ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទរេហូបោមបានយាងទៅស៊ីគែមព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកស៊ីគែម ដើម្បីចាក់ប្រេងអភិសេកស្តេច។
2លោកយេរ៉ូបោមជាកូនរបស់លោកនេបាតបានឮដំណឹងនេះ (ដ្បិត គាត់នៅស្រុកអេស៊ីបជាកន្លែងដែលគាត់បានរត់គេចពីព្រះភក្រ្តស្តេចសាឡូម៉ូន ហើយបានត្រឡប់មកវិញ)។
3ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមក ពួកគេទូលព្រះបាទ​រេហូ​បោម​ថា៖
4«បិតារបស់ព្រះករុណាបានធ្វើឲ្យនឹមរបស់យើងពិបាក។ ឥឡូវនេះ សូមធ្វើឲ្យការលំបាករបស់បិតារបស់ព្រះករុណបានស្រួលវិញ ហើយសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់លើយើងនោះយើងនឹងបម្រើព្រះករុណា»។
5ព្រះ‌បាទរេហូបោមមានរាជឱង្ការ​ថា៖ «សូមមករកខ្ញុំម្តងទៀតបន្ទាប់ពីបីថ្ងៃក្រោយ»។ ដូច្នេះ ប្រជាជនក៏ចាកចេញទៅ។
6ព្រះបាទរេហូបោមបានប្រឹក្សាជាមួយពួកព្រឹទ្ធាចារ្យដែលបានឈរនៅចំពោះព្រះភក្ត្រព្រះបាទសាឡូម៉ូនជាបិតាកាលទ្រង់នៅមានព្រះជន្ម។ ទ្រង់បានមានរាជឱង្ការថា៖ «តើអស់លោកអាចណែនាំយើងឲ្យនាំចម្លើយដល់ប្រជាជនទាំងនេះដោយរបៀបណា?»។
7ពួកគេទូលស្តេចថា៖ «បើព្រះករុណាធ្វើល្អចំពោះប្រជាជននេះហើយធ្វើឲ្យពួកគេពេញចិត្តដោយបន្ទូលល្អៗពួកគេនឹងធ្វើជាអ្នកបម្រើរបស់ព្រះករុណាជានិច្ច»។
8ប៉ុន្តែ ព្រះបាទរេហូបោមបានបដិសេធយោបល់របស់ពួកព្រឹទ្ធាចារ្យ ហើយបានទៅស្វែងរកយោបល់ពីពួកយុវជនដែលធំឡើងពីវ័យកុមារជាមួយទ្រង់ដែលឈរនៅចំពោះទ្រង់។
9ស្តេចមានរាជឱង្ការទៅគេថា៖ «តើអ្នករាល់គ្នាមានយោបល់អ្វីមកយើង ដើម្បីឲ្យយើងឆ្លើយនឹងអស់អ្នកដែលនិយាយមកយើងថា៖ «សូមសម្រាលនឹមដែលព្រះបិតារបស់ព្រះករុណាដាក់លើយើងរាល់គ្នាផង?»។
10ពួកយុវជនដែលបានធំធាត់ជាមួយព្រះបាទរេហូបោមបានទូលទៅកាន់ព្រះករុណាថា៖ «នេះជារបៀបដែលព្រះករុណាគួរតែមានបន្ទូលទៅកាន់ប្រជាជនដែលបានទូលទ្រង់ថា ព្រះបាទសាឡូម៉ូនដែលជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើគេ ប៉ុន្តែ សូមឲ្យព្រះករុណាធ្វើឲ្យវាស្រាលជាងនេះ។ ចូរប្រាប់ពួកគេថា ម្រាមកូនដៃរបស់យើងធំជាងភ្លៅបិតាយើងទៅទៀត។
11ទោះបី បិតាយើងដាក់បន្ទុកលើអ្នកយ៉ាងធ្ងន់ក៏ដោយយើងនឹងបន្ថែមនឹមរបស់អ្នករាល់គ្នាទៀត បិតាយើងដាក់ទោសអ្នករាល់គ្នាដោយរំពាត់ តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្យាដំរីវិញ»។
12ដូច្នេះ នៅថ្ងៃទីបីលោកយេរ៉ូបោម និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលមករកព្រះបាទរេហូបោមដូចស្តេចមានរាជឱង្ការថា៖ «សូមវិលមករកយើងវិញនៅថ្ងៃទីបី»។
13ព្រះបាទរេហូបោមបានមានរាជឱង្ការជាមួយពួកគេយ៉ាងធ្ងន់ៗមិនអើពើនឹងឱវាទរបស់ពួកព្រឹទ្ធាចារ្យឡើយ។
14ព្រះអង្គមានរាជឱង្ការទៅកាន់ពួកគេតាមយោបល់របស់ពួកយុវជនជំនិតទ្រង់ថា៖ «បិតាយើងដាក់បន្ទុកយ៉ាងធ្ងន់លើអ្នករាល់គ្នា ប៉ុន្តែ យើងនឹងបន្ថែមបន្ទុករបស់អ្នករាល់គ្នា បិតាយើងដាក់ទោសអ្នករាល់ដោយរំពាត់ តែយើងនឹងដាក់ទោសអ្នកដោយខ្យាដំរីវិញ»។
15ដូច្នេះ ស្តេចមិនស្តាប់ប្រជាជនទេព្រោះព្រះជាម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោក​អហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូបានមានប្រសាសន៍ជាមួយលោកយេរ៉ូបោមជាកូនរបស់លោកនេបាត។
16ជនជាតិអ៊ីស្រាអែលទាំងមូលឃើញថាស្តេចមិនស្តាប់ពួកគេទេ ប្រជាជននាំគ្នាទូលស្តេចថា៖ «តើយើងមានចំណែកអ្វីខ្លះជាមួយព្រះបាទដាវីឌ? យើងពុំមានកេរមតកអ្វីពីកូនរបស់លោកអ៊ីសាយទេ! អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ! ឥឡូវនេះ ពូជពង្សរបស់ព្រះបាតដាវីឌអើយ! ចូរថែរក្សាខ្លួនឯងចុះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាវិលត្រឡប់ទៅជំរំរបស់គេវិញ។
17ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលដែលរស់នៅតាមក្រុងនានាក្នុងស្រុកយូដាវិញ ព្រះបាទរេហូបោមសោយរាជ្យលើពួកគេ។
18ព្រះបាទរេហូបោមបានចាត់លោកអាដូនីរ៉ាមដែលជាអ្នកមើលការខុសត្រូវលើការកំណែនប្រជាជនឲ្យទៅឯកុលសម្ព័ន្ធអ៊ីស្រាអែល ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមបានឡើងរទេះភៀសខ្លួនយ៉ាងលឿនទៅក្រុងយេរូសាឡិមវិញ។
19ជនជាតិអ៊ីស្រាអែលបះបោរប្រឆាំងនឹងពូជពង្សដាវីឌរហូតមកដល់សព្វថ្ងៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។