ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 25

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទអម៉ាស៊ីយ៉ា ឡើងគ្រងរាជ្យក្នុងជន្មាយុម្ភៃប្រាំឆ្នាំព្រះវស្សា។ ព្រះករុណាសោយរាជ្យម្ភៃប្រាំឆ្នាំនៅក្រុងយេ​រូសា​ឡិម​។ ព្រះមាតារបស់ព្រះអង្គព្រះនាមថា ព្រះនាងយេហូយ៉ាដានជាអ្នកក្រុងយេរូសាឡិម​។
2ស្តេចបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យ​ព្រះអម្ចាស់តែមិនមែនដោយចិត្តស្មោះត្រង់នោះទេ។
3ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ព្រះករុណា​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ព្រះករុណា។
4ប៉ុន្តែ ព្រះករុណាមិនបានសម្លាប់កូនចៅរបស់ឃាតកឡើយ ប៉ុន្តែ បានធ្វើទៅតាមអ្វីដែលមានចែងក្នុងក្រឹត្យវិន័យក្នុងគម្ពីររបស់លោកម៉ូសេដូចព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ដោយព្រោះបាបកូនចៅទេ ហើយកូនចៅក៏មិនត្រូវស្លាប់ដោយព្រោះបាបឪពុកដែរ។ ផ្ទុយទៅវិញ មនុស្សគ្រប់រូបត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួន»។
5លើសពីនេះទៅទៀត ព្រះបាទអម៉ាស៊ីយ៉ាបានប្រមូលផ្តុំប្រជាជនយូដាហើយបានចុះបញ្ជីពួកគេតាមផ្ទះរបស់ដូនតារបស់ពួកគេក្រោមការដឹកនាំរបស់មេទ័ព មេកង គឺពីកុលសម្ព័ន្ធយូដានិងបេនយ៉ាមីន។ ព្រះករុណា​បានជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០, ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែលអាចចេញទៅធ្វើសង្រ្គាមបាន ជាអ្នកដែលអាចប្រើ​លំពែង ប្រើ​ខែល​បាន។
6ស្ដេច​​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០, ០០០ នាក់ពី​ស្រុក​អ៊ីស្រា‌អែល ដោយប្រាក់សុទ្ធមួយរយណែន។
7អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលមកគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជា សូមកុំឲ្យកងទ័ពអ៊ីស្រាអែលទៅជាមួយព្រះករុណាឡើយ ដ្បិតព្រះអម្ចាស់មិននៅជាមួយអ៊ីស្រាអែលទេព្រមទាំងប្រជាជនអេប្រាអ៊ីមផង។
8ប៉ុន្តែ ទោះបីអ្នកទៅហើយមានភាពក្លាហាន និងរឹងមាំក្នុងសមរភូមិក៏ដោយ តែនៅក្នុងសមរភូមិព្រះជាម្ចាស់នឹងបោះព្រះករុណាចុះ នៅចំពោះមុខខ្មាំងសត្រូវ ព្រោះព្រះជាម្ចាស់មានអំណាចជួយហើយមានអំណាចអាចទម្លាក់ចុះបាន»។
9ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មានរាជឱង្កាទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើយើងត្រូវធ្វើអ្វីខ្លះចំពោះប្រាក់មួយរយណែនដែលខ្ញុំបានប្រគល់ឲ្យកងទ័ពអ៊ីស្រាអែល? អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អាចប្រទានឲ្យព្រះករុណាមានប្រាក់ច្រើនជាងនេះទៅទៀត»។
10ព្រះបាទអម៉ាស៊ីយ៉ាបានបំបែកទ័ពដែលមកពីអេប្រាអ៊ីម ហើយឲ្យគេត្រឡប់ទៅផ្ទះវិញ។ ដូច្នេះ ពួកគេខឹងនឹងពួកយូដាយ៉ាងខ្លាំង ហើយពួកគេវិលត្រឡប់ទៅផ្ទះវិញដោយកំហឹងយ៉ាងខ្លាំង។
11ព្រះបាទអម៉ាស៊ីយ៉ាមានចិត្តក្លាហាន ហើយនាំប្រជាជនឆ្ពោះទៅជ្រលងភ្នំអំបិល។ នៅទីនោះព្រះករុណាបានវាយឈ្នះអ្នកស្រុកភ្នំសៀរចំនួនមួយម៉ឺននាក់។
12កងទ័ពយូដាវាយហើយចាប់ទាហានមួយម៉ឺននាក់ទៀត។ ពួកគេបានយកទាហានទាំងនោះទៅខាងលើជ្រលងភ្នំហើយទម្លាក់ពួកគេចុះពីទីនោះ ដើម្បីឲ្យពួកគេបែកជាបំណែកៗ។
13ប៉ុន្តែ​ ទាហានដែលព្រះបាទអម៉ាស៊ីយ៉ាបានបញ្ជូនឲ្យត្រឡប់មកវិញ ដើម្បីកុំឲ្យគេទៅចូលរួមជាមួយព្រះករុណានៅក្នុងសមរភូមិ ពួកគេបានឈ្លានពានទីក្រុងនៅក្នុងស្រុកយូដាចាប់ពីក្រុងសាម៉ារីរហូតដល់ក្រុងបេតហូរ៉ុន។ ពួកគេបានសម្លាប់ប្រជាជនបីពាន់នាក់ និងបានរឹបអូសយកទ្រព្យសម្បត្តិជាច្រើន។
14ព្រះករុណាបាននាំព្រះរបស់ប្រជាជនសៀរហើយឲ្យគេតម្កល់រូបនោះធ្វើជាព្រះរបស់ព្រះករុណា។ ស្តេចក្រាបចុះនៅមុខរូបទាំងនោះហើយដុតគ្រឿងក្រអូបថ្វាយផង។
15ដូច្នេះ ព្រះអម្ចាស់ព្រះពិរោធចំពោះស្តេចអម៉ាស៊ីយ៉ា។ ព្រះអម្ចាស់បានចាត់ព្យាការីមួយរូបឲ្យមកទូលព្រះករុណាថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានាំគ្នាស្វែងរកព្រះដែលមិនមែនជាព្រះ ហើយមិនអាចជួយសង្គ្រោះប្រជារាស្ត្ររបស់គេពីព្រះហស្ដរបស់ព្រះអង្គបានផង?
