ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលរាជព្រះបាទរេហូបោមបានរឹងមាំហើយស្តេចមានកម្លាំងខ្លាំងក្លា នោះស្តេចក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយជនជាតិអ៊ីស្រាអែលទាំងមូលក៏ប្រព្រឹត្តតាមស្តេចដែរ។
2នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ស្តេចស៊ីសាកជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិមព្រោះប្រជាជនបានក្បត់នឹងព្រះអម្ចាស់។
3ស្តេចយាងមកជាមួយរទេះចម្បាំងចំនួនមួយពាន់ពីររយពលសេះប្រាំមួយម៉ឺននាក់ និងពលទាហានយ៉ាងច្រើនសន្ធឹកបានមកជាមួយព្រះអង្គគឺពីប្រទេសអេស៊ីប ស្រុកលីប៊ី ស្រុកស៊ូកគីនិងស្រុកអេត្យូពី។
4ស្តេចបានយកក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដាហើយបានមកដល់ក្រុងយេរូសាឡិម។
5ពេលនោះ ព្យាការីសេម៉ាយ៉ាបានមកជួបព្រះបាទរេហូបោម និងមេដឹកនាំស្រុកយូដាដែលបានប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិម ព្រោះតែព្រះបាទស៊ីសាកឡោមព័ទ្ធ។ លោកសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាបានបោះបង់ចោលយើង ដូច្នេះ យើងក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសាកដែរ»។
6ពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល និងស្តេចបានបន្ទាបខ្លួនហើយទូលថា៖ «ព្រះអម្ចាស់ពិតជាសុចរិត»។
7ពេលព្រះអម្ចាស់ឃើញថា ពួកគេបន្ទាបខ្លួនរបស់គេនៅចំពោះទ្រង់ នោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសេម៉ាយ៉ាថា៖ «ពួកគេបានបន្ទាបខ្លួន ដូច្នេះ យើងនឹងមិនបំផ្លាញពួកគេទេ យើងនឹងសង្គ្រោះពួកគេចេញពីដៃស៊ីសាក់ហើយកំហឹងរបស់យើងក៏នឹងមិនហូរមកលើក្រុងយេរូសាឡិមដែរ។
8ទោះយ៉ាងណាពួកគេនឹងត្រូវចំណុះហើយធ្វើជាអ្នកបម្រើស៊ីសាក់ ដើម្បីឲ្យពួកគេយល់ថាការបម្រើយើងនិងបម្រើស្តេចប្រទេសដទៃខុសគ្នាយ៉ាងណា»។
9ដូច្នេះ ព្រះបាទស៊ីសាក់ជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់និងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ស្តេច។ ស្តេចបានយកអ្វីគ្រប់យ៉ាងទៅ ព្រមខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។
10ព្រះបាទរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់វាទៅក្នុងកណ្តាប់ដៃរបស់មេទ័ពដែលយាមទ្វារចូលព្រះដំណាក់។
11គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះអមដំណើរទៅ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​ពួកអ្នកយាមវិញ។
12ពេលព្រះបាទរេហូបោមបន្ទាបខ្លួននោះ ព្រះពិរោធរបស់ព្រះអម្ចាស់ងាកចេញពីព្រះអង្គដើម្បីមិនបំផ្លាញគេទាំងស្រុង។ ក្រៅពីនេះនៅមានការល្អខ្លះទៀតដែលត្រូវបានរកឃើញនៅស្រុកយូដា។
13ដូច្នេះ ព្រះបាទរេហូបោមបានពង្រឹងអំណាចនៅក្រុងយេរូសាឡិម ហើយស្តេចឡើងសោយរាជ្យ។ ព្រះបាទរេហូបោមមានអាយុសែសិបមួយឆ្នាំនៅពេលដែលទ្រង់ឡើងសោយរាជ្យ ហើយសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដើម្បីព្រះនាមព្រះអង្គនៅទីនោះ។ ព្រះមាតារបស់ស្តេចព្រះនាមណាអាម៉ា ជាជនជាតិអាំម៉ូន
14ស្តេចបានប្រព្រឹត្ដអំពើអាក្រក់ ព្រោះទ្រង់គ្មានចិត្តចង់ស្វែងរកព្រះអម្ចាស់ទេ។
15ចំពោះរាជកិច្ច និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទរេហូបោមគឺតាំងពីមុន និងចុងក្រោយ តើគេមិនបានសរសេរក្នុងសំណេររបស់ព្យាការីសេម៉ាយ៉ា និងអ៊ីដដូជាអ្នកមើលដែលមានកំណត់ហេតុអំពីពង្សប្រវត្តិ និងសង្គ្រាមរវាងព្រះបាទរេហូបោម និងលោកយេរ៉ូបោមទេឬអី?
16ព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។