ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ធីម៉ូថេ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ពាក្យនេះគួរឲ្យជឿដែរថា ប្រសិនបើនរណាម្នាក់ចង់ក្លាយជាអភិបាល គាត់មានបំណងធ្វើការល្អ។
2ដូច្នេះ អភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ។ គាត់ត្រូវមានប្រពន្ធតែមួយ។ គាត់ត្រូវមានចិត្តឈរជាកណ្តាល មានកិរិយាមារយាទល្អ រួសរាយរាក់ទាក់។ គាត់អាចបង្រៀនអ្នកដទៃទៀត
3គាត់មិនត្រូវចំណូលស្រា មិនចេះឈ្លោះប្រកែក ក៏មិនចេះរករឿង មានចិត្តសប្បុរស មានចិត្តស្ងប់។ គាត់ត្រូវតែជាមនុស្សមិនស្រឡាញ់ប្រាក់ឡើយ។
4គាត់ត្រូវតែចេះគ្រប់គ្រងគ្រួសាររបស់គាត់ឲ្យបានល្អ ហើយកូនៗរបស់គាត់ត្រូវតែចេះស្តាប់បង្គាប់ ព្រមទាំងលើកកិត្តិយសដល់គាត់ដែរ។
5ប្រសិនបើគាត់មិនដឹងពីរបៀបគ្រប់គ្រងគ្រួសាររបស់គាត់ផង ធ្វើម្តេចឲ្យគាត់អាចមើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បាន?
6គាត់មិនត្រូវជាអ្នកទើបជឿថ្មីឡើយ ព្រោះគាត់អាចអួតខ្លួន ហើយអាចធ្លាក់ទៅមានទោសដូចជាសាតាំង។
7ម៉្យាងទៀត គាត់ត្រូវតែជាអ្នកមានកេរ្តិ៍ឈ្មោះល្អពីសំណាក់ អ្នកដែលមិនមែនគ្រិស្តបរិស័ទផងដែរ ដូច្នេះ ទើបគាត់មិនធ្លាក់ក្នុងសេចក្តីអាម៉ាស់ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
8ចំណែក អ្នកជំនួយវិញក៏ដូចគ្នាដែរ ត្រូវមានសេចក្តីថ្លៃថ្នូរ មិនចេះនិយាយពាក្យកុហក។ ពួកគេជាមនុស្សមិនចំណូលស្រា ឬជាមនុស្សមិនលោភលន់។
9ពួកគេត្រូវតែបង្ហាញសេចក្តីពិតនៃជំនឿ ដោយមានមនសិការជ្រះថ្លា។
10ពួកគេត្រូវតែមានការទទួលស្គាល់ជាមុនសិន ទើបអាចបម្រើបាន ព្រោះពួកគេជាមនុស្សដែលគ្មានកន្លែងបន្ទោសបាន។
11ចំពោះស្រ្តីវិញក៏ដូច្នោះដែរ ត្រូវតែមានសេចក្តីថ្លៃថ្នូរ។ ពួកគេមិនមែនជាមនុស្សដែលជេរប្រមាថទេ។ ពួកគេត្រូវធ្វើជាគំរូ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
12អ្នកជំនួយត្រូវមានប្រពន្ធតែមួយ។ ពួកគេត្រូវតែគ្រប់គ្រងគ្រួសារ និងកូនចៅរបស់ពួកគេឲ្យបានល្អ។
13ចំពោះអ្នកណាដែលធ្វើជាអ្នកជំនួយល្អ នឹងទទួលបានកេរ្តិ៍ឈ្មោះល្អ ហើយមានចិត្តអង់អាចក្នុងជំនឿលើព្រះគ្រិស្តយេស៊ូ។
14ខ្ញុំសរសេរសំបុត្រទាំងនេះទៅអ្នក ដោយខ្ញុំសង្ឃឹមថានឹងបានជួបអ្នកឆាប់ៗ។
15ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវពន្យាពេល សំបុត្រទាំងនេះនឹងអាចជួយអ្នក ត្រូវប្រព្រឹត្តរបៀបណាក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ក្រុមជំនុំនេះជាសសរ ហើយជាគ្រឹះទ្រទ្រង់សេចក្តីពិត។
16យើងត្រូវទទួលស្គាល់ថា សេចក្តីពិតនៃការគោរពព្រះជាម្ចាស់ ដែលទទួលការបើកសម្តែងពិតជាអស្ចារ្យណាស់ គឺថា៖ «ព្រះគ្រិស្តបានបង្ហាញឲ្យយើងឃើញក្នុងលក្ខណៈជាមនុស្ស ព្រះអង្គបានប្រោសព្រះអង្គឲ្យសុចរិតតាមរយៈព្រះវិញ្ញាណ ហើយបានឃើញដោយពួកទេវតា គេប្រកាសពីព្រះអង្គក្នុងចំណោមសាសន៍នានា នៅលើសកលលោកឲ្យបានជឿលើព្រះគ្រិស្ត ហើយព្រះជាម្ចាស់បានលើកព្រះអង្គឡើងពេញដោយសិរីរុងរឿង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។