1នៅពេលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡិមព្រះអង្គបានប្រមូលទាហានពីកុលសម្ពន្ធយូដា និងបេនយ៉ាមីនបានចំនួន ១៨០, ០០០ នាក់សុទ្ធសឹងជាទាហានដែលថ្នឹកច្បាំង ដែលបានជ្រើសរើស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលដើម្បីដណ្តើមរាជាណាចក្រមកវិញ។
2ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖
3«ចូរប្រាប់ព្រះបាទ រេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនជាស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់នៅស្រុកយូដានិងបេនយ៉ាមីនថា៖
4ព្រះអម្ចាស់មានបន្ទូលថា៖ «មិនត្រូវឲ្យអ្នករាល់គ្នា ចេញធ្វើសង្គ្រាមប្រឆាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាត្រូវវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដ្បិត យើងជាអ្នកធ្វើឲ្យហេតុការណ៍នេះបានកើតឡើង»។ ពួកគេក៏ស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ មិនបានច្បាំងជាមួយលោកយេរ៉ូបោមទេ។
5ព្រះបាទរេហូបោមបានគង់នៅក្រុងយេរូសាឡិម ហើយបានសង់ក្រុងដែលមានកំពែងការពារជាច្រើននៅស្រុកយូដា។
6ស្តេចបានសង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7បេតស៊ើរ សូកូ អាឌូឡាម
8កាថ ម៉ារីសា ហ្សីប
9អដូរ៉ាម ឡាគីស អាសេកា
10សូរ៉ា អាយ៉ាឡូន និងហេប្រុន។ នេះជាក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងបេនយ៉ាមីន។
11ស្តេចបានពង្រឹងបន្ទាយ និងដាក់មេបញ្ជាការត្រួតត្រាលើទីនោះ ព្រមទាំងមានស្តុកម្ហូប ប្រេងនិងស្រា។
12ស្តេចដាក់ខែល និងលំពែងនៅគ្រប់ក្រុងទាំងប៉ុន្មាន ហើយធ្វើឲ្យក្រុងទាំងនោះកាន់តែរឹងមាំ។ ដូច្នេះ ស្រុកយូដា និងស្រុកបេនយ៉ាមីនជាកម្មសិទ្ធិ និងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
13ពួកបូជាចារ្យ និងពួកលេវីដែលនៅស្រុកអ៊ីស្រាអែលទាំងមូលនាំគ្នាទៅឯព្រះបាទរេហូបោមពីទឹកដីរបស់គេរៀងខ្លួន។
14កុលសម្ព័ន្ធលេវីចាកចេញពីទឹកដី វាលស្មៅ និងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទៅស្រុកយូដា និងក្រុងយេរូសាឡិម ដ្បិត លោកយេរ៉ូបោម និងកូនៗ របស់គាត់បានបណ្តេញពួកគេចេញ ដូច្នេះ ពួកគេមិនអាចបំពេញមុខងារជាបូជាចារ្យថ្វាយព្រះអម្ចាស់បានទៀតឡើយ។
15លោកយេរ៉ូបោមបានតែងតាំងបូជាចារ្យដោយខ្លួនឯងសម្រាប់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងបានសិតរូបពពែឈ្មោល និងរូបកូនគោផងដែរ។
16ប្រជាជនមកពីគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលនាំគ្នាមកថ្វាយបង្គំរូបទាំងនោះ ចំណែក អស់អ្នកដែលមានចិត្តចង់ស្វែងរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពួកគេមកក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះនៃដូនតារបស់គេ។
17ពួកគេបានពង្រឹងរាជាណាចក្រយូដា និងធ្វើឲ្យរាជ្យព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនរឹងមាំអស់រយៈពេលបីឆ្នាំ ដ្បិត ក្នុងរយៈពេលបីឆ្នាំនោះ ពួកគេបានប្រព្រឹត្តតាមផ្លូវដ៏ត្រឹមត្រូវរបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
18ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាលៀត ជាបុត្រីរបស់អង្គម្ចាស់យេរីម៉ូត ត្រូវជាបុត្រាព្រះបាទដាវីឌ ព្រមទាំងព្រះនាងអប៊ីហែល ជាកូនស្រីលោកអេលៀប ដែលជាកូនប្រុសរបស់លោកអ៊ីសាយ។
19ព្រះនាងប្រសូតបានបុត្រាបីអង្គ គឺយេអ៊ូស សេម៉ារីយ៉ា និង សាហាំ។
20បន្ទាប់ពី ព្រះនាងម៉ាហាឡាត ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុម។ ព្រះនាងប្រសូតបានអាប៊ីយ៉ា អាតតៃ ស៊ីសា និងសេឡូមីត។
21ព្រះបាទរេហូបោមស្រឡាញ់ព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុមលើសជាងមហេសីឯទៀតៗ និងស្រីស្នំរបស់ព្រះអង្គទាំងអស់ (ដ្បិត ព្រះបាទរេហូបោមមានមហេសីដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ ហើយមានបុត្រាម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ)។
22ព្រះបាទរេហូបោមបានតែងតាំងសម្តេចអប៊ីយ៉ាជាបុត្ររបស់ព្រះនាងម៉ាកាឲ្យធ្វើជាមេដឹកនាំក្នុងចំណោមបងប្អូនរបស់គាត់។ ដ្បិត ស្តេចមានគំនិតចង់ឲ្យគាត់ស្នងរាជ្យបន្ត។
23ព្រះបាទរេហូបោមបានគ្រប់គ្រងដោយប្រាជ្ញា។ ព្រះករុណាបានចាត់បុត្រាឯទៀតៗទាំងអស់ទៅនៅទូទាំងស្រុកយូដា និងបេនយ៉ាមីនក្នុងក្រុងដែលមានកំពែងរឹងមាំ។ ស្តេចក៏បានផ្តល់អាហារដល់ពួកគេយ៉ាងបរិបូរហើយរកប្រពន្ធជាច្រើនសម្រាប់ពួកគេ។