ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំត្រូវមានអំនួត តែគ្មានចំណេញអ្វីមកពីការនេះទេ។ ប៉ុន្តែ ខ្ញុំនឹងទៅតាមនិមិត្ត និងការបើកសម្តែងដែលមកពីព្រះអម្ចាស់វិញ។
2ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកជឿលើព្រះគ្រិស្ត កាលពីដប់បួនឆ្នាំមុន គឺត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី ខ្ញុំក៏មិនដឹងច្បាស់ដែរថា គាត់បានឡើងទៅតាំងរូបកាយ ឬព្រមទាំងវិញ្ញាណផងនោះ មានតែព្រះជាម្ចាស់ទេទើបជ្រាប។
3ហើយខ្ញុំស្គាល់បុរសនោះ ថាតើគាត់ត្រូវបានលើកឡើង នៅក្នុងរូបកាយ ឬក្រៅរូបកាយ ខ្ញុំមិនដឹងទេ តែព្រះជាម្ចាស់ជ្រាប
4គាត់ត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយបានឮអ្វីដែលគួរឲ្យខ្លាច សម្រាប់មនុស្សក្នុងការនិយាយ។
5ក្នុងនាមបុរសនេះ ខ្ញុំមានអំនួត។ ប៉ុន្តែ ក្នុងនាមខ្ញុំវិញគឺខ្ញុំនឹងមិនអួតទេ តែបើខ្ញុំអួតគឺតែពីភាពទន់ខ្សោយរបស់ខ្ញុំវិញ។
6ប្រសិនបើ ជាខ្ញុំចង់អួត នោះខ្ញុំមិនមែនជាមនុស្សល្ងង់ខ្លៅទេ ដ្បិតខ្ញុំនិយាយតែការពិតវិញ។ ប៉ុន្តែ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានអំនួតទេ ដូច្នេះនឹងមិនមានអ្នកណាគិតពីខ្ញុំលើសពីអ្វីដែលពួកគេបានឃើញ និងឮពីខ្ញុំច្រើនជាងនេះ។
7ខ្ញុំនឹងការពារខ្លួនខ្ញុំពីអំនួត ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ។ ដូច្នេះ នោះខ្ញុំនឹងមិនអួតខ្លួនជាមួយនឹងភាពឆ្មើងឆ្មៃឡើយ បន្លាដែលនៅក្នុងសាច់ខ្ញុំគឺបានចាក់ខ្ញុំ ហើយអ្នកនាំសាររបស់សាតាំងក៏បានធ្វើទុក្ខបុកម្នេញដល់ខ្ញុំដែរ ដូច្នេះ ខ្ញុំមិនអាចមានអំនួតបានឡើយ។
8បីដងដែលខ្ញុំបានទូលសូមព្រះអម្ចាស់អំពីការនេះ គឺសូមឲ្យព្រះអង្គយកការនោះចេញពីខ្ញុំ។
9ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះគុណរបស់យើងល្មមដល់អ្នកហើយ ដ្បិត ព្រះចេស្តារបស់ព្រះអង្គឥតខ្ចោះជាមួយនឹងភាពទន់ខ្សោយរបស់ខ្ញុំ»។​​ ដូច្នេះខ្ញុំអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំវិញ ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រិស្តបាននៅក្នុងខ្ញុំ។
10ដូច្នេះ ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយដោយព្រោះព្រះគ្រិស្ត ទោះបីជាក្នុង គេជេរប្រមាថ មានបញ្ហាច្រើន ក្នុងការបៀតបៀន ហើយនៅក្នុងស្ថានភាពតប់ប្រមល់ក្តី។ ដ្បិត​ ពេល​ណា​ដែលខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។
11ខ្ញុំបានក្លាយទៅជាមនុស្សល្ងីល្ងើ! គឺបងប្អូនបានជំរុញខ្ញុំឲ្យធ្វើការងារនេះ ដ្បិត ខ្ញុំគួរតែបានលើកសរសើរតាមរយៈបងប្អូន។ ដ្បិត ខ្ញុំមិនអន់ជាងពួកអ្នកដែលហៅថា មហាសាវក ទោះបីជាខ្ញុំគ្មានអ្វីទាំងអស់នោះ។
12ទីសម្គាល់ដ៏ពិតរបស់ងារជាសាវកគឺបម្រើនៅក្នុងចំណោមបងប្អូនជាមួយនឹងការអត់ធ្មត់ ហើយជាមួយទីសម្គាល់ និងការអស្ចារ្យ ហើយនិងឥទ្ធិឫទ្ធិផងដែរ។
13បើដូច្នេះ តើបងប្អូនមិនសំខាន់ជាងអ្នកឯទៀតនៃក្រុមជំនុំទេឬអី លើកលែងតែខ្ញុំមិនបានរំខានដល់បងប្អូន? សូមអត់ទោសឲ្យខ្ញុំផងអំពីការនេះ!
