ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំ ប៉ូល សូមបង្ហាញខ្លួនខ្ញុំដល់បងប្អូន ដោយបន្ទាបខ្លួន និងសុភាពនៅក្នុងព្រះគ្រិស្ត។ ខ្ញុំស្លូតបូតនៅពេលដែលខ្ញុំរស់នៅជាបងប្អូន ប៉ុន្តែ ខ្ញុំបែរជាក្លាហានចំពោះបងប្អូននៅពេលខ្ញុំនៅឆ្ងាយពីបងប្អូនវិញ។
2ខ្ញុំសុំដល់បងប្អូនថា នៅពេលដែលខ្ញុំនៅជាមួយបងប្អូន ខ្ញុំមិនបាច់ត្រូវការសេចក្តីក្លាហាន និងទំនុកចិត្តនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំនឹងត្រូវការសេចក្តីក្លាហាន នៅពេលដែលខ្ញុំទាស់ជាមួយអ្នកដែលគិតថា ពួកយើងរស់ដោយខាងឯសាច់ឈាមវិញ។
3ដ្បិត ពួកយើងរស់នៅក្នុងសាច់ឈាមក៏ដោយ ប៉ុន្តែ យើងមិនបានតយុទ្ធតាមរយៈសាច់ឈាមនេះទេ។
4ដ្បិត អាវុធរបស់យើងប្រើ មិនមែនជាអាវុធខាងឯសាច់ឈាមទេ។ ផ្ទុយទៅវិញ អាវុធទាំងនោះគឺមកពីព្រះចេស្តា ដើម្បីបំផ្លាញទីរឹងមាំរបស់សត្រូវ។ គ្រប់ការនោះនឹងរំលំចុះ ហើយគេរកយល់មិនឃើញឡើយ។
5យើងក៏នឹងវាយរំលំការដែលនៅទីខ្ពស់ ដែលទាស់ប្រឆាំងជាមួយចំណេះដឹងរបស់ព្រះជាម្ចាស់។ យើងនឹងដោះគ្រប់ទាំងគំនិតដែលជាប់ចំណង ឲ្យបានស្តាប់បង្គាប់ព្រះគ្រិស្តវិញ។
6ហើយយើងរៀបចំរួចរាល់ដើម្បីជំនុំជម្រះ ដល់អស់ទាំងទង្វើនៃការមិនស្តាប់បង្គាប់ គឺនៅណាដែលបងប្អូនបានស្តាប់បង្គាប់ទាំងស្រុងហើយ។
7ចូរមើលទៅអ្វីដែលមាននៅចំពោះបងប្អូន។ ប្រសិនបើ នរណាបានជឿថាព្រះអង្គគឺជាព្រះគ្រិស្ត សូមអ្នកនោះរំលឹកខ្លួនឯងថា គឺគាត់ដូចជាព្រះគ្រិស្ត ហើយពួកយើងក៏ដូចដែរ។
8ដ្បិត ទោះបើជាខ្ញុំអួតបន្តិចបន្តួចអំពីសិទ្ធិអំណាចក្តី ដែលព្រះអម្ចាស់បានប្រទានដល់យើង គឺដើម្បីស្អាងបងប្អូនឡើង មិនមែនឲ្យបងប្អូនបាក់ទឹកចិត្តឡើយ ហើយខ្ញុំក៏មិនបានធ្វើឲ្យបងប្អូនទទួលការអាម៉ាស់ដែរ។
9ខ្ញុំមិនចង់ឲ្យបងប្អូនយល់ឃើញថា ខ្ញុំមិនបានធ្វើឲ្យបងប្អូនភ័យខ្លាចដោយសារសំបុត្ររបស់ខ្ញុំនោះទេ។
10ដ្បិត មានអ្នកខ្លះនិយាយថា៖ «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។
11សូមឲ្យមនុស្សបែបនេះបានដឹងថា ពាក្យដែលនៅក្នុងសំបុត្ររបស់យើងយ៉ាងណា ទោះបីជាយើងមិននៅក្តី តែទង្វើរបស់យើងក៏ដូចជាអ្វីដែរ ពេលយើងនៅជាមួយ។
12យើងមិនបាននិយាយឲ្យអ្នកណាផ្សេងនោះទេ គឺនិយាយតែក្នុងក្រុមយើងតែប៉ុណ្ណោះ ក៏មិនបានប្រៀបធៀបខ្លួនយើងទៅជាមួយអ្នកចេះតែសរសើរខ្លួនឯងនោះដែរ។ ប៉ុន្តែ ពេលគេពិចារណាខ្លួនពួកគេ ដោយម្នាក់ៗនោះ ក៏ប្រៀបធៀបខ្លួនពួកគេជាមួយម្នាក់ នោះពួកគេគ្មានប្រាជ្ញាទេ។
13ទោះជាយ៉ាងណាក្តី យើងមិនបានអួតហួសកម្រិតឡើយ។ ផ្ទុយទៅវិញ យើងមានអំនួតជាមួយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកយើង ក្នុងកម្រិតមួយអាចធ្វើទៅបាន។
14ដ្បិត យើងមិនបានធ្វើហួសព្រំដែនរបស់ខ្លួនយើងនោះទេ នៅពេលដែលយើងផ្ញើមកកាន់បងប្អូន។ ពួកយើងគឺជាអ្នកដំបូងគេដែលត្រូវ ឈោងចាប់ដរាបណាយើងនៅជាមួយដំណឹងល្អនៃព្រះគ្រិស្ត។
15ពួកយើងមិនបានមានអំនួត ឲ្យលើសពីកម្រិតអំពីការងាររបស់អ្នកផ្សេងនោះទេ។ ផ្ទុយទៅវិញ យើងសង្ឃឹមថាសេចក្តីជំនឿរបស់បងប្អូនបានលូតលាស់ នៅទីកន្លែងដែលយើងបម្រើ ហើយកិច្ចការនឹងចម្រើនឡើងកាន់តែធំ ការនេះនៅតែក្នុងកម្រិតមួយដែលទទួលយកបាន។
16ពួកយើងសង្ឃឹមពីការនេះ ដូច្នេះ ពួកយើងនឹងអាចប្រកាសដំណឹងល្អ ទៅស្រុកជិតខាងបងប្អូនដែរ។ យើងមិនបានអួតពីការងាររបស់អ្នកដទៃបានធ្វើនោះទេ។
17«ប៉ុន្តែ សូមឲ្យអ្នកដែលអួតនោះ គួរអួតតែពីព្រះជាម្ចាស់បានហើយ»។
18ដ្បិត គឺមិនមែនអ្នកដែលតាំងខ្លួនឯង ហើយចេះតែមានអំនួតនោះទេ។ ផ្ទុយទៅវិញ គឺជាម្នាក់ដែលព្រះអម្ចាស់តែងតាំងវិញ ទើបគួរអួតនោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។