16នៅពេលដែលព្យាការីកំពុងទូលជាមួយស្តេច នោះស្តេចមានរាជឱង្ការថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចឬ? ចូរឈប់ចុះ ដ្បិតអ្នកមិនគួរស្លាប់ទេ» បន្ទាប់មក ព្យាការីបានឈប់ហើយមានប្រសាសន៍ថា៖ «ទូលបង្គំដឹងថា ព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញព្រះករុណា ពីព្រោះព្រះករុណាបានធ្វើអំពើនេះ ហើយមិនបានស្តាប់តាមដំបូន្មានរបស់ទូលបង្គំ»។
17ព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាបានប្រឹក្សាជាមួយអ្នកប្រឹក្សាហើយចាត់គេឲ្យទៅជួបព្រះ‌បាទ​យ៉ូអាស ជាបុត្ររបស់​ព្រះ‌បាទ​យ៉ូអា‌ហាស ជាបុត្រ​របស់ព្រះ‌បាទ​យេហ៊ូវ ជាស្តេចស្រុកអ៊ីស្រាអែលថា៖ «មក! ចូរយើងជួបគ្នាមុខទល់មុខនៅក្នុងសមរភូមិ»។
18ប៉ុន្តែ ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលបានចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាថា៖ «មានបន្លាមួយនៅស្រុកលីបង់បានផ្ញើសារទៅដើមឈើតាត្រៅនៅស្រុកលីបង់ដោយពោលថា៖ «ចូលើកកូនកូនស្រីរបស់អ្នកឲ្យធ្វើជាប្រពន្ធកូនប្រុសខ្ញុំ» ប៉ុន្តែ មានសត្វព្រៃនៅស្រុកលីបង់បានដើរកាត់ ហើយជាន់បន្លានោះខ្ទេចអស់។
19ព្រះករុណាមានរាជឱង្ការថា៖ «មើល យើងបានច្បាំងឈ្នះពួកអេដុម ព្រះករុណាកំពុងលើតម្កើងខ្លួនឯង។ ជ័យជម្នះបានធ្វើឲ្យព្រះករុណាមានអំនួត ប៉ុន្តែ សូមព្រះករុណាគង់នៅព្រះដំណាក់ចុះ ហេតុអ្វីបានជាព្រះករុណាចង់បង្កបញ្ហាដល់ខ្លួនឯង ហើយធ្វើឲ្យខ្លួនព្រះករុណា ព្រមទាំងពួកយូដាដែលនៅជាមួយបរាជ័យដូច្នេះ?»។
20ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ាមិនស្តាប់ទេ ព្រោះព្រឹត្តិការណ៍នេះមកពីព្រះជាម្ចាស់ ដើម្បីព្រះអម្ចាស់អាចប្រគល់ប្រជាជនយូដាទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវរបស់ពួកគេព្រោះពួកគេបានស្វែងរកដំបូន្មានពីព្រះនៃស្រុកអេដុម។
21ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលលើកទ័ពមកវាយលុក ទ្រង់ និងព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជាស្តេចស្រុកយូដាបានជួបតទល់គ្នានៅក្រុង​បេត‌សេមែស នៅក្នុងស្រុកយូដា។
22ជនជាតិយូដាត្រូវបរាជ័យនៅមុខជនជាតិអ៊ីស្រាអែល ហើយកងទ័ពទាំងអស់នាំគ្នារត់ត្រឡប់ទៅផ្ទះវិញ។
23ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលចាប់បានព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសត្រូវជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ជាស្តេចស្រុកយូដានៅក្រុង​បេត‌សេមែស។ ទ្រង់បាននាំស្តេចទៅក្រុងយេរូសាឡិម ហើយបានរំលំកំពែងក្រុងយេរូសាឡិមចាប់ពីទ្វារក្រុងអេប្រាអ៊ីមរហូតដល់ជ្រុងខ្លោងទ្វារ ដែលមានចម្ងាយបួនរយហត្ថ។
24ស្តេចបានយកមាស និងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាមួយលោកអូបេដ-អេដុមព្រមទាំងរបស់របរមានតម្លៃនៅក្នុងព្រះបរមរាជវាំងជាមួយពួកចំណាប់ខ្មាំងរួចវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
25ក្រោយពេលព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​អ៊ីស្រា‌អែលសោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។
26រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។
27ចាប់តាំងពីពេលដែល ព្រះបាទអម៉ាស៊ីយ៉ាបានបោះបង់ចោលព្រះអម្ចាស់ ពួកមន្ត្រីចាប់ផ្តើមឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គនៅក្រុងយេរូសាឡិម។ ព្រះអង្គបានភៀសព្រះកាយទៅក្រុងឡាគីស ប៉ុន្តែ ពួកគេបានបញ្ជូនមនុស្សតាមព្រះករុណានៅក្រុងឡាគីស ហើយបានធ្វើគុតទ្រង់នៅទីនោះ។
28ពួកគេបាននាំព្រះសពដឹកលើសេះត្រឡប់មកវិញហើយបញ្ចុះសពព្រះករុណាជាមួយពួកបុព្វបុរសរបស់ព្រះករុណានៅឯក្រុងនៃស្រុកយូដា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។