ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ធីម៉ូថេ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1កុំស្តីបន្ទោសមនុស្សចាស់អី។ គួរតែដាស់តឿនគាត់ប្រៀបដូចជាឪពុកវិញ។ ត្រូវដាស់តឿនពួកក្មេងប្រៀបដូចជាបងប្អូនវិញ។
2ត្រូវដាស់តឿនស្រ្តីចាស់ៗប្រៀបដូចជាម្តាយ និងស្រ្តីក្មេងៗប្រៀបដូចបងប្អូនស្រី ដោយសេចក្តីបរិសុទ្ធគ្រប់យ៉ាង។
3ត្រូវគោរពស្រ្តីមេម៉ាយ ដែលជាស្ត្រីមេម៉ាយពិតប្រាកដ។
4ប៉ុន្តែប្រសិនបើ ស្រ្តីមេម៉ាយនោះមានកូន ឬមានចៅ ត្រូវឲ្យពួកគេរៀនលើកកិត្តិយសគ្រួសារពួកគេ។ ចូរឲ្យពួកគេសងគុណឪពុកម្តាយរបស់ពួកគេ ព្រោះការបែបនេះ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់។
5ប៉ុន្តែ ចំពោះស្រ្តីមេម៉ាយពិតប្រាកដ ដែលរស់នៅម្នាក់ឯង ស្រ្តីនោះនឹងទុកចិត្តលើព្រះជាម្ចាស់។ នាងតែងតែនៅជាប់ក្នុងការទូលអង្វរ ហើយនិងការអធិស្ឋានទាំងយប់ទាំងថ្ងៃផង។
6យ៉ាងណាក៏ដោយ ចំពោះស្រ្តីដែលរស់នៅគិតតែត្រេកត្រអាល ស្រ្តីនោះប្រៀបបីដូចជាស្លាប់ ទោះបីជានាងនៅរស់ក៏ដោយ។
7ចូរប្រកាសប្រាប់សេចក្តីទាំងនេះ ដើម្បីកុំឲ្យពួកនាងមានកន្លែងបន្ទោសបាន។
8ប៉ុន្តែប្រសិនបើ នរណាម្នាក់មិនបានគិតគូរដល់សាច់ញ្ញាតិរបស់ខ្លួន ជាពិសេសសម្រាប់អ្នកដែលមិនគិតគូរដល់អ្នកផ្ទះរបស់ខ្លួនទេ​ អ្នកនោះបានបដិសេធជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអស់អ្នកដែលមិនជឿទាន់ទៅទៀត។
9ស្រ្តីដែលត្រូវបានរាប់បញ្ជូលទៅក្នុងបញ្ជីស្រ្តីមេម៉ាយ គឺជាស្រ្តីដែលមានអាយុមិនក្រោមហុកសិបឆ្នាំឡើយ ហើយធ្លាប់មានប្តីតែមួយ។
10នាងត្រូវតែដឹងពីអំពើល្អ មិនថាត្រូវចេះរក្សាកូនចៅ ទទួលរាក់ទាក់ភ្ញៀវ ឬធ្វើការលាងជើងដល់អ្នកជឿ ឬជួយសម្រាលទុក្ខលំបាកអ្នកដទៃ ឬប្តូរផ្តាច់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។
11ប៉ុន្តែ សម្រាប់ស្រ្តីុមេម៉ាយដែលមានអាយុក្មេងវិញ កុំចុះឈ្មោះពួកនាងនៅក្នុងបញ្ជីឡើយ។​ ព្រោះពួកនាងនឹងធ្វើខ្លួនប្រឆាំងព្រះគ្រិស្ត ពួកនាងចង់រៀបការម្តងទៀត។
12បើធ្វើដូច្នេះមែន ពួកនាងនឹងជាប់ទោស ពីព្រោះពួកនាងបដិសេធសេចក្តីសន្យាពីមុនមក។