14មើល៍! ខ្ញុំបានរួចរាល់ក្នុងការទៅរកបងប្អូនជាលើកទីបី។ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ ហើយក៏មិនចង់បានអ្វីពីបងប្អូនដែរ។ ខ្ញុំចង់បានតែបងប្អូនទេ។ ដ្បិត កូនៗមិនគួរ​សន្សំទ្រព្យ​សម្បត្តិទុកឲ្យឪពុក‌ម្ដាយទេ។ ប៉ុន្តែ ឪពុក‌ម្ដាយទេ ដែលត្រូវសន្សំទ្រព្យសម្បត្តិទុកឲ្យកូនចៅវិញ។
15ខ្ញុំនឹងរីករាយក្នុងការចំណាយ និងប្រើពេលទាំងអស់សម្រាប់ព្រលឹងរបស់បងប្អូន។ ប្រសិនបើ ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះទៅហើយ​ តើ​ខ្ញុំនឹងទទួលការស្រឡាញ់តិច​ជាង​ឬអី?
16ប៉ុន្តែ ដូចខ្ញុំបាននិយាយហើយ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ។ ប៉ុន្តែ នៅតែមានគេនិយាយថា ខ្ញុំមានល្បិចហើយជាអ្នកបោកប្រាស់ពីបងបប្អូនដែរ។
17តើខ្ញុំដែលបានកេងចំណេញពីបងប្អូន ដែលខ្ញុំបានចាត់មករកបងប្អូនទេ?
18ខ្ញុំបានអង្វរឲ្យលោកទីតុសទៅរកបងប្អូន និងអ្នកដដៃទៀតទៅជាមួយគាត់ដែរ។ តើលោកទីតុសកេងចំណេញពីបងប្អូនទេ? តើពួកយើងមិនបានដើរលើផ្លូវក្នុងតែមួយទេឬអី? តើពួកយើងមិនបានបោះជំហានតែមួយទេឬអី?
19តើបងប្អូនគិតថា ពួកយើងដោះសារការពារខ្លួនយើងនៅចំពោះបងប្អូនដែរមែនទេឬ? នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ យើងបាននិយាយសេចក្តីទាំងនេះ ដើម្បីចម្រើនកម្លាំងដល់បងប្អូននៅក្នុងព្រះគ្រិស្តតែប៉ុណ្ណោះ។
20ដ្បិត ខ្ញុំបារម្ភថា ពេលដែលខ្ញុំមកដល់ ខ្ញុំមិនបានឃើញបងប្អូនដូចជាអ្វីដែលខ្ញុំចង់ឃើញ។ ខ្ញុំបារម្ភថា បងប្អូនមិនបានឃើញខ្ញុំ ដូចអ្វីដែលបងប្អូនចង់ឃើញដែរ។ ខ្ញុំបារម្ភ ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង។
21ខ្ញុំបារម្ភថា ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។