ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 26

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រជាជនយូដាទាំងអស់បានអភិសេកព្រះ‌បាទ​អូសៀសដែលមានព្រះជន្មាយុដប់ប្រាំមួយព្រះវស្សាឲ្យឡើងសោយរាជ្យជំនួសព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជាបិតា។
2គឺស្តេចដែលបានសង់ក្រុងអេឡាតហើយយកក្រុងនោះមកស្រុកយូដាឡើងវិញ។ បន្ទាប់ពីនោះ ព្រះរាជាបានផ្ទំលក់ជាមួយបុព្វបុរសរបស់ខ្លួន។
3ព្រះ‌បាទ​អូសៀសមានព្រះជន្មាយុដប់ប្រាំមួយព្រះវស្សាពេលឡើងសោយរាជ្យ។ ស្តេចសោយរាជ្យអស់រយៈពេលហាសិបពីរព្រះវស្សានៅក្រុងយេរូសាឡិម។ មាតារបស់ស្តេចមានព្រះនាមថាយេជីលា។ ព្រះនាងមកពីក្រុងយេរូសាឡិម។
4ស្តេចបានប្រព្រឹត្តត្រឹមត្រូវគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដោយយកតម្រាប់តាមព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
5ស្តេចតាំងខ្លួនចង់ស្វែងរកព្រះជាម្ចាស់នៅជំនាន់លោកសាការី ដែលបានផ្តល់ដំបូន្មាន និងការណែនាំដល់ព្រះអង្គ។ ដរាបណាព្រះករុណាស្វែងរកព្រះអម្ចាស់ នោះព្រះជា​ម្ចាស់​ធ្វើឲ្យព្រះករុណាកាន់តែរីកចម្រើនឡើង។
6ព្រះ‌បាទ​អូសៀសចេញទៅច្បាំងនឹងពួកភីលីស្ទីន។ ព្រះករុណាបានរំលំកំពែងក្រុងកាថ ក្រុងយ៉ាបនេ និងក្រុងអាសដូឌ។ ស្តេចបានសង់ក្រុងនានាក្នុងស្រុកអាសដូឌ និងក្នុងស្រុកភីលីស្ទីន។
7ព្រះជាម្ចាស់បានជួយស្តេចប្រឆាំងនឹងជនជាតិភីលីស្ទីនប្រឆាំងនឹងជនជាតិអារ៉ាប់ដែលរស់នៅតំបន់ហ្គូបាអាល និងជនជាតិម៉ូន។
8ជនជាតិអាំម៉ូននាំគ្នាថ្វាយ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​អូសៀស ហើយកិត្តិនាមរបស់ព្រះអង្គក៏ល្បីរហូតដល់ច្រកចូលស្រុកអេស៊ីប ព្រោះព្រះករុណាមានអំណាចយ៉ាងខ្លាំង។
9លើសពីនេះ ព្រះបាទអូសៀសបានសង់ប៉មនៅក្រុងយេរូសាឡិមនៅជ្រុងខ្លោងទ្វារ ច្រកទ្វារជ្រលងភ្នំ និងនៅកែងកំពែង ព្រមទាំងពង្រឹងឲ្យរឹងមាំ។
10ស្តេចបានសង់កន្លែងយាមនៅទីរហោស្ថានហើយជីកអណ្តូងជាច្រើនព្រោះ ស្តេចមានគោយ៉ាងច្រើននៅតំបន់ទំនាប និងនៅវាលទំនាប។ ស្តេចមានកសិដ្ឋាន និងអ្នកដាំទំពាំងបាយជូរនៅតាមតំបន់ភ្នំ និងនៅចម្ការដែលមានផ្លែផ្កាជាច្រើនពីព្រោះស្តេចចូលចិត្តធ្វើស្រែចម្ការ។
11លើសពីនេះ ព្រះអូសៀសមានកងទ័ពប្រយុទ្ធជាច្រើនដែលចេញទៅច្បាំងជាកងពលដែលបានរៀបចំឡើងតាមចំនួនរបស់ពួកគេដែលត្រូវបានជំរឿនដោយលោកយេអែលជាស្មៀន និងលោកម៉ាសេយ៉ាដែលជាមន្ដ្រីក្រោមអំណាចរបស់លោកហាណានាជាមេទ័ពរបស់ស្តេច។
12មេក្រុមទាំងអស់នៃក្រុមគ្រួសារតាមវង្សត្រកូលមានចំនួន ២, ៦០០ នាក់។
13ក្រោមអំណាចពួកគេមានទាហានមួយកងពលដែលមានចំនួន ៣០៧, ៥០០ នាក់ដែលធ្វើសង្គ្រាមដោយមានឫទ្ធានុភាពខ្លាំងក្លា ដើម្បីជួយស្ដេចប្រឆាំងនឹងខ្មាំងសត្រូវ។
14ព្រះបាទអូសៀសបានរៀបចំសម្រាប់ពួកគេ គឺសម្រាប់កងទ័ពទាំងអស់មានខែលលំពែងមួកដែកអាវក្រោះធ្នូ និងដង្ហក់បាញ់ថ្ម។