13ពួកនាងនឹងមានទម្លាប់ខ្ជិលច្រអូស។ ពួកនាងដើរពីផ្ទះមួយទៅផ្ទះមួយទៀត។ មិនត្រឹមតែក្លាយជាមនុស្សខ្ជិលច្រអូសនោះទេ ប៉ុន្តែ ពួកនាងក៏ក្លាយជាអ្នកនិយាយរអេចរអូច ហើយចេះដឹងនិយាយដើមអ្នកដទៃ។ ពួកនាងនិយាយរឿងដែលពួកនាងមិនត្រូវនិយាយ។
14ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យស្រ្តីមេម៉ាយក្មេងៗបានរៀបការម្តងទៀត បង្កើតកូនចៅ និងគ្រប់គ្រងផ្ទះសម្បែង ដើម្បីកុំឲ្យពួកប្រឆាំងមាន​ឱកាសក្នុងការទាស់ប្រឆាំងចំពោះពួកនាងឡើយ។
15ដោយសារតែមានពួកស្រ្តីខ្លះបានបែរត្រឡប់ទៅរកសាតាំងរួចមកហើយ។
16ប្រសិនបើមានអ្នកជឿជាស្ត្រីមេម៉ាយ ចូរឲ្យនាងជួយពួកគេផង ដូច្នេះ ក្រុមជំនុំនឹងមិនមានបន្ទុកធ្ងន់ពេក ហើយអាចជួយដល់ស្ត្រីមេម៉ាយពិតប្រាកដបាន។
17ចូរឲ្យពួកចាស់ទុំដែលដឹកនាំក្រុមជំនុំបានល្អ ត្រូវលើកតម្កើងគាត់មួយទ្វេជាពីរ ជាពិសេសសម្រាប់អ្នកដែលធ្វើការជាមួយនឹងព្រះបន្ទូល និងការបង្រៀន។
18ដ្បិតមានបទគម្ពីរបានចែងទុកមកថា៖ «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «កម្មករស័ក្តិសមនឹងបានទទួលប្រាក់ឈ្នួលរបស់គេ»។
19កុំទទួលពាក្យចោទប្រកាន់ ដែលទាស់នឹងពួកចាស់ទុំឡើយ លុះត្រាតែមានសាក្សីពីរ ឬបីនាក់។
20ចូរដាស់តឿនអ្នកប្រព្រឹត្តអំពើបាប នៅចំពោះមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមាននសេចក្តីកោតខ្លាច។
21ខ្ញុំសូមបង្គាប់អ្នកនៅមុខព្រះជាម្ចាស់ ហើយនៅមុខព្រះគ្រិស្តយេស៊ូ ព្រមទាំងចំពោះមុខទេវតាដែលបានជ្រើសតាំងថា ចូរអ្នករក្សាសេចក្តីបង្គាប់នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ។​
22កុំប្រញាប់ដាក់ដៃលើនរណាម្នាក់ឡើយ។ កុំនាំអំពើបាបទៅដល់មនុស្សផ្សេងទៀតដែរ។ អ្នកត្រូវតែរក្សាខ្លួនឯងឲ្យបានស្អាតបរិសុទ្ធ។
23អ្នកមិនគួរពិសារទឹករហូតទេ។ ផ្ទុយទៅវិញ អ្នកគួរតែពិសារស្រាខ្លះផងដើម្បីជួយសម្រួលក្រពះ ដោយសារអ្នកមានជំងឺញឹកញាប់ពេក។
24អំពើបាបរបស់មនុស្សខ្លះត្រូវបើកបង្ហាញ ហើយលេចមកមុនពេលការវិនិច្ឆ័យទោស។ ប៉ុន្តែ អំពើបាបខ្លះនឹងលេចមកនៅពេលក្រោយទៀត។​
25ដូចគ្នានេះដែរ អំពើល្អខ្លះត្រូវបានបើកបង្ហាញ ប៉ុន្តែពេលខ្លះក៏នៅតែលាក់កំបាំងដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។