះ ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូននៅក្នុងព្រះគ្រិស្ត ហើយព្រះអង្គបានចាក់ប្រេងតាំងយើង។
22ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង ហើយប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង ដើម្បីជាការធានានូវអ្វីដែលព្រះអង្គនឹងប្រទានពរដល់យើងនៅពេលក្រោយ។
23ផ្ទូយទៅវិញ ខ្ញុំសូមព្រះជាម្ចាស់ឲ្យធ្វើជាសាក្សីសម្រាប់ខ្ញុំ ហេតុដែលខ្ញុំមិនបានមកក្រុងកូរិនថូសនោះ មកពីខ្ញុំយោកយល់ដល់បងប្អូន។
24នេះមិនមែនដោយសារពួកយើងចង់ព្យាយាមគ្រប់គ្រងលើជំនឿរបស់បងប្អូនទេ។ ផ្ទុយទៅវិញ ពួកយើងរួមគ្នាធ្វើជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរដោយសារបងប្អូនឈរនៅក្នុងជំនឿរបស់បងប្អូន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។