15នៅក្រុងយេរូសាឡិម ព្រះបាទអូសៀសឲ្យមនុស្សជំនាញផលិតគ្រឿងយន្ត ដើម្បីដាក់នៅលើប៉ម និងនៅសមរភូមិដែលអាចបាញ់ព្រួញ និងដុំថ្មធំៗ។ កិត្តិនាមរបស់ស្តេចល្បីល្បាញដល់ស្រុកឆ្ងាយៗ ដ្បិត ព្រះអម្ចាស់បានជួយយ៉ាងខ្លាំងរហូតដល់ព្រះករុណាមានកម្លាំងយ៉ាងខ្លាំងក្លា។
16ប៉ុន្តែ នៅពេលព្រះបាទអូសៀសក្លាយជាអ្នកមានអំណាច ព្រះករុណាមានចិត្តអំនួតធ្វើឲ្យស្តេចប្រព្រឹត្តអំពើអាក្រក់។ ស្តេចបានក្បត់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន ដ្បិត ស្តេចបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូប។
17លោកបូជាចារ្យអសារាដើរចូលមកតាមក្រោយព្រះអង្គហើយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ដែលជាមនុស្សក្លាហានមកជាមួយលោកផង។
18ពួកគេបានប្រឆាំងនឹងព្រះបាទអូសៀសជាស្តេចហើយទូលថា៖ «មិនមែនតួនាទីព្រះករុណាទេ ដែលត្រូវដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ ប៉ុន្តែ គឺជាពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលត្រូវបានគេតែងតាំងឲ្យដុតគ្រឿងក្រអូប។ ចូរព្រះករុណាចេញពីទីសក្ការៈទៅ។ ដ្បិត ព្រះករុណាមិនស្មោះត្រង់ហើយព្រះករុណានឹងមិនទទួលការសរសើរពីព្រះអម្ចាស់ទេ»។
19​ពេលនោះព្រះបាទអូសៀសខ្ញាល់យ៉ាងខ្លាំង។ ព្រះករុណាកាន់ពានគ្រឿងក្រអូបនៅក្នុងព្រះហស្ត ដើម្បីដុតគ្រឿងក្រអូប។ ពេលស្តេចខឹងនឹងពួកបូជាចារ្យនោះមានឃ្លង់កើតលើថ្ងាសនៅមុខពួកបូជាចារ្យក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ក្បែរអាសនៈដុតគ្រឿងក្រអូប។
20លោកមហាបូជាចារ្យអសារា និងពួកបូជាចារ្យទាំងអស់សម្លឹងមើលទៅស្តេច ហើយ មើល មានរោគឃ្លង់នៅលើថ្ងាសរបស់ស្តេច។ ពួកគេបានដេញស្តេចចេញពីទីនោះយ៉ាងលឿន។ ស្តេចក៏ប្រញាប់ប្រញាល់ចេញទៅក្រៅ ព្រោះព្រះអម្ចាស់បានដាក់ទោសស្តេច។
21ព្រះបាទអូសៀស ក្លាយជាមនុស្សឃ្លង់រហូតដល់ថ្ងៃសោយទិវង្គតហើយបានគង់នៅក្នុងព្រះដំណាក់ដាច់ដោយឡែកចាប់តាំងពីស្តេចបានក្លាយជាមនុស្សឃ្លង់ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ឡើយ។ ព្រះបាទ​យ៉ូថាមជា​បុត្រា មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​រាជវាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។
22រាជកិច្ចផ្សេងទៀតដែលទាក់ទងនឹងព្រះបាទអ៊ូសៀសគឺមានរៀបរាប់នៅក្នុងសៀវភៅ ព្យាការីអេសាយជាកូនរបស់លោកអម៉ុសបានសរសេរ។
23ព្រះបាទអូសៀសបានផ្ទំលក់ជាមួយពួកបុព្វបុរស។ ពួកគេបានបញ្ចុះសពទ្រង់ជាមួយជីដូនជីតារបស់ស្តេចនៅក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ស្ដេចពីព្រោះពួកគេនិយាយថា ទ្រង់ជាមនុស្សឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រាស្នងរាជ្យបន្